ជាមួយនឹងការបិទព្រះវិហារអ៊ិស្លាម៤កន្លែងបន្ថែមទៀតធ្វើឲ្យព្រះវិហារអ៊ិស្លាមចាប់តាំងពីខែធ្នូ ឆ្នាំ២០១៥មកទល់ពេលនេះមានជាង២០កន្លែង ត្រូវបានបិទទ្វារដោយសារតែមានទស្សនៈជ្រុលនិយម។
ក្រសួងមហាផ្ទៃបារំាងបានសម្រេចបិទទ្វារព្រះវិហាអ៊ិស្លាម៤កន្លែងនៅទីក្រុង Ile De France ដោយសារតែបានបង្ហាត់ បង្រៀនទស្សនៈ និងទ្រឹស្តីជ្រុលនិយម។
នៅក្នុងការប្រកាសមួយរបស់ក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់ថា ការបិទទ្វារ ព្រះវិហារអ៊ិស្លាម៤កន្លែងខាងលើដោយសារតែមានទស្សនៈផ្ទុយទៅនឹងច្បាប់អនុញ្ញាត។ ការសម្រេចពឹងផ្អែកទៅលើច្បាប់ក្នុងមាត្រាទី៨នៃច្បាប់អាសន្នដើម្បីរារាំងនូវការបញ្ចូលមនោគមន៍វិជ្ជាជ្រុលនិយមជំរុញឲ្យមានការវាយប្រហារភេរវកម្មនៅក្នុងប្រទេសនេះ។
តាមក្រសួងមហាផ្ទៃបារាំង ព្រះវិហារខាងលើតែងតែប្រមូលផ្តុំប្រជុំគ្នាផ្សព្វផ្សាយទស្សនៈផ្ទុយទៅនឹងតម្លៃនៃសាធារណរដ្ឋ ហើយអាចបង្កឲ្យមានការគំរាមកំហែងដល់ សន្តិសុខជាតិ។ ជាក់ស្តែងព្រះវិហារ Al Islah នៅទីក្រុង Villiers Sur Marne ស្ថិតនៅក្នុងខេត្ត Val De Marne ដែលជាទីតាំងបង្ហាត់បង្រៀនដោយអាថ៌កំបាំង។
ទីតាំងខាងលើគឺជាកន្លែងចុះឡើងរបស់ជនល្មើស១២នាក់ដែលបានកាត់ទោសកាលពីខែមេសាកន្លងមកក្រោយពេលចូលរួមនៅក្នុងបណ្តាញជ្រើសរើសក្រុមឧទ្ទាមទៅចូលរួមនៅស៊ីរី។
ខេត្ត Yvelines កន្លែងសក្ការៈ Ecquevilly ក៏ត្រូវបានបិទទ្វារដោយសារតែទីនោះទទួលរងឥទ្ធិពលពីក្រុមអ៊ិស្លាមជ្រុលនិយម Salafist និងអនុវត្តច្បាប់អ៊ិស្លាម តឹងតែងក៏ដូចជាអំពាវនាវឲ្យមានការប្រកាន់ ពូជសាសន៍និងចងគំនុំបង្កអំពើហិង្សាជាដើម។
ខេត្ត Seine Saint Denis ក្នុងពិធីបួងសួងជារៀងរាល់ថ្ងៃសុក្រ ព្រះវិហារ Ar Ravda បានទទួលស្វាគមន៍មនុស្សប្រមាន៦០០នាក់ ក្នុងនោះមានក្រុមឧទ្ទាមស្ថិតនៅក្នុងបញ្ជីតាមដានរបស់បារាំង និងជាអ្នកឡើងគម្រោងវាយប្រហារភេរវកម្មនៅក្នុងប្រទេសនេះ ។ ក្រៅពីនេះនៅមានព្រះវិហារ Masjid Al Fath ដែលជាទីសក្ការៈរបស់ជនជាតិអ៊ិស្លាមនៅទីក្រុង Clichy Sous Bois ក៏ត្រូវបានបិទទ្វារផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី