ក្នុងនាមប្រជាពលរដ្ឋដែលរស់នៅកណ្តាលក្រុងកំពង់ចាមសព្វថ្ងៃនេះខ្ញុំបាទសង្កេត ឃើញថា រថយន្តធំៗហាក់ដូចជាកំពុងកក្រើកក្នុងការចូលចត និងផ្ទេរទំនិញយ៉ាងអនាធិបតេយ្យតាមដងផ្លូវកណ្តាលក្រុងកំពង់ចាម ។ ដោយសារបញ្ហានេះទើបធ្វើឲ្យផ្លូវមួយ ចំនួនរងការខូចខាត ជាពិសេសបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សាធារណៈ និងការរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។
តាមការប៉ាន់ប្រមាណរបស់ខ្ញុំបាទ មានផ្លូវជិត២០ខ្សែបានរងការខូចខាត ជាក់ស្តែង ផ្លូវកៅស៊ូមួយខ្សែប្រវែងជាង១គីឡូម៉ែត្រដែលនៅនឹងមុខផ្ទះរបស់ខ្ញុំបាទ ស្ថិតក្នុងភូមិ បឹងកុកទី២ សង្កាត់បឹងកុក ដោយសារស្ថានភាពផ្លូវចាក់ស្តើងសុីក្រាស់ និងរថយន្ត ដឹកទំនិញធំៗផងនោះ ទើបធ្វើឲ្យផ្លូវមួយខ្សែនេះរងការខូចខាតជាបណ្តើរៗនៅក្នុងរដូវ វស្សានេះ ។ ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះក៏ដូចជាគ្រួសារខ្ញុំបាទមើលឃើញ ថា អាជ្ញាធរហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះករណីរថយន្តធំៗដែលកំពុងបំផ្លាញផ្លូវ ច្រើនខ្សែនៅក្រុងកំពង់ចាមនោះឡើយ ។
បើតាមខ្ញុំឮអាជ្ញាធរក្រុងបានបង្កើតគណៈកម្មការដើម្បីទប់ស្កាត់រថយន្តធំមិនឲ្យចូល ក្រុងនោះដែរ ។ ប៉ុន្តែជាក់ស្តែងរថយន្តធំៗផ្ទុកទំនិញរាប់សិបតោននៅតែបំពានបម្រាម របស់អាជ្ញាធរក្រុងដដែល ។ អ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋដែលមានលំនៅឋានតាម ដងផ្លូវខូចខាតទាំងនោះត្រូវជួបប្រទះនឹងការលំបាកក្នុងការធ្វើដំណើរ ឬក៏ជួបនឹងគ្រោះ ថ្នាក់ជាដើម ។ ជួនកាលក្មេងៗត្រូវធ្វើដំណើរទៅសាលារៀន ប៉ុន្តែត្រូវដួលកង់ម៉ូតូ ហើយ ត្រូវត្រឡប់មកផ្ទះវិញ ។ ករណីបែបនេះបានកើតឡើងជាញឹកញាប់ ប៉ុន្តែសួរថា បើ គ្រាន់តែជិះកង់ ឬម៉ូតូដួលខ្លួនឯងត្រូវទៅប្តឹងអាជ្ញាធរដែរឬ? ផ្ទុយទៅវិញអាជ្ញាធរត្រូវ ដឹងអំពីការលំបាករបស់ប្រជាពលរដ្ឋលើករណីផ្លូវដែលខូចខាតទាំងនេះ ។
បើតាមខ្ញុំដឹងខ្លះៗពីសមត្ថកិច្ចក្រុងកំពង់ចាមបង្ហើបថា រថយន្តដឹកទំនិញលើសទម្ងន់ រាប់សិបតោនចូលកណ្តាលក្រុងកំពង់ចាមចតសម្ញែងលើទ្រូងផ្លូវបាននោះគឺដោយសារ តែការត្រូវរ៉ូវគ្នាជាមួយគណៈកម្មការទប់ស្កាត់រថយន្តធំៗមិនឲ្យចូលក្រុងនោះដែរ។ ក្រៅ ពីនោះក៏មានការខ្សឹបខ្សៀវគ្នារវាងក្រុមហ៊ុនរថយន្តដឹកទំនិញធំៗផ្ទុកលើសទម្ងន់ជាមួយ អាជ្ញាធរក្រុងកំពង់ចាមនោះដែរ ។ យ៉ាងណាក៏ដោយគេរំពឹងថា រថយន្តដឹកទំនិញធំៗផ្ទុកលើសទម្ងន់អាចនឹងលែងមានធ្វើចរាចរណ៍នៅកណ្តាលក្រុងកំពង់ចាមទៀតហើយ។
យ៉ាងណាក៏ដោយយើងខ្ញុំរំពឹងថា នៅរដូវប្រាំងខាងមុខនេះអាជ្ញាធរក៏ដូចជាមន្ទីរ ជំនាញនឹងជួសជុលផ្លូវដែលរងការខូចខាតទាំងអម្បាលម៉ាននៅកណ្តាលក្រុងកំពង់ ចាមឲ្យបានល្អប្រសើរឡើងវិញជាមិនខាន ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់