កម្លាំងទាហានជើងទឹករុស្ស៊ីបានបញ្ជូននាវាចម្បាំងបំពាក់កាំជ្រួចមីស៊ីលទំនើប បំផុតរបស់ខ្លួនប្រភេទ Grigorovich និង កាំជ្រួចមីស៊ីល Kalibr ដើម្បីទៅជួយដល់នាវាផ្ទុកយន្តហោះរបស់ខ្លួននៅក្នុងប្រទេស ស៊ីរី។
នាវាបំពាក់កាំជ្រួចមីស៊ីល Grigorovich បានចាកចេញពីកំពង់ផែ Sevastopo ទៅកាន់ប្រទេសស៊ីរី។ តួនាទីរបស់នាវា ខាងលើគឺជួយដល់នាវាផ្ទុកយន្តហោះ Kuznetsov ដែលកំពុងតែធ្វើសកម្មភាពនៅតំបន់សមុទ្រប្រទេសស៊ីរី។
នេះជានាវាចម្បាំងទំនើបដំបូងក្នុង ចំណោមនាវាចម្បាំង៦គ្រឿង ទំនើបបំផុត របស់ទាហានជើងទឹករុស្ស៊ីនាពេលបច្ចុប្បន្ន។ នាវាខាងលើផលិតឡើងដើម្បីប្រឆាំងទៅនឹងនាវាសត្រូវទាំងនាវាមុជទឹក និងការពារ ដែនអាកាសផងដែរ។ នាវាខាងលើអាច បំពេញការងារដោយឯករាជ្យ។
នាវានេះមានប្រវែង១២៤ម៉ែត្រទន្ទឹង ១៥ម៉ែត្រមានចំណុះជាង៤ពាន់តោន។ អាវុធចម្បងនៅក្នុងនាវានេះមានកាំជ្រួច មីស៊ីលឆ្លងទ្វីប៨ដើមប្រភេទ Kalibr NK ដែលបាញ់បានចម្ងាយពី១.៥០០គីឡូម៉ែត្រ ដល់២.៥០០គីឡូម៉ែត្រ។ ក្រៅពីនេះនៅមានកាំជ្រួចមីស៊ីលការពារដែនអាកាស ប្រភេទ 3S90M Shtil-1 ២៤ដើមផងដែរ។
រុស្ស៊ីកំពុងតែរកគ្រប់វិធីសាស្ត្រដើម្បី បង្កើនវត្តមានរបស់កម្លាំងទាហានជើងទឹកនៅតំបន់សមុទ្រមេឌីទែរ៉ាណេ។ កន្លងមករដ្ឋាភិបាលទីក្រុងមូស្គូបានបញ្ជូនក្រុមនាវាផ្ទុកយន្តហោះទៅកាន់សមុទ្រស៊ីរីដើម្បីបើក ការវាយប្រហារទៅលើក្រុមភេរវកម្មIS ។
កន្លងមករដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានប្រកាសពីគម្រោងបង្កើតទីតាំងយោធានៅកំពង់ផែ TarTus របស់ស៊ីរី ហើយនៅ ទីនោះគឺជាទីតាំងតែមួយគត់របស់ទាហានជើងទឹករុស្ស៊ីប្រចាំនៅសមុទ្រមេឌីទែរ៉ាណេ៕
ប្រែសម្រួល៖ ម៉ែវ សាធី