ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ដោយសារបើករថយន្តបុកបារ៉ាស់សុវត្ថិភាពផ្លូវ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារបើករថយន្តដឹកម៉ាស៊ីនច្រូតស្រូវបានបុកបារ៉ាស់ដែកសុវត្ថិភាពផ្លូវថ្នល់ កាលពីព្រឹកព្រលឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ចំណុចបារ៉ាស់ដែកសុវត្ថិភាពផ្លូវ ស្ថិតក្នុងភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចស្រុកបាកានបានឱ្យដឹងថា មានរថយន្តចំណុះ ២តោនកន្លះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-2298  (ដឹកម៉ាស៊ីនច្រូតស្រូវ) បើកបរដោយឈ្មោះ ឈិន រ៉ាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ-ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបុកបារ៉ាស់ដែកសុវត្ថិភាពផ្លូវ បណ្ដាលឱ្យរលើងទាំងគ្រឹះ និងអូសបារ៉ាស់ដែកតាមរថយន្ត ព្រមទាំងស្លាប់បុរសម្នាក់ភ្លាមៗនៅនឹងកន្លែង និងអ្នករួមដំណើរម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ ខណៈពួកគេកំពុងអង្គុយនៅក្នុងកាប៊ីនម៉ាស៊ីនច្រូតស្រូវនៅលើរថយន្តបង្ក ។

ប្រភពបន្តថា ជនរងគ្រោះស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ងួន ម៉ើយ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិក្រាំងរំដេង ឃុំក្រាំងស្បូង ស្រុកឈូក ខេត្តកំពត (ជាអ្នកបើកបរម៉ាស៊ីនច្រូតស្រូវ) និងអ្នករួមដំណើរម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានគេបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ឈ្មោះ ប៉ាង វៃ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។

ប្រភពដដែលបន្តទៀតថា វត្ថុតាងរថយន្តដឹកម៉ាស៊ីនច្រូតស្រូវបង្ក ត្រូវបានសមត្ថកិច្ចនគរបាលយកមករក្សាទុកជាបណ្ដោះអាសន្នដើម្បីបញ្ជូនបន្តមកនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រងចាំធ្វើការវាស់វែងដោះស្រាយគ្នាជាក្រោយតាមនីតិវិធី ខណៈរថយន្តបង្កខាងលើធ្វើឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងបណ្ដាលឱ្យមានមនុស្សរងរបួស និងស្លាប់ ៕

photo_2016-10-31_01-33-31 photo_2016-10-31_01-33-47 photo_2016-10-31_01-01-15 photo_2016-10-31_01-33-38 photo_2016-10-31_01-01-00

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print