ភ្នំពេញ៖ ទីបំផុតកីឡាករ ឈុន បញ្ញា មកពីក្លិបរ៉ាហាប់ស្វាយប៉ាកទទួលបានពាន រង្វាន់ជើងឯក TIFFY SUPER FIGHT ទម្ងន់៥៤គីឡូក្រាមតាមរយៈការប្តូរកណ្តាប់ជាមួយកីឡាករ លីន វិបុល មកពីក្លិប បុរីរាជសីហ៍មានប្ញទ្ធិនៅក្នុ្ងងវគ្គផ្តាច់ព្រ័ត្រ។ ចំណែកកីឡាករស្រៀង ទិតធិ មកពីក្លិប សម្បត្តិគុនខ្មែរទទួលបានចំណាត់ថ្នាក់ លេខ៣បន្ទាប់ពីវាយឈ្នះពិន្ទុកីឡាករមាឃ សុវណ្ណារ៉ា មកពីក្លិបរាជសីហ៍ខេត្ត រតនគិរីកាលពីល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៦នៅសង្វៀន TIFFY ARENA ។
ជំនួបប្រកួតផ្តាច់ព្រ័ត្ររវាងកីឡាករ ឈុន បញ្ញា នឹង កីឡាកលីន វិបុលនោះពិតជាធ្វើឲ្យទស្សនិកជនមានអារម្មណ៍រន្ធត់មែន ព្រោះសកម្មភាពប្រកួត៣ទឹកនោះ ពួកគេវាយសន្ធាប់គ្នារហូត ។ ការប្រកួតនេះកីឡាករទាំង២នាក់បានប្រើគ្រប់វិធី សាស្ត្រដើម្បីផ្តួលគ្នាទៅវិញទៅមក។ ប៉ុន្តែយុទ្ធវិធីវាយសម្រុករបស់កីឡាករ ឈុន បញ្ញា មានលក្ខណៈច្បាស់និងចំគោលដៅបានល្អច្រើនជាងលីន វិបុល ព្រោះបញ្ញា មានបទពិសោធន៍នៅលើសង្វៀនច្រើន និងមានភាពរហ័សរហួនធ្វើឲ្យវិបុលពិបាកក្នុងការតាមវាយ ។
ចុងក្រោយលោកអាជ្ញាកណ្តាលលើក ដៃ ឈុន បញ្ញា ឲ្យទទួលជ័យជម្នះលើលីន វិបុល ដោយបញ្ញាទទួលបានតំណែងជា ម្ចាស់ជើងឯក TIFFY SUPER FIGHT ទម្ងន់៥៤គីឡូក្រាមអមជាមួយប្រាក់រង្វាន់ចំនួន៤ពាន់ដុល្លារ និងពានធំ១, កីឡាករ លីន វិបុលទទួលបានចំណាត់ថ្នាក់លេខ២ អមដោយថវិកាចំនួន២ពាន់ដុលា្លរ និង ពាន១ចំណាត់ថ្នាក់លេខ៣កីឡាករ ស្រៀង ទិតធិ ទទួលបានថវិកាចំនួន៧៥០ដុល្លារ និងពាន១និងកីឡាករ មាឃ សុវណ្ណារ៉ា ទទួលបានចំណាត់ថ្នាក់លេខ៤ទទួលបានថវិកាចំនួន៥០០ដុល្លារ។
គួររំលឹកថា ការប្រកួតកីឡាប្រដាល់ ក្បាច់គុនបុរាណខ្មែរលក្ខណៈម៉ារ៉ាតុនរបស់ស្ថានីយទូរទូស្សន៍ប៉ុស្តិ៍លេខ៥ នេះមាន កីឡាករចូលរួមប្រកួតចំនួន៣២នាក់មក ពីគ្រប់ខេត្តទូទាំងប្រទេស ប៉ុន្តែកម្មវិធីនេះត្រូវផ្លាស់ប្តូរពីថ្ងៃអាទិត្យជំនួសវិញនៅថ្ងៃសៅរ៍ ចាប់ពីសប្តាហ៍ទី២នៃខែវិច្ឆិកាឆ្នាំ ២០១៦មកនេះបើយោងតាមការឲ្យដឹងពីសំណាក់លោក សេង កដិកាអ្នកគ្រប់គ្រង់កម្មវិធីប្រដាល់សង្វៀនខាងលើ៕
ដោយ៖ សារីម