កាលពីថ្ងៃទី៤ ខែវិច្ឆិកា ប្រធានាធិបតី កូរ៉េខាងត្បូងបានថ្លែងសុន្ទរកថា មួយដោយ លោកស្រីបានលើកឡើងថា បេះដូងរបស់ លោកស្រី «ខ្ទេចខ្ទាំ» ដោយសារតែវិបត្តិ នយោបាយពាក់ព័ន្ធនឹងមិត្តភក្តិជិតស្និទ្ធ Chok Soon Sil ។
សារព័ត៌មានរ៉យទ័របានផ្សាយថា លោក ស្រី ផាក គឿនហេ បានប្រកាសថា លោកស្រីនឹងសហការជាមួយតុលាការក្នុងការស្រាវជ្រាវពាក់ព័ន្ធនឹងរឿងអាស្រូវនយោបាយធ្វើឲ្យពលរដ្ឋព្រួយបារម្ភនាពេលកន្លង មក។
ហេតុការណ៍ខាងលើបានធ្វើឲ្យការងារនយោបាយរបស់លោកស្រីប្រឈម នឹង បញ្ហាយ៉ាងខ្លាំង ហើយកិត្តិយសរបស់លោក ស្រីក៏បានធ្លាក់ចុះផងដែរ។ ពលរដ្ឋកូរ៉េខាង ត្បូងបាត់បង់ទំនុកចិត្តលើលោកស្រីដោយពេលនេះនៅមានពលរដ្ឋតែ៥ភាគរយ ប៉ុណ្ណោះគាំទ្រលោកស្រីគឺថយចុះ១២ភាគរយបើប្រៀបធៀបនឹងសប្តាហ៍មុននេះ។
លោកស្រី ផាក គឿនហេ មានប្រសាសន៍ ថា «ជាការពិតវាពិបាកក្នុងការលើកលែងទោសឲ្យខ្ញុំជារៀងរាល់យប់ខ្ញុំដេកមិនលក់ឡើយដោយសារតែរឿងរ៉ាវទាំងនោះ»។
នៅពេលនេះលោកស្រី ផាក គឿនហេ ប្រឈមនឹងការវាយប្រហារយ៉ាងខ្លាំងពី មហាជន និងគណបក្សប្រឆាំងដោយបានទាមទារឲ្យលោកស្រីចុះចេញពីតំណែង។ នៅកូរ៉េខាងត្បូងមិនទាន់មានប្រធានាធិបតី រូបណាមួយចុះចេញពីតំណែងនៅពេលមិន ទាន់ផុតអាណត្តិនោះឡើយ។
រឿងអាស្រូវនយោបាយបានធ្វើឲ្យតម្លៃប្រាក់វន់របស់កូរ៉េខាងត្បូងធ្លាក់ចុះយ៉ាង ខ្លាំងដោយសារតែអ្នកវិនិយោគបារម្ភពីស្ថាន ភាពកាន់តែអាក្រក់ទៅប៉ះពាល់ដល់អាជីវកម្ម៕
ប្រែសម្រួល៖ ម៉ែវ សាធី