ណាតូផ្ញើសារព្រមានដល់រុស្ស៊ីក្នុងតំបន់បាល់ទិក

ចែករំលែក៖

មជ្ឈមណ្ឌលស្រាវជ្រាវរបស់ចក្រភព អង់គ្លេសស្តីពីបញ្ហាអន្តរជាតិ Chaltham House កាលពីថ្ងៃទី៧ ខែវិច្ឆិកា បានផ្សាយ ថា ការសម្រេចបញ្ជូនកម្លាំងទាហានទៅ កាន់តំបន់សមុទ្របាល់ទិករបស់អង្គការណាតូគឺស្របទៅតាមច្បាប់របស់ណាតូ សម្រាប់ប្រទេសជាសមាជិកពេលរងការ គំរាមកំហែង។ សកម្មភាពទាំងនោះគឺជាសាររបស់សម្ពន្ធយោធាខាងលើទៅដល់ រុស្ស៊ីថា ប្រទេសសមាជិកណាតូនឹងរួមគ្នា ទប់ទល់ប្រឆាំងរុស្ស៊ី។

តាមគម្រោងអង់គ្លេសនឹងបញ្ជូនទាហាន បន្ថែម៨០០នាក់ទៀតរួមជាមួយនឹងអាវុធទំនើបៗជាច្រើនទៅកាន់ប្រទេសអេស្តូនី។ នោះជាផ្នែកមួយនៅក្នុងគម្រោងរបស់ណាតូ ដើម្បីបង្កើនសមត្ថភាពការពាររបស់ប្រទេស ជាសមាជិកណាតូ។

បើទោះបីចំនួនមិនច្រើន តែសកម្មភាព ខាងលើគឺជាការចាំបាច់ក្នុងការរារាំងការ គំរាមកំហែងពីរុស្ស៊ី និងជាការបង្ហាញពី សាមគ្គីភាពរបស់សម្ពន្ធណាតូ។ តំបន់យុទ្ធ សាស្ត្រនៅបាល់ទិកបានបង្ខំឲ្យប្រទេសជាសម្ពន្ធមិត្តណាតូត្រូវតែដាក់ពង្រាយកម្លាំងទាហានឲ្យបានឆាប់បំផុត។ តំបន់ទាំងនោះគឺជាទីតាំងសំខាន់របស់ណាតូសម្រាប់ ទប់ស្កាត់រុស្ស៊ី។

ជាមួយគ្នានោះរដ្ឋាភិបាលអេស្តូនីក៏បាន បញ្ជាក់ផងដែរថា រដ្ឋាភិបាលអង់គ្លេសគួរតែសន្យាមុតមាំជាងនេះក្នុងការការពាររួម របស់ណាតូ។ ការការពារមិនត្រឹមតែប្រទេស ណាតូប៉ុណ្ណោះទេគឺមានទាំងប្រទេសដែលមិនមែនជាសមាជិកណាតូផងដែរក្នុងតំបន់ អឺរ៉ុប។

នៅពេលនេះរុស្ស៊ីមិនមានឱកាសក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ទៀតឡើយ។ ក្នុងពេលជាមួយគ្នានោះ ណាតូអាចប្រែក្លាយអឺរ៉ុបខាងជើងក្លាយទៅជាតំបន់សុវត្ថិភាព។

ជាមួយគ្នានេះដែរសារព័ត៌មាន Steigan របស់ប្រទេសន័រវេសបានផ្សាយនូវអត្ថបទវិភាគមួយបង្កឲ្យមានការភ្ញាក់ផ្អើលដោយក្នុងនោះបានបញ្ជាក់ថា យុទ្ធនាការដាក់ ពង្រាយកម្លាំងទាហានរបស់ណាតូនិងអាវុធ ទំនើបៗនៅតាមព្រំដែនជាប់ប្រទេសរុស្ស៊ីបានបង្ហាញយ៉ាងច្បាស់ថា ណាតូបានត្រៀម លក្ខណៈជាស្រេចក្នុងការធ្វើសង្គ្រាមជា មួយរុស្ស៊ី។

នៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួនណាតូនឹងបង្កើនវត្តមានយោធានៅតំបន់អឺរ៉ុបខាងកើត ជាទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក ក្រោយបញ្ចប់សង្គ្រាមត្រជាក់។ ជាក់ស្តែង ៤កងពលពហុប្រទេសដែលមានទាហានចម្រុះជាង៤ពាន់នាក់ និងអាវុធទំនើបៗជាច្រើនបានចូលទៅកៀកព្រំដែនប្រទេស រុស្ស៊ី។ កម្លាំងទាហានទាំងនោះនឹងសហការជាមួយកម្លាំងប្រតិកម្មរហ័សដែលមានទាហានជាង៤ម៉ឺននាក់ទៀតរបស់ណាតូនៅក្នុងតំបន់។

តាមសារព័ត៌មាន Steigan បញ្ជាក់ទៀត ថា ក្នុងចំណោមសមាជិកណាតូដែលបានបញ្ជូនទាហានទៅកាន់ទីនោះមានប្រទេសអាល្លឺម៉ង់ដែលជាប្រទេសដំបូងបង្អស់បានបញ្ជូនទាហានទៅកាន់ព្រំដែនរុស្ស៊ីចាប់តាំង ពីរបបហ្វាស៊ីសអាល្លឺម៉ង់ដួលរលំ។ ក្រៅ ពីនេះប្រទេសន័រវេស និងអង់គ្លេសក៏បានបញ្ជូនកម្លាំងទាហានទៅកាន់ព្រំដែនជាប់ប្រទេសរុស្ស៊ីតាមការស្នើសុំបង្កើតទាហាន៤កងពលនៅទីនោះរបស់ណាតូ។

តាមអត្ថបទវិភាគនៅលើសារព័ត៌មាន Steigan បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុង មូស្គូមិនមានសញ្ញាណាមួយដើម្បីវាយ ប្រហារទៅលើប្រទេសណាតូនោះឡើយ ដូចអ្វីដែលមេដឹកនាំរុស្ស៊ីលោក ពូទីន បាន លើកឡើងថា ការវាយប្រហារណាតូគឺជារឿងល្ងង់ខ្លៅបំផុត។ ដូច្នេះសកម្មភាពរបស់ ណាតូគឺជាការភ័យខ្លាចត្រៀមលក្ខណៈ ហួសហេតុសម្រាប់ធ្វើសង្គ្រាមជាមួយរុស្ស៊ី។ ហេតុការណ៍ខាងលើបានធ្វើឲ្យមានការ ប្រកួតប្រជែងអាវុធនៅក្នុងតំបន់សាជាថ្មី។

នៅពេលនេះដែរ ណាតូ និងរុស្ស៊ីកំពុងធ្វើសមយុទ្ធព្រមគ្នានៅតំបន់បាល់កង់ដែល ជាហេតុធ្វើឲ្យស្ថានភាពកាន់តែតានតឹង។ កាលពីថ្ងៃទី៣១ ខែតុលា សម្ពន្ធមិត្តយោធា ណាតូបានធ្វើសមយុទ្ធដើម្បីត្រៀមទប់ស្កាត់ ចំពោះហេតុការណ៍អាក្រក់ដែលអាចកើតឡើងនៅក្នុងតំបន់ម៉ុងតេណេហ្គ្រោ។ ក្នុងពេលជាមួយគ្នានោះកម្លាំងទាហានរុស្ស៊ីក៏នឹងធ្វើសមយុទ្ធនៅក្នុងតំបន់ស៊ែរបៀផងដែរ។

នេះជាសញ្ញាមួយបានបង្ហាញឲ្យឃើញ ថា ពីរប្រទេសនៅតំបន់បាល់កង់បានជ្រើស រើសយុទ្ធសាស្ត្រផ្ទុយគ្នាទាំងស្រុង។ ការធ្វើ សមយុទ្ធអូសបន្លាយរយៈពេល៥ថ្ងៃនៅ ប្រទេសម៉ុងតេណេហ្គ្រោដែលមានយុទ្ធ សាស្ត្រទប់ទល់នឹងគ្រោះធម្មជាតិ ព្រមទាំង ការវាយប្រហារដោយអាវុធគីមី។

ការធ្វើសមយុទ្ធនោះមានការចូលរួមពីកម្លាំងទាហានជាង៦៨០នាក់មកពី៧ ប្រទេសសមាជិកណាតូនិងប្រទេសជាដៃគូ១០ផ្សេងទៀត។ ក្នុងពេលជាមួយគ្នានោះ រុស្ស៊ីក៏បានធ្វើសមយុទ្ធរយៈពេល១៣ថ្ងៃនៅស៊ែរបៀដែលមានឈ្មោះថា «The Slavic Brotherhood 2016» ដែលបានចាប់ ផ្តើមនៅថ្ងៃទី២ ខែវិច្ឆិកា។ នៅក្នុងសម យុទ្ធនោះមានការចូលរួមពីកម្លាំងទាហានឆត្រយោងរុស្ស៊ី១៥០នាក់ និងទាហាន មួយចំនួនទៀតមកពីប្រទេសស៊ែរបៀនិងបេឡារុស។

សកម្មភាពរបស់រុស្ស៊ីដែលបានបញ្ជូនកម្លាំងទាហាននិងអាវុធទៅកាន់ព្រំដែនជាប់តំបន់អឺរ៉ុបបានធ្វើឲ្យណាតូព្រួយបារម្ភយ៉ាងខ្លាំង។ ទាំងនោះហើយបានជាណាតូកោះប្រជុំពិភាក្សាដោយបានសម្រេចឲ្យដាក់ ពង្រាយកងទ័ពនៅតាមប្រទេសសមាជិកនៅអឺរ៉ុបខាងកើតក្នុងតំបន់បាល់ទិក និង ប៉ូឡូញ។ ទិសដៅគឺដើម្បីអាចអនុវត្តគម្រោង ពង្រាយកម្លាំងយោធានៅអឺរ៉ុបខាងកើតនេះឲ្យសម្រេចឡើងនៅឆ្នាំ២០១៧ ខាង មុខនេះ៕

nato-2 nato-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print