ភ្នំពេញ៖ដោយមើលឃើញករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញក៏ដូចជានៅតាម បណ្តាខេត្តបានកើតឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ និងមានរូបភាពសាហាវគួរឲ្យរន្ធត់ ហើយក៏ជាក្តីបារម្មណ៍សំរាប់ប្រជាពលរដ្ឋផងដែរនោះ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នៅ ក្នុងពិធីកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបតិ្តការរក្សាសន្តិសុខ សណ្តាប់ ធ្នាប់សង្គមឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០១៥ នាយឧត្តមសេនីយ៍អគ្គ ស្នងការនគរបាលជាតិបានដាក់បញ្ជាឲ្យអង្គភាពធំៗចំនួន៣ គឺនាយកដ្ឋានសណ្តាប់ធ្នាប់ នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់ និងអគ្គនាយរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវតែពង្រឹ ងវិធានការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ ក្នុងគោលបំណងកាត់បន្ថយចំនួន អ្នកស្លាប់ឲ្យនៅកម្រិតទាបបំផុត។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិក៏បានស្នើឲ្យអង្គភាពធំៗ៣ ខាងលើនេះត្រូវតែគិតគូពិចារណាឲ្យបានម៉ត់ចត់ឡើងវិញ ចំពោះឥរិយាបថរបស់មន្ត្រីនគរបាល ផ្នែកអនុវត្តច្បាប់ចរាចរណ៍ ដែលបានប្រព្រឹត្តនាពេលកន្លងទៅ។ នាយឧត្តមសេនីយ៍អគ្គស្នងការ បានបញ្ជាក់បន្ថែមថា រឿងគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាដែលគួរឲ្យបារម្មណ៍ដោយសារតែការ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងតិចប៉ុន្តែករណីស្លាប់បានកើតមានច្រើនជាងមុន ហេតុដូច្នេះ អង្គភាពទាំងអស់ត្រូវតែពិនិត្យមើលទៅលើបញ្ហានេះ។
ដោយឡែកបើយោងតាមរបាយការណ៍បូកសរុបសភាពការណ៍ការងារឆមាសទី១ និង ទិសដៅការងារឆមាសទិ២ឆ្នាំ២០១៥នេះបានឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៥នេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន២៥១៤លើក ក្នុងនោះបណ្តាលឲ្យមនុស្សស្លាប់ ១២២៩នាក់ និងរបួស៤០៩០នាក់។ នៅក្នុងរបាយការណ៍ដដែលក៏បានបង្ហាញឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៏ក៏បានថយចុះ៨៩លើកស្មើនឹង៣ភាគរយ ប៉ុន្តែករណីអ្នកស្លាប់បាន កើនឡើង៥៩នាក់ និងករណីរបួសធ្ងន់បានថយចុះ៦ភាគរយ និងករណីរបួសស្រាលបានថយ ចុះ៥.៥១ភាគរយ។ ករណីរបួសមានការថយចុះនេះគឺដោយសារមានការរឹតបន្តឹងអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យតាមគោលដៅចេញដំណើរដើមទី ហើយករណី ដែលបណ្តាលឲ្យករណីស្លាប់កើនឡើងនោះគឺទាក់ទងទៅនឹងរថយន្តដឹកអ្នកដំណើរផ្ទុកមនុស្ស ច្រើនលើសចំណុះ៕
នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិស្នើឲ្យអង្គភាពធំៗចំនួន៣ពង្រឹងទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍
...