ព្រះរាជពិធីបុណ្យប្រណាំងទូកថ្ងៃទី១ និងទី២ មកទល់នឹងពេលនេះប្រព្រឹត្តទៅដោយរលូន ទាំងសន្តិសុខនិងសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះខែ ឆ្នាំនេះ ដោយមានការចូលរួមពីទូកប្រណាំងចំនួន២៥៦ ទូក និងកីឡាករចំនួនជាង១៧.៧០០នាក់នៅដងទន្លេសាបមុនព្រះបរមរាជវាំង។ នៅក្នុងព្រះរាជពិធីបុណ្យប្រណាំងទូកថ្ងៃទី១ និងទី២ មិនទាន់មានហេតុការណ៍អាក្រក់នៅឡើយទេ ។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែចាប់ផ្តើមជាផ្លូវការពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ដែលជាពិធីបុណ្យប្រពៃណីជាតិ។

តាមការគ្រោងទុករបស់អាជ្ញាធររាជធានី និងមានប្រជាពលរដ្ឋមកពីគ្រប់បណ្តាខេត្ត-ក្រុង ឆ្ពោះមករាជធានីភ្នំពេញយ៉ាងតិច២លាននាក់ ក្នុងរយៈពេល៣ថ្ងៃនៃពិធីនេះ។

ថ្នាក់ដឹកនាំនៃស្ថាប័នសំខាន់ៗរបស់ប្រទេសកម្ពុជា មានសភាជាតិ  រាជរដ្ឋាភិបាល ព្រមទាំងក្រុមអ្នកតាមដានកិច្ចការសង្គម លើកឡើងថា ពិធីបុណ្យប្រពៃណីជាតិនេះ ធ្វើឡើងស្របពេលប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ និងប្រព្រឹត្តទៅដោយរលូន។

នៅថ្ងៃទី១នៃអុំទូក បណ្តែតប្រទីប កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ព្រះមហាក្សត្រព្រះបរមនាថ នរោត្ដម សីហមុនី បានយាងចូលរួមទតនៅក្នុងព្រះរាជពិធីបុណ្យដ៏អធិកអធមនេះ។ រយៈពេលពាក់កណ្តាលនៃពិធីថ្ងៃទី២នេះ នៅតែមានភាពប្រសើរទាំងផ្នែកសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបង្ហោះសារខ្លីនៅលើទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួន របស់សម្តេចថា «នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ខ្ញុំបានចូលរួម ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ។ ខ្ញុំសូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមដោយក្តីសប្បាយរីករាយ និងធ្វើដំណើរដោយមានសុវត្ថិភាព»។

ចំណែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហោះសារដោយអំពាវនាវដល់កងកម្លាំងសន្តិសុខយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ ដើម្បីប្រជាពលរដ្ឋ និងទេសចរបរទេសបានសប្បាយរីករាយនៅក្នុងព្រះរាជពិធីបុណ្យទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាក្រុងខេត្តនានា។ ជាមួយគ្នានេះ ក៏សុំឲ្យក្រុមហ៊ុនឡានក្រុង និងតាក់ស៊ី បើកបរគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

មន្ត្រីសាលារាជធានីភ្នំពេញ បាននិយាយថា ពិធីបុណ្យប្រពៃណីជាតិឆ្នាំ២០១៦នេះ បាននឹងកំពុងប្រព្រឹត្តិទៅប្រកបដោយបរិយាកាសសប្បាយរីករាយយ៉ាងអធិកអធមក្រៃលែង។ «កន្លែងកំសាន្តមួយចំនួនដែលបងប្អូនប្រជាពលរដ្ឋ និងទេសចរបរទេសអាចចូលរួមកំសាន្តសប្បាយបាន គឺនៅតាមបណ្តោយមាត់ទន្លេមុខព្រះបរមរាជវាំង វត្តបទុមវតី និងនៅកោះពេជ្ររមណីយដ្ឋានវត្តភ្នំពេញជាដើម។

ក្រុមអ្នកឃ្លាំមើលសង្គម បានសាទរចំពោះភាពល្អប្រសើរនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនៅថ្ងៃទី១។ ប៉ុន្តែស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចបន្តយកចិត្តទុកដាក់ពង្រឹងនូវសន្តិសុខ សុវត្ថិភាពជូនអ្នកកំសាន្តកុំឲ្យមានហេតុការណ៍កើតឡើងដល់អាយុជីវិត ឬបញ្ហាផ្សេងៗ ដូចឆ្នាំ២០១០។

ឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានកោះពេជ្រ នៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានបណ្តាលឲ្យមនុស្សស្លាប់ជាង៣៥៣នាក់ និងរងរបួសជាង៤០០នាក់។

សម្រាប់ឆ្នាំ២០១៦នេះ កងកម្លាំងសន្តិសុខចម្រុះចំនួន១០.០៣២ម៉ឺននាក់ ត្រូវបានដាក់ពង្រាយការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ ចំណែកបុគ្គលិកគ្រូពេទ្យជិត៩០០នាក់ និងរថយន្តសង្គ្រោះ១៥គ្រឿង ក៏បានត្រៀមចាំជួយសង្គ្រោះប្រជាពលរដ្ឋដែលចូលរួមក្នុងព្រះរាជពិធីនេះ៕

image3 image5 image4 image2 image6

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print