ភ្នំពេញ៖ ដូចអ្វីដែលបានសន្យាមែន គឺសម្រាប់រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៦នេះ មន្ទីរសង្គមកិច្ច រួមជាមួយសមត្ថកិច្ចជំនាញបានបំបែកជាក្រុមចុះប្រមូលជនអនាថា ជនពិការ ឬអ្នកសុំទានបានចំនួន៣៧នាក់ គឺថ្ងៃទី១ប្រមូលបាន៥នាក់ ថ្ងៃទី២បាន២៧នាក់ និងថ្ងៃអុំទូកទី៣ប្រមូលអ្នកសុំទានបានចំនួន៥នាក់ទៀត សរុបចំនួន៣៧នាក់ ក្នុងនោះមានពិការរុញរទេះ និងឆ្កួតបែកថ្នាំផងដែរ ។
លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃ១៦វិច្ឆិកានេះថា៖ ដើម្បីចូលរួមរៀបចំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងព្រះរាជពិធីបុណ្យអុំទូកឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀតនោះ មន្ទីរសង្គមកិច្ចបានរៀបចំកម្លាំងដែលមានឯកសណ្ឋានរបស់សង្គមកិច្ចចំនួន៩១នាក់ ដោយបានបែងចែកជា៧ក្រុម ដើម្បីប្រមូលជនអនាថាឬជនពិការដើរសុំទានក្នុងរាជធានីភ្នំពេញ ។
លោកបន្តថា ៖ ជាក់ស្តែងក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ អ្នកសុំទានចំនួន៣៧នាក់ ត្រូវបានធ្វើសកម្មភាពបង្កការរំខានកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ តែពេលនេះក៏ត្រូវបានប្រមូល និងយកទៅអប់រំនៅមណ្ឌលជាបណ្តោះអាសន្នសិន ។
លោក សន សុផល បានបញ្ជាក់ថា៖ ព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញលើកមុនៗគេតែងទទួលបានព័ត៌មានថា អ្នកសុំទានមួយចំនួនបានឈ្លាតឱកាសលួច លូកឬវះហោប៉ៅយកលុយ និងរបស់របរពីប្រជាពលរដ្ឋ និងមានរហូតដល់មានការប្រើប្រាស់គ្រឿងញៀនទៀតផង តែសម្រាប់ឆ្នាំនេះ មន្ទីរសង្គមកិច្ចបានរៀបចំក្រុមការងារប្រចាំការទាំងយប់ទាំងថ្ងៃ នៅពេលក្រុមអ្នកសុំទានត្រូវធ្វើការប្រមូលភ្លាម ក្នុងគោលបំណងលុបបំបាត់ឲ្យអស់មិនឲ្យមានតែម្តង ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះតែម្តង៕
...
ដោយ៖ សំរិត