ខេត្តរតនគិរី៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវ អនុវត្តន៍តាមបទបញ្ជាគណៈបញ្ជាការឯកភាពខេត្តរតនគិរីស្ទាក់ចាប់រថយន្តកាមរីកែច្នៃកាត់គូតបង្កប់ដឹកឈើប្រណិតលោតឆ័ត្រមួយគ្រឿងខណៈបម្រុងឆ្លងដែនចេញទៅលក់នៅប្រទេសវៀតណាម។
សេចក្ដីរាយការណ៍អះអាងថា កម្លាំងសមត្ថកិច្ចមានអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ កម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងនគរបាលការពារព្រំដែន នៅវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានស្ទាក់ចាប់រថយន្តកាមរីដឹកឈើប្រណិតមួយគ្រឿងនៅចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតគិរី។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ស្របពេលសកម្មភាពស្ងប់ស្ងាត់មួយរយៈកន្លងមកនោះស្រាប់តែមានរថយន្តខាងលើហ៊ានបន្តដឹកឈើប្រណិតបម្រុងឆ្លងដែនទៅលក់នៅប្រទេសវៀតណាម។
បច្ចុប្បន្នរថយន្តដឹកឈើត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ ចំណែកឯឈើសមត្ថកិច្ចជំនាញមិនទាន់ធ្វើការវាស់វែងនៅឡើយនោះទេ៕
ដោយ៖ វុទ្ធឦសាន