ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរារចរណ៍មួយបង្កឡើងដោយសារតែយុវជន២នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុកនិងគំរបលូហើយហោះផ្លោងអូសជាង២០ម៉ែត្រ រងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥៥នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
យោងតាមសាក្សីដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានសង្កេតឃើញយុវជនមានគ្នា ពីរនាក់បានជិះម៉ូតូ មួយគ្រឿងម៉ាកឃ្លីក ពណ៌លឿងលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1H-7770 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នផងនោះនិងទាំងស្ថិតក្នុងស្ថានភាពស្រវឹងផងនោះក៏បានជ្រុលចង្កូតទៅបុកនិងកំរបលូបណ្ដាលឲ្យហោះផ្លោងអូសជិត២០ម៉ែត្របណ្តាលឲ្យបោកក្បាលទៅនិងថ្នល់ រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។
ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ សាក្សីបន្តថាគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្តាលមកពីការប្រើប្រាស់នូវគ្រឿងស្រវឹងហើយបើកបរ លឿនមិនគោរពច្បាប់ចរាចរណ៍និងប្រើប្រាស់ល្បឿនហួសច្បាប់កំណត់ទើបបង្កអោយមានគ្រោះថ្នាក់បែបនេះកើតឡើងបាន សាក្សីបន្តថា សុំអោយអាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការណ៍តឹងរឹងចំពោះអ្នកដែលមិនគោរពច្បាប់នៅពេលបើកបរ សំណាងហើយគ្រោះថ្នាក់នេះមិនបង្កដល់អ្នកដ៏ទៃឬបង្កអោយមានអ្នកស្លាប់។
បន្ទាប់ពីកើតហេតុរួចមកសមត្ថកិច្ចមូលដ្ឋានបានយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចតុមុខជាបណ្តោះអាសន្នរងចាំបងប្អូនជនរងគ្រោះមកទទួលយកទៅវិញ ៕
ដោយ៖ ចាន់ធឿន