ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ វិច្ឆិកា ២០១៦នេះ បានកម្លាំងអាវុធហត្ថបញ្ជូនក្មេងស្ទាវដែលមានជម្លោះជាមួយលោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីឃុំខ្លួននិងសាកសួរនៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ក្រោយពីប្រើពាក្យសម្ដីមិនសមរម្យទៅលើលោកមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
យុវជនស្ទាវខាងលើត្រូវបានគេស្គាល់ថា ជាមន្ត្រីយោធា ដែលទើបតែបញ្ចប់ការសិក្សាផ្នែកកងទ័ពជើងគោក នៅសាលាថ្លុកតាសេក ក្នុងខេត្តកំពង់ស្ពឺ និងជាកូនលោកវេជ្ជបណ្ឌិតមួយរូប។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មានរឿងរ៉ាវគួរឱ្យភ្ញាក់ផ្អើល ខណៈដែលយុវជនឈាមរាវម្នាក់អាយុប្រហែលជាង២០ឆ្នាំ មិនដឹងថាជាកូនអ្នកធំ ឬកូនអ្នកមានទ្រព្យសម្បត្តិ ក្រោយពេលស្រវឹងស្រាខ្លាំងបានបើករថយន្តបម្រុងបុករថយន្តរបស់លោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅម្តុំផ្សារធំថ្មី ក្នុងខណ្ឌដូនពេញ បន្ទាប់មកក៏មានការអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចុះទៅឃាត់ខ្លួនយុវជនស្ទាវខាងលើបានភ្លាមៗតែម្តង។
លោកឧត្តមសេនីយ៍ឯក នន្ទ សុខា បានបញ្ជាក់ហើយនិងបានអំពាវនាវយ៉ាងទទូចថា សូមកុំឲ្យមានការអន្តរាគមន៍ណាមួយឱ្យសោះ ព្រោះករណីនេះសូមទុកឲ្យសមត្ថកិច្ច និងតុលាការចាត់ការតាមច្បាប់ចុះ ៕
ដោយ៖ ចេស្តា