មណ្ឌលគិរី៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ពេលដឹកមកសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកសែនមនោរម្យនិង៩នាក់ទៀតបានរងរបួសធ្ងន់ស្រាលបន្ទាប់ពីជួបឧបទ្ទវហេតុក្រឡាប់ រម៉កកង់បី(ឡង់បូតា)កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១០ខែសីហា២០១៥នេះនៅ ចំណុចភ្នំកាច់ចង្កេះតាមបណ្តោយផ្លូវជាតិលេខ៧៦ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថាជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ទាំងនោះសុទ្ធ សឹងជាកម្មករធ្វើការងារអោយ របស់ក្រុមហ៊ុន China Road ដែលកំពុងស្ថាបនាផ្លូវជាតិលេខ៧៦បន្តពីក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីទៅដល់ព្រំប្រទល់ស្រុកលំផាត់ខេត្តរតនះគីរី ។
សមត្ថកិច្ចបន្តឲ្យដឹងទៀតថាការគ្រោះថ្នាក់នេះមិនមានបង្កដោយសារថយន្តឫម៉ូតូអ្នកណានោះទេគឺដោយជិះរ៉ឺម៉កកង់បីក្រឡាប់ដោយខ្លួនឯង។
ហើយបច្ចុប្បន្នជនរងគ្រោះចំនួន៣នាក់ដែលរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនបន្តទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ៕
ដោយ៖ ឦសាន