លោកសក់ សេដ្ឋា៖ រាជរដ្ឋាភិបាលជំរុញ ការផ្ទេរសិទ្ធិអំណាចទៅឲ្យថ្នាក់ក្រោមជាតិ

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យថ្នាក់ដឹកនាំតាមក្រសួង មន្ទីរនីមួយៗ ពិសេសរាជធានី-ខេត្ត ទាំងអស់ត្រូវធ្វើប្រតិភូកម្ម ឬហៅថា ផ្ទេរសិទ្ធិអំណាចទៅឲ្យអ្នកបន្ទាប់ ដើម្បីធ្វើការសម្រេចចិត្តក្នុងការបម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖  ថ្នាក់ដឹកនាំរដ្ឋបាលនៅតាមក្រសួងមន្ទីរនីមួយៗ ពិសេសរាជធានី-ខេត្ត ត្រូវពង្រីកប្រតិភូកម្មលើការងារ និងការតែងតាំងមុខងារ ឬតំណែងដល់មន្ត្រីរបស់ខ្លួនឲ្យអនុវត្តការងារនៅពេលប្រធាន ឬថ្នាក់នាំជាប់រវាល់ការងារ ឬបំពេញបេសកម្មទៅឆ្ងាយ។

លោកសក់ សេដ្ឋា បានបញ្ជាក់បែបនេះ ខណៈលោកចូលរួមក្នុងពិធីប្រកាសតែងតាំងមុខតំណែងលោក មាន ចាន់យ៉ាដា ដែលជានាយករដ្ឋបាលរាជធានីភ្នំពេញ ឲ្យឡើងកាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញជំនួសលោក ប៊ុន សេរី ដែលត្រូវចូលនិវត្តន៍ កាលពីរសៀលថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ២០១៦ ។ ការប្រកាសតែងតាំងជាផ្លូវការនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យតែងតាំង។

លោក ម៉ម សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រួមនឹងមន្រ្តីរាជការពាក់ព័ន្ធជាច្រើន នាក់ទៀត បានចូលរួមជាអធិបតី និងជាសាក្ខីភាពសម្រាប់ការឡើងកាន់តំណែងរបស់លោក មាន ចាន់យ៉ាដា ខណៈលោក ហួត ហៃ ត្រូវបានជំនួសមុខតំណែងជានាយករដ្ឋបាលរាជធានីភ្នំពេញ។

លោក សក់ សេដ្ឋា បានបញ្ជាក់ថា ៖ ការគ្រប់គ្រង និងការតែងតាំង ត្រូវអនុលោមនៃលក្ខន្តិកៈមន្ត្រីរាជការ និងគុណសម្បត្តិរបស់បុគ្គល ដោយគិតតាំងពីអតីតភាព។

លោក សក់ សេដ្ឋា បានជំរុញឲ្យអ្នកមានមុខងារបម្រើសេវាសាធារណៈទាំងអស់ខិតខំបំពេញការងារជូនប្រជាពលរដ្ឋ ជៀសវាងបង្កើតចង្វាក់រដ្ឋបាលច្រើនពេក នាំឲ្យមានការិយាល័យធិបតេយ្យ ដែលធ្វើឲ្យប្រជាពលដ្ឋបាត់នូវជំនឿទុកចិត្តលើអាជ្ញាធរ ខណៈពួកគាត់មិនទាន់យល់ច្បាស់អំពីនីតិវិធីស្នើសុំសេវាផ្សេងៗ។

ក្រសួងមហាផ្ទៃកំពុងតែរៀបចំបង្កើតសាលាបណ្តុះបណ្តាលមន្ត្រីរដ្ឋបាលមូលដ្ឋានឲ្យចេះពីការគ្រប់គ្រង និងបម្រើសេវារដ្ឋបាលសាធារណៈ។ សាលាបណ្តុះបណ្តាលនេះ នឹងត្រូវបង្កើតឡើងក្នុងរាជធានីភ្នំពេញនៅពេលអនាគតដ៏ខ្លីខាងមុខនេះ៕

pp1 pp2 pp3 pp4 pp5 pp6 pp7

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print