ប្រជាពលរដ្ឋផ្ទុះការតវ៉ាក្រោយសាលាដំបូងរាជធានី ប្រកាសសាលក្រមប្រគល់សិទ្ធិដីផ្លូវមួយកន្លែងឲ្យម្ចាស់ហាង«បឹងសំរោង»

ចែករំលែក៖

ភ្នំពេញ៖ ក្រោយសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមប្រគល់សិទ្ធិដីផ្លូវមួយកន្លែង ដែលពួកគាត់ធ្លាប់ធ្វើដំណើរឆ្លងកាត់ទៅឲ្យទៅមន្ត្រីយោធាម្នាក់ ដែលជាម្ចាស់ហាង «បឹងសំរោង» ដើម្បីកាន់កាប់បន្តទើបនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋ១២គ្រួសារផ្ទុះការតវ៉ាដោយមានកាន់ពិដារសរសេរពាក្យស្លោក នៅត្រង់ចំណុចខាងកើត ជាប់ភោជនីយដ្ឋានបឹងសំរោង តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងក្រុមទី៨ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

បើតាមសម្តីស្ត្រីឈ្មោះ ព្រុំ ចំរើន មានវ័យ៤៣ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៣៩E ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា និងជាតំណាងឲ្យប្រជាពលរដ្ឋទាំ ង១១គ្រួសារទៀត បានលើកឡើងថា ចំពោះដីផ្លូវមួយកន្លែង ដែលតុលាការក្រុងភ្នំពេញកំពុងប្រកាសអនុវត្តសាលក្រមឲ្យទៅមន្ត្រីយោធាលោក មាស ឆុន ជាម្ចាស់ហាងបឹងសំរោងធ្វើជាកម្មសិទ្ធិនេះ មិនត្រឹមត្រូវទេ ព្រោះហេតុថាដីផ្លូវនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាឡើយ និងជាដីផ្លូវដែលពួកគាត់ ទាំងអស់គ្នាធ្លាប់ធ្វើដំណើរឆ្លងកាត់ទៅមកតាំពីឆ្នាំ១៩៧៩មកម្ល៉េះ ដូចនេះពួកជាតំណាងប្រជាពលរដ្ឋស្នើរឲ្យអាជ្ញាធរ ពាក់ព័ន្ធជាពិសេសស្ថាប័នតុលាការ មេត្តាជួយវិនិឆ្ឆ័យរកយុត្តិធម៌ដើម្បីបើកផ្លូវមួយខ្សែនេះឡើងវិញឲ្យពួកគាត់ផង។

បើតាមសម្តីស្រ្តីឈ្មោះ ជុំ ដាលីន មានវ័យ៣៩ឆ្នាំ មានមុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៣៧ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀ ប ខណ្ឌជ្រោយចង្វា បានឲ្យដឹងដែរថា ដីផ្លូវនេះមានទទឹងប្រវែង១ម៉ែត្រកន្លះ និងមានបណ្ដោយ៥២ម៉ែត្រ ដោយខាងកើតជាប់ផ្លូវជាតិលេខ៦ ព្រមទាំងពឹងផ្អែកទាំងស្រុងក្នុងការធ្វើដំណើរលើផ្លូវមួយខ្សែរនេះ ពោលផ្លូវមួយខ្សែរនេះ ប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរទៅមកតាំងពីឆ្នាំ១៩៧៩ រហូតមកទល់បច្ចុប្បន្ន ស្រាប់តែត្រូវលោក មាស ឆុន ម្ចាស់ហាង «បឹងសំរោង» បែរជាបិតច្រកផ្លូវមិនឲ្យចេញចូលហើយមានទាំងប្រកាសសាលក្រមពីសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើជាកម្មសិទ្ធិស្របច្បាប់ទៅវិញ។

លោក មាស ឆុន និងភរិយាឈ្មោះ លិន ថាវី ជាម្ចាស់ភោជនីយដ្ឋានបឹងសំរោង បានឲ្យដឹងថា ការលើកឡើងរបស់ប្រជាពលរដ្ឋទាំង១២គ្រួសារនោះ គឺមិនមែនជាការពិតទេ ព្រោះដីដែលគាត់បានស្នាក់អាស្រ័យជាង១០ឆ្នាំមកនេះ ពោលក្រោយឆ្នាំ១៩៧៩ដីរបស់គាត់មានទំហំ៤៥០០ម៉ែត្រការ៉េ បូករួមទាំងដីផ្លូវដែលមាន ទទឹង១ម៉ែត្រកន្លះនិងមានបណ្ដោយ៥២ម៉ែត្រ ជាកម្មសិទ្ធិរបស់ក្រុមគ្រួសារគាត់ដែលមានទាំងឯកសារត្រឹមត្រូវ ពីអាជ្ញាធរស្រុកមុខកំពូល ខេត្តកណ្ដាល ទទួលស្គាល់តាំងពីឆ្នាំ១៩៨៩រហូតមកដល់ឆ្នាំ២០០៤ ដោយមានការស្នើរសុំឲ្យបើកផ្លូវជា បណ្ដោះអាសន្ន ពីអាជ្ញាធរថ្នាក់មូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ ឋធ្វើដំណើរឆ្លងកាត់ទើបគាត់ និងភរិយាសម្រេចយល់ព្រមបើកផ្លូវនោះតែម្ដងទៅ។

លោក មាស ឆុន បានអះអាងប្រាប់ទៀតថា ដោយពឹងផ្នែកលើឯកសារគ្រប់គ្រាន់ដោយមានលោក ហេង សុនតុន ជាមេធាវីតំណាងដោយអាណត្តិទើបលោក និងក្រុមគ្រួសារសម្រេចស្នើរសុំទៅលោក កែវ មុនី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោកឡាយ ណារិទ្ធ ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមទទួលស្គាល់ការកាន់កាប់ដីនេះស្របច្បាប់ផ្ដាច់មុខ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។

លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វាបានបញ្ជាឲ្យ លោក ហ៊ុយ សារុន អភិបាលរងខណ្ឌចុះមកសម្របសម្រួលភ្លាមៗ ដើម្បីបញ្ចៀសការប្រើអំពើហិង្សាលើបញ្ហាដីផ្លូវមួយខ្សែនេះដោយរក្សាភាពស្ងៀមស្ងាត់ រង់ចាំការរកដំណោះស្រាយគ្នា ឲ្យបានស្របច្បាប់នៅស្ថាប័នតុលាការក្រុងភ្នំពេញ ៕

image8 image6 image3 image2 image5 image4 image7 image1

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print