ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ចិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបប្រជុំទ្វេភាគីជាមួយ លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារ Apsara Palace ខេត្តសៀមរាប។
លោក នាយករដ្ឋមន្ត្រីវៀតណាម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចប្រជុំរវាង កម្ពុជា ឡាវ វៀតណាម លើកទី៩ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍។ លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានស្នើសុំអញ្ជើញ សម្តេចតេជោ ទៅបំពេញទស្សនៈកិច្ចនៅប្រទេសវៀតណាមនាពេលខាងមុខ។ សម្តេចតេជោបានឯកភាពក្នុងការទៅបំពេញទស្សនៈកិច្ចផ្លូវការនៅវៀតណាម នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។
ពាក់ព័ន្ធនឹងកិច្ចការព្រំដែន នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការធ្វើលិខិតរួមគ្នាស្នើទៅកាន់ប្រទេសបារាំងដើម្បីស្នើសុំឲ្យអ្នកឯកទេសបារាំងមកជួយធ្វើផែនទីគឺផ្ទេរពីផែនទី ពីខ្នាត១លើ១០០ពាន់ មក១លើ៥០ពាន់វិញ។ សម្តេចតេជោ បានចាត់តាំង លោក ឡុង វីសាឡូ រដ្ឋលេខាធិការក្រសួងការបរទេសពង្រាងឯកសារជាមួយភាគីវៀតណាមដើម្បីរៀបចំលិខិតស្នាមផ្លូវការ។ ក្នុងជំនួបនេះផងដែរប្រមុខដឹកនាំប្រទេសទាំងពីរក៏បានពិភាក្សាលើការរំឮកខួបទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលនឹងប្រព្រឹត្តិទៅនៅដើមឆ្នាំក្រោយនេះស្របពេលនៃការបើកសម្ពោធស្ពានជ្រៃធំ នៅខេត្តកណ្តាល។
ប្រមុខដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាផងដែរក្នុងការជួយសម្រួលដល់ប្រជាជនដែលរស់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរអោយមានស្ថានភាព និងជីវភាពភាពរស់នៅកាន់តែល្អប្រសើរ។ តាមរយៈជំនួបពិភាក្សានេះគឺនឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា-វៀតណាម កាន់តែល្អប្រសើរឡើង រួមទាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ដែលនាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសទាំងពីរ៕
ដោយ៖ សុខ ខេមរា