រួមគំនិតចាប់ជនសង្ស័យគ្រឿងញៀន តែបែរជាជំរិតទារប្រាក់ក្នុងម្នាក់៥០០ដុល្លារជាថ្នូរដោះលែង

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការឡោមពទ្ធ័ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ដែលជាសន្តិសុខយាមការនៅក្នុងរោងចក្រយីហោ MAZ BROTHER  បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីជនរងគ្រោះដែលជាកូនមន្រ្តីនគរបាល នៃស្នងការដ្ឋានរាជធានីភ្នំពេញម្នាក់ថាខ្លួននិងមិត្តភក្តិ២នាក់ទៀត ត្រូវជនសង្ស័យដែលជាសន្តិសុខរូបនេះ រួមនិងមន្ត្រីនគរបាលម្នាក់ទៀត បានធ្វើសកម្មភាពចាប់ជំរិតទារប្រាក់៥០០ដុល្លារជាថ្នូរនឹងការដោះលែងខ្លួន កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចរោងចក្រកាត់ដេរយីហោ MAZ BROTHER ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមសន្តិសុខទាំង៦នាក់ ដែលឃាត់ខ្លួនបានខាងលើ ទី១ឈ្មោះ អ៊ុន សារ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរយោធា និងជានាយកក្រុមហ៊ុនសន្តិសុខ អេចប៊ីស៊ី ស្នាក់នៅផ្ទះលេខ៣៩៣ ផ្លូវ២០៤ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុ។ ទី២ឈ្មោះ រិន សុជាតិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរប្រធានរដ្ឋបាលរោងចក្រខាងលើ ម៉ាស់ ប្រាឌឺ ។ ទី៣ឈ្មោះ ហ៊ន រ៉ា អាយុ២៦ឆ្នាំ មុខរបរសន្តិសុខរោងចក្រ ផ្ទះជួលភូមិស្រែជម្រៅ សង្កាត់ចោមចៅ។ ទី៤ឈ្មោះ នៅ វណ្ណៈ អាយុ៤៦ឆ្នាំ មុខរបរសន្តិសុខ ផ្ទះលេខ៦៧ ភូមិព្រៃស្ពឺ សង្កាត់ចោមចៅ។ ទី៥ឈ្មោះ សម គង់ អាយុ៥៣ឆ្នាំ ជានគរបាលនាយកដ្ឋានប្រឆាំងភេរវៈកម្មក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ១៦ ផ្លូវ៤៦៦ ភូមិទី៥ សង្កាត់បឹងសាឡាង និងទី៦ឈ្មោះ លឹម ពិសី មុខរបរសន្តិសុខ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងសន្តិសុខខាងលើ រួមជាមួយមន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់នោះ បានធ្វើការចាប់ខ្លួនកម្មកររោងចក្រកាត់ដេរខាងលើនោះចំនួន៣នាក់ ក្នុងនោះមានម្នាក់គឺជាកូនរបស់មន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្រោយពីសន្តិសុខខាងលើរួមនិងមន្ត្រីនគរបាលម្នាក់បានដឹងថា កម្មករទាំង៣នាក់ដែលជាជនរងគ្រោះនោះ គឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងមានថ្នាំញៀននៅជាប់ខ្លួនផង ហើយក្រោយពីការចាប់ខ្លួន នគរបាលម្នាក់នោះ រួមនិងក្រុមសន្តិសុខបានឃុបឃិតគ្នា រៀបចំផែនការជំរិតទារប្រាក់ ដោយបានទារលុយម្នាក់ចំនួន៥០០ដុល្លារ ជាថ្នូរទៅនឹងការដោះលែង និងបានឲ្យបងប្អូនក្រុមគ្រួសារយកលុយទៅលោះ។ ខណៈនោះកម្មករ៣នាក់ដែលជាជនរងគ្រោះ បានទូរស័ព្ទប្រាប់ឲ្យសាច់ញាតិ យកលុយទៅលោះ ហើយមានស្រ្តី២នាក់បានយកលុយ៥០០ដុល្លារទៅលោះភ្លាមៗដែរ ឯសាច់ញាតិផ្សេងទៀតមិនទាន់ទៅដល់ ដោយឡែកកូនមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានទូរស័ព្ទប្រាប់ឪពុករបស់ខ្លួន ទើបបង្កឲ្យបែកធ្លាយរឿងរ៉ាវ រហូតមានការភ្ញាក់ផ្អើលបែបនេះតែម្ដង។ ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានករណីចាប់ជំរិតមនុស្សទារប្រាក់រួចមក លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាកម្លាំងឲ្យចុះទៅធ្វើការឡោមព័ទ្ធទីតាំងរោងចក្រខាងលើភ្លាមៗតែម្តង រហូតឈានទៅដល់ការចាប់ឃាត់ខ្លួនបានមនុស្សចំនួន៩នាក់ ជាបន្តបន្ទាប់យកមកធ្វើការសាកសួរ។

សមត្ថកិច្ចបានបន្តទៀតថា ក្នុងចំណោមអ្នកដែលត្រូវឃាត់ខ្លួននោះ រួមមានមន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់ ក្រុមសន្តិសុខ ដែលយាមនៅក្នុងរោងចក្រនោះចំនួន៥នាក់ និងប្រធានរដ្ឋបាលម្នាក់ រួមជាមួយជនរងគ្រោះ៣នាក់ទៀត។ ហើយអ្នកដែលត្រូវសន្តិសុខចាប់ខ្លួននោះចំនួន៣នាក់ ក្នុងចំណោម៤នាក់ ក្នុងនោះដោយមានម្នាក់ បានយកលុយមកប្រគល់ឲ្យក្រុមខាងលើ ដើម្បីជាថ្នូរនឹងការដោះលែងរួចក៏ចេញទៅមុនបាត់ ។

សមត្ថកិច្ចបន្តថា មូលហេតុដែលធ្វើឲ្យសន្តិសុខ រួមនិងមន្ត្រីនគរបាលម្នាក់ ធ្វើសកម្មភាពចាប់ជំរិតមនុស្សទារប្រាក់ដើម្បីជាថ្នូរនឹងការដោះលែង ព្រោះមន្ត្រីនគរបាលខាងលើ រួមនិងសន្តិសុខរូបនោះ បានធ្វើការចាប់ឃាត់ខ្លួនបាន អ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប៉ុន្តែបែរជានគរបាលនិងក្រុមសន្តិសុខទាំងនេះ មិនបានប្រគល់ខ្លួនជនសង្ស័យ ឲ្យមកកាន់សមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់នោះទេ តែបែរជានាំគ្នាជំរិតទារប្រាក់ពីក្រុមអ្នកប្រើប្រាស់គ្រឿងញៀន ក្នុងម្នាក់ៗចំនួន៥០០ដុល្លារ ជាថ្នូរនឹងការដោះលែងទៅវិញ។ ហើយក្នុងចំណោមមនុស្សទាំង៩នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើ ក្នុងនោះមាននារី២នាក់ ដែលជាអ្នកយកប្រាក់ទៅលោះ បងប្អូន ដែលត្រូវសន្តិសុខចាប់ខ្លួននោះ។

ប្រភពពីស្ត្រីម្នាក់ឈ្មោះ សេង សារី អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ដែលត្រូវជាប្រពន្ធកម្មករម្នាក់ត្រូវសន្តិសុខជំរិតទារប្រាក់បានឲ្យដឹងថា ប្តីរបស់ខ្លួនពិតជាត្រូវក្រុមសន្តិសុខ ជំរិតទារប្រាក់ពិតប្រាកដមែន ហើយនៅមុនពេលកើតហេតុ ខ្លួនក៏បម្រុង យកលុយមកដើម្បីលោះប្តីខ្លួនផងដែរ។

ក្រោយពីឃាត់ខ្លួនរួចមក មនុស្សទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមក កាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕

image2 image1 image3 image4

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print