ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នេះ បើកសវនាការសំណុំរឿងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង ជំនួយការពីរនាក់ ករណីសមគំនិតក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាម បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។ ប៉ុន្តែជនជាប់ចោទទាំង៣នាក់ បច្ចុប្បន្នបានរត់គេចខ្លួនទៅក្រៅប្រទេសបាត់អស់ហើយ ។
មន្ត្រីពន្ធនាគារព្រៃស បញ្ជាក់ថា លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដែលត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៧ឆ្នាំរួចមកហើយ ត្រូវបានបញ្ជូនមកតុលាការ ដើម្បីផ្តល់ចម្លើយក្នុងនាមជាសាក្សី ។
សវនាការនេះដឹកនាំដោយលោក លាង សំណាត់ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ លោក នូ វាសនា ជាសមាជិក និង លោក សៀង សុខ ជាតំណាងអយ្យការ ។
លោក សម រង្ស៊ី លោក អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ត្រួវបានតុលាការចោទប្រកាន់ពីបទ ” សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៦២៩ មាត្រា៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ៕ ដោយ ៖ ចេស្តា