ភ្នំពេញ៖ កីឡាករសូហ្វតឺន្នីសជម្រើសជាតិកម្ពុជា ឯក ចំរើន បានវិលចូលជំរំហ្វឹកហាត់ដូចធម្មតាវិញហើយបន្ទាប់ពីកីឡាកររូបនេះបានធ្លាក់ខ្លួនឈឺធ្ងន់ក្រោយត្រឡប់មកពីហ្វឹកហាត់នៅប្រទេសកូរ៉េកាលពីចុងខែកញ្ញាកន្លងទៅ ។
តាមការបញ្ជាក់ពីគ្រូបង្វឹកកីឡាករឯក ចំរើន មានជំងឺគ្រុនឈាមត្រូវសម្រាកព្យាបាលមួយ រយៈព្រមទាំងខកខានមិនបានទៅចូលរួមប្រកួតកីឡាសូហ្វតឺន្នីសជាមួយមិត្តរួមក្រុមរបស់ខ្លួននៅឯប្រទេសកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ ។ ការខកខាន របស់កីឡាកររូបនេះក៏ជាចំណែកមួយដែលធ្វើកីឡាសូហ្វតឺន្នីសកម្ពុជាពិបាកក្នុងការប្រជែងយកមេដាយពីការប្រកួតជ្រើសរើសជើងឯកអាស៊ីសូហ្វតឺន្នីសលើកទី៨នៅ ប្រទេសកូរ៉េខាងត្បូងផងដែរ ។
កីឡាករ ឯក ចំរើន បានថ្លែងប្រាប់អ្នក សារព័ត៌មាននៅទីលានហ្វឹកហាត់កីឡាសូហ្វតឺន្នីសកាលពីថៃ្ងទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ថារូបគេពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលបានវិលត្រឡប់មកចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញ ពិសេសមានការលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានិងគ្រួបង្វឹក ហើយរូបគេក៏មានកម្លាំងសម្រាប់ហ្វឹកហាត់ជាដូចធម្មតាឡើងវិញផងដែរ។ កីឡាកររូបនេះបានបញ្ជាក់ថាសម្រាប់ការវិលត្រឡប់ មកចូលទីលានសាជាថ្មីក្រោយពីសម្រាក ព្យាបាលជំងឺរយៈពេល២ខែមកនេះខ្ញុំមានមានបេសកកម្មមួយទៀតគឺចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមត្រៀមទៅប្រកួតនៅប្រទេសថៃក្នុងព្រឹត្តិការណ៍ THAILAND OPEN ដែលនិងប្រព្រឹត្តទៅនៅអំឡុងខែ មីនា ឆ្នាំ២០១៧ខាងមុខ។
ជាមួយនិងការបង្ហាញខ្លួនសាជាថ្មីនៅលើទីលានហ្វឹកហាត់របស់កីឡាករជើងខ្លាំងខាងលើនេះរូបគេបានប្តេជ្ញាចិត្តខ្ពស់ដោយខិតខំហ្វឹកហាត់ឡើងវិញឲ្យបានល្អ និងការពារសុខភាព របស់ខ្លួនមិនឲ្យធ្លាក់ខ្លួនឈឺដូចពីមុនទៀតឡើយ។ កីឡាកររូបនេះបានបង្ហាញជំនឿចិត្តថាខ្លួនអាចដណ្តើមយកមេដាយនៅ ប្រទេសថៃបាន ខណៈដែលមិត្តរួមក្រុមរបស់ខ្លួនបច្ចុប្បន្នហាក់មានកម្រិតបច្ចេកទេសកើនខ្លាំងរហូតដណ្តើមបានមេដាយប្រាក់១គ្រឿងពីប្រទេសកូរ៉េ ដូច្នេះព្រឹត្តិការណ៍នៅប្រទេសថៃនេះ រូបគេសង្ឃឹមថាអាច ដណ្តើមយកមេដាយមកជូនជាតិបានបន្តទៀតដែរ ៕
ដោយ៖ សារីម