ខេត្តក្រចេះ ៖ ពលរដ្ឋចំនួន២ឃុំរស់នៅតាមបណ្តោយមាត់ទន្លេនៃស្រុកព្រែកប្រសព្វដែលស្ថិតនៅប៉ែកខាងលិចនៃខេត្តក្រចេះបានត្អូញត្អែរអំពីស្ថានភាពផ្លូវលំមួយខ្សែនៅតាមបណ្តោយមាត់ទន្លេពិបាកក្នុងការធ្វើដំណើរទៅមកដែលប៉ះពាល់ជាខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគាត់ ។ អ្នក ភូមិអំពាវនាវឲ្យអាជ្ញាធរពន្លឿនការកសាងផ្លូវលំដ៏សំខាន់មួយនេះនៅក្នុងមូលដ្ឋាន ពួកគាត់រស់នៅ ។
ផ្លូវលំមួយខ្សែមានប្រវែងជិត២០គីឡូម៉ែត្រពីឃុំសោប ទៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វខេត្តក្រចេះកំពុងមានស្ថានភាពខូចខ្លាំងមានទាំងផ្លូវជង្ហុកជ្រៅៗនិងល្បាប់ភក់ដែលពិបាកធ្វើដំណើរ ។ អ្នកភូមិអះអាងថាពួកគាត់បង្ខំចិត្តធ្វើដំណើរ កាត់ផ្លូវនេះទាល់តែមានកិច្ចការចាំបាច់ខានមិនបានដូចជាកូនឈឺនិងស្ត្រីមានផ្ទៃពោះត្រូវបញ្ជូនទៅមន្ទីរពេទ្យជាដើម ។
ពលរដ្ឋរស់នៅស្រុកព្រែកប្រសព្វបានលើកឡើងស្រដៀងគ្នាថាផ្លូវគឺជាសរសៃឈាមដ៏សំខាន់នៃជីវភាពរស់នៅរបស់ ពលរដ្ឋដែលទាមទារឲ្យអាជ្ញាធរស្រុកឬខេត្តក៏ដូចជារដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ អភិវឌ្ឍផ្លូវណាដែលជាតំបន់អាទិភាពមុនគេដើម្បីកាត់បន្ថយភាពក្រីក្រ ។ ពួកគាត់ ទទូចឲ្យអាជ្ញាធរមូលដ្ឋានលើកផែនការជួសជល់ផ្លូវនេះនិងចៀសវាងអូសបន្លាយពេលបង្កជាឧបសគ្គដល់អ្នកធ្វើដំណើរនិងមុខ របរទទួលទានរបស់ពលរដ្ឋ ។
អ្នកភូមិម្នាក់រស់នៅស្រុកព្រែកប្រសព្វ វ័យជាង៦០ឆ្នាំបានឲ្យដឹងថាផ្លូវលំមួយខ្សែនេះជាផ្លូវស្នូលដ៏សំខាន់នៅតំបន់នេះដែលអ្នកភូមិតែងតែធ្វើដំណើរទៅមក ។ តែ បច្ចុប្បន្ន ផ្លូវនេះកំពុងក្លាយជាឧបសគ្គចម្បងរាំងស្ទះការធ្វើដំណើររបស់អ្នកភូមិដឹកកសិផលផ្សេងៗនិងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ។ លោកបន្តថាកន្លងទៅនៅក្នុងវេទិកា សាធារណៈ អ្នកភូមិរួមទាំងរូបលោក ធ្លាប់បានស្នើសុំទៅអាជ្ញាធរឱ្យពន្លឿនជួសជុល ផ្លូវនេះ ដើម្បីសម្រួលចរាចរណ៍ដល់អ្នក ភូមិ ប៉ុន្តែអាជ្ញាធរមិនដែលរវល់រឿងសុខ ទុក្ខពលរដ្ឋតាមការស្នើសុំនោះទេ ។ លោក ថា ឲ្យតែមានមេឃភ្លៀងធ្លាក់ម្តងៗ គឺ ពិបាកធ្វើដំណើរណាស់ មិនបាច់ដល់ទៅ ជិះម៉ូតូនោះទេ សូម្បីតែដើរហ្នឹងក៏ទប់ខ្លួន មិនជាប់ដែរ ។ លោកថា ផ្លូវក្នុងភូមិលោក បើខែប្រាំងហុយដូចមេឃចុះអាប់រកសម្លឹងអ្វីមិនឃើញតែដល់ពេលខែវស្សាវិញបែក ភក់ដូចថ្លុកក្របី ។
ឆ្លើយតបរឿងនេះអភិបាលស្រុកព្រែកប្រសព្វលោកសេក ប៊ុនហេង បានឱ្យដឹង តាមទូរស័ព្ទថាលោកទទួលស្គាល់ថាផ្លូវ មួយខ្សែនេះមានស្ថានភាពលំបាកក៏ ប៉ុន្តែ ថ្នាក់ដឹកនាំស្រុកបាននិងកំពុងចាប់ផ្តើមជួសជុលបណ្តោះអាសន្នឡើងវិញបណ្តើរៗ ដោយមានការឧបត្ថម្ភពីពលរដ្ឋ ។ លោក ថា ដោយឡែកនៅដើមឆ្នាំ២០១៧ស្រុកមានគម្រោងធ្វើផ្លូវឡើងវិញ ដោយនៅកែង ជ្រោយបន្ទាយត្រូវធ្វើផ្លូវក្រាលគ្រួសក្រហម៤គីឡូម៉ែត្រជាគម្រោងរបស់សាធារណ ការនិងនៅឃុំសោប១៧គីឡូម៉ែត្រ និង ឃុំជ្រោយបន្ទាយ៧គីឡូម៉ែត្រ ៕ ដោយ ៖ កោះទ្រុង