ប្ដីស្ត្រីស្លាប់ដោយសារការវះកាត់កែសុដន់ទទូចឲ្យអាជ្ញាធររកយុត្តិធម៌ឲ្យភរិយា

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាប្ដីរបស់ស្ត្រីដែលបានបាត់បង់ជីវិតក្រោយពីការវះកាត់កែសុដន់ កាលពីថ្ងៃទី២០ ខែវិច្ឆិកា បានទទូចសុំឲ្យសមត្ថកិច្ចស្វែងរកយុត្តិធម៌ជូនភរិយា និងក្រុមគ្រួសាររបស់លោក។ លោកចង់ឃើញសមត្ថកិច្ចចាត់វិធានការច្បាប់ទៅលើម្ចាស់គ្លីនិក និងក្រុមគ្រូពេទ្យដែលបានធ្វើឲ្យភរិយាលោកស្លាប់។

បើទោះជាគ្លីនិក ឈ្មោះ ឌឺ បូតេ (De Beaute Clinic) ដែលទទួលការវះកាត់ភរិយាលោក ផៃ វាសនា ត្រូវបានសមត្ថកិច្ចបិទទ្វារមិនឲ្យធ្វើអាជីវកម្មបន្តទៀត តាំងពីថ្ងៃទី២០ ខែវិច្ឆិកា រួចហើយក្តី លោក ផៃ វាសនា នៅមិនទាន់ស្ងប់ចិត្តនៅឡើយ។

លោក ផៃ វាសនា បានឲ្យដឹងថា គ្រួសារលោកបានរៀបចំបុណ្យសពជូនភរិយារួចហើយ និងកំពុងរៀបចំធ្វើបុណ្យគម្រប់ ៧ថ្ងៃជូនភរិយាដែលនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ។

លោក ផៃ វាសនា អះអាងថា ពេលធ្វើបុណ្យ ៧ថ្ងៃភរិយាចប់ភ្លាម លោកនឹងឡើងមករាជធានីភ្នំពេញ ដើម្បីជួបសមត្ថកិច្ចបន្តស្វែងរកយុត្តិធម៌ជូនភរិយាលោកដែលបានស្លាប់។ លោកចង់ឲ្យសមត្ថកិច្ចចាប់ខ្លួនម្ចាស់គ្លីនិក និងក្រុមគ្រូពេទ្យពាក់ព័ន្ធផ្សេងទៀត ដែលធ្វើឲ្យភរិយាលោកស្លាប់មកផ្ដន្ទាទោសតាមច្បាប់៖ «មនុស្សទាំងមូលបែកបាក់គ្រួសារ វាអាណោចអាធ័មណាស់ ចង់បានផ្លូវច្បាប់ និងសងជំងឺចិត្ត។ ក្រសួងសុខាភិបាលជួយពិនិត្យគ្លីនិកណាគ្មានគុណភាពដើម្បីកាត់បន្ថយភាពប៉ះពាល់ដល់សង្គមយើង យើងពឹងលើគ្លីនិកដែលគាត់ទារយើងតម្លៃ ៣ពាន់ (ដុល្លារ) អ៊ីចឹងយើងគិតថា គាត់ល្អហើយ តែគាត់អត់ទទួលខុសត្រូវសោះ» ។ មុនឈានមកដល់ការវះកាត់សុដន់រហូតធ្វើឲ្យភរិយាលោកស្លាប់ លោក ផៃ វាសនា រម្លឹកថា ភរិយាលោកឈ្មោះ រស់ សុខនី អាយុ ៣៦ឆ្នាំ បានមើលឃើញការផ្សព្វផ្សាយរបស់គ្លីនិក ឌឺ បូតេ តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ពីការវះកាត់កែសុដន់។ ក្រោយមកភរិយាលោកបានទាក់ទងជាមួយគ្លីនិក ក្រោយព្រមព្រៀងគ្នាជាមួយលោក លោកក៏បាននាំភរិយាមកភ្នំពេញ ដើម្បីទទួលការវះកាត់ក្នុងតម្លៃ ៣ពាន់ដុល្លារអាមេរិក។ តែក្រោយការវះកាត់បាន ២ថ្ងៃ គឺនៅថ្ងៃទី២០ ខែវិច្ឆិកា ភរិយាលោកក៏បានបាត់បង់ជីវិតដែលលោកថា ជារឿងអាណោចអាធ័មខ្លាំងណាស់សម្រាប់គ្រួសារលោក ។

លោក ផៃ វាសនា៖ «នៅក្រចេះ គេកំពុងអាល័យគ្រប់គ្នា គេស្រណោះគ្រប់គ្នា។ មនុស្សមាំដូចកីឡាកាស រាងគាត់បាន។ យើងមើលតាមប្រព័ន្ធហ្វេសប៊ុក ឃើញគ្រូពេទ្យបង្ហោះវាល្អ គាត់និយាយពន្យល់យើងអ៊ីចេះអ៊ីចុះ យើងជឿទុកចិត្តលើគាត់ ពិភាក្សាជាមួយគាត់មួយខែហើយ ថាផលប៉ះពាល់យ៉ាងម៉េចខ្លះ ហើយគាត់ទារ ៣.៥០០ យើងក៏សុំ ៣.០០០ រួចគាត់ថា បើមានបញ្ហាក៏អត់វះអោយដែរ បានយើងមានទំនុកចិត្តខ្លាំង»។

មួយថ្ងៃក្រោយការស្លាប់របស់អ្នកស្រី រស់ សុខនី សមត្ថកិច្ច មន្ត្រីតុលាការ និងមន្ត្រីសុខាភិបាលបានចុះទៅពិនិត្យផ្ទាល់ដល់គ្លីនិក ឌឺ បូតេ ដែលឋិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ក្នុងពេលពិនិត្យនោះ សមត្ថកិច្ចមើលឃើញថា បន្ទប់វះកាត់គ្មានបច្ចេកទេស ហើយការស្លាប់របស់អ្នកស្រី រស់ សុខនី គឺអាចបណ្ដាលមកពីការប្រើប្រាស់ឱសថខ្វះបច្ចេកទេស។ ក្នុងពេលចុះពិនិត្យនោះ ម្ចាស់គ្លីនិកដែលគេស្គាល់ថា មានឈ្មោះ ផែ ថុង និងគ្រូពេទ្យផ្សេងទៀតនៅគ្លីនិក មិនឋិតនៅទីនោះទេ។ ប៉ុន្តែមានសេចក្តីរាយការណ៍ថា គ្លីនិក ឌឺ បូតេ បើកធ្វើអាជីវកម្មមានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺមានរយៈពេល ៨ឆ្នាំ និងមានសុពលភាពចាប់ពីខែមីនា ឆ្នាំ២០១៥ តទៅ ៕

...

unnamed-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print