ភ្នំពេញ៖ តារាចម្រៀងលោក មួន ម៉ារ៉ា ដែលបាត់មុខពីពិភពសិល្បៈជាយូរមកហើយនោះបានប្រកាសថាលោកនឹងវិលមករកការងារសិល្បៈជាថ្មី ។ តារាចម្រៀងរូបនេះគ្រោងចេញបទចម្រៀងថ្មីនាពេលខាងមុខ ស្របតាមការសំណូមពររបស់ទស្សនិកជននិងអ្នកគាំទ្រជាច្រើននោះ ។
អតីតតារាចម្រៀងប្រុសល្បីឈ្មោះលោក មួន ម៉ារ៉ា ដែលមានវ័យជិត៤០ឆ្នាំទៅហើយនោះ បានរៀបចំកម្មវិធីខួបកំណើតកូនប្រុសកាលពីថ្មីៗនេះ ។ ម្ចាស់បទ”កាដូគ្មានន័យ”រូបនេះ បានងាកមកឈោងចាប់អាជីពសិល្បៈវិញជាអ្នកដឹកនាំថតស្ប៉ត និងចម្រៀងឱ្យផលិតកម្មហង្សមាស ។ លោកបញ្ជាក់ថា បច្ចុប្បន្នកិច្ចការនេះលោកម៉ា រ៉ា នៅតែបន្តធ្វើដដែលប្រសិនបើផលិតកម្មត្រូវការ ។ លោកបានកាន់តួនាទីផ្តាច់មុខតែឯងដោយផលិតធ្វើខ្លួនឯងទាំងថតស្ប៉ត និងចម្រៀង ព្រមទាំងនិពន្ធបទថ្មីបានមួយចំនួន។ លោកបន្តដែរថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះលោកម៉ា រ៉ា ត្រៀមបង្ហាញមុខតាមកញ្ចក់ទូរស្សន៍ដោយមានបទចម្រៀងថ្មីចំនួន២បទ ។ លោកម៉ា រ៉ា ធានាថា ទាំង២បទនោះពិតជាលេចធ្លោមិនចាញ់បទ«កាដូគ្មានន័យ»ឡើយ ។ ចំពោះបទចម្រៀង២បទដែលលោកមានក្នុងដៃនៅមិនទាន់ដឹងថា ជ្រកក្រោមផលិតកម្មណានោះទេ សំខាន់ខ្ញុំចង់បញ្ចូលក្នុងប្រព័ន្ធបណ្តាញសង្គមស្ទាបស្ទង់ការស្តាប់ពីមហាជនសិនទើបគិតថាត្រូវធ្វើបែបណាទៀត ។
លោកមួន ម៉ារ៉ា និយាយថា មូលហេតុដែលលោកមកចាប់អារម្មណ៍អាជីពចម្រៀងវិញ ព្រោះតែលោកមិនចង់បាត់មុខយូរពេកពីកញ្ចក់ទូរទស្សន៍ ណាមួយមានមិត្តភក្តិចាស់ៗ និងមិត្តក្នុងហ៊្វេសបុកសំណូមពរ ។ ពិសេសក្នុងឆ្នាំ២០១៧ខាងមុខទាំងបទចម្រៀងមានបន្តបន្ទាប់ ពិសេសលោកនឹងនាំមកនូវស្នាដៃទាក់ទងនឹងវិស័យផលិតកុន ដោយលោកស្រាប់តែជក់ចិត្តនឹងការងារនេះហើយត្រៀមថតរឿងក្នុងឆ្នាំ២០១៧ខាងមុខនេះនឹងមានស្នាដៃថ្មីរបស់លោកក្នុងវិស័យភាពយន្ត។ លោកថា ការផលិតខ្សែភាពយន្តគឺលោកនឹងប្រឡូកពេញទំហឹងមិនធ្វើបែបលេងៗនោះទេ ហើយលោកក៏ចង់ឲ្យស្នាដៃរបស់លោកដែលផលិតមកមានគុណភាព ។ ម្យ៉ាងទៀតទាំងការច្រៀងសុទ្ធតែអ្នកគាំទ្រថាអាចច្រៀងបាន ណាមួយស្របពេលការមានសន្ទុះឲ្យតម្លៃលើស្នាដៃបទចម្រៀងមិនចម្លងពីបរទេសនោះ៕
ដោយ៖ វឌ្ឍនា