ភ្នំពេញ៖ បន្ទាប់ពីនារីម្នាក់ប្រឡែងលេងនឹងល្បែងស្នេហារហូតជ្រុលខ្លួននឹងប្រុសស្នហ៍ដែលស្គាល់គ្នាតាមហ្វេសប៊ុកហើយប្រុសស្នហ៍បម្រុងដោះដៃនោះ ធ្វើឲ្យរូបនាងឈឺចិត្តក្រៃទើបនៅព្រឹកថ្ងៃទី៩ខែសីហាឆ្នាំ២០១៥ នាងបានសម្រេចចិត្តមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីប្តឹងប្រុសស្នេហ៍របស់ខ្លួន ពីបទប្រើហិង្សាលើរាងកាយនិងរំលោភរួចហើយដោះដៃរត់គេចខ្លួនបាត់ ។
ប៉ុន្តែបន្ទាប់ពីទទួលដំណឹងនេះភ្លាមធ្វើឲ្យតួអង្គប្រុសដ៏ក្លាហានហ៊ានចេញមុខមកទទួលខុសត្រូវក្នុងរឿងនេះ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅចំពោះមុខសមត្ថកិច្ចដោយអះអាងថាខ្លួននឹងនាំឪពុកម្ដាយចូលប៉ុស្តិ៍ ឱ្យប៉ូលិសជួយធ្វើសាក្សីថានឹងចូលស្តីនាងជាគូអនាគត និងបានប្រកែកថា ខ្លួនមិនបានគេចវេះពីការទទួលខុសត្រូវនូវអ្វីដែលខ្លួនបានប្រព្រឹត្តនោះទេ ហើយការរើផ្ទះចេញនេះ គឺម្ចាស់ផ្ទះជាអ្នករើ មិនមែនខ្លួនជាអ្នករើនោះឡើយ ។
ជាមួយគ្នានេះដែរនៅចំពោះមុខមន្រី្តនគរបាលប៉ុស្តិ៍ទួលសង្កែ ឪពុកម្តាយទាំងសងខាងបានធ្វើកិច្ចសន្យាថានឹងរៀបការពួកគេទាំងពីរនាក់ជាគូស្វាមីនៅឆ្នាំក្រោយ នៅពេលពួកគេរឹងដៃរឹងជើងមានការងារធ្វើពេញលេញអាចសាងជីវិតថ្មីបាន ។
គួរបញ្ជាក់ថា កន្លងមកតួអង្គប្រុសឈ្មោះ សាន សឿន អាយុ៣៣ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាឯកជនមួយ នៅផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិវត្ត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបានទំនាក់ទំនងស្នេហាជាមួយតួអង្គស្រីឈ្មោះ សុខ ដានី អាយុ៣៥ឆ្នាំ រស់នៅទីរួមខេត្តកំពង់ចាម ជាបុគ្គលិកនៃក្រុមហ៊ុនឯកជនមួយតាមរយៈប្រព័ន្ធហ្វេសប៊ុកធ្វើឲ្យពួកគេបង្កើតភ្លើងស្នេហ៍យ៉ាងពុះកញ្រ្ជោលរហូតលះបង់ព្រហ្មចារីជូនគ្នាទៅវិញទៅមកទៀតផង ។ លុះក្រោយមកមិនដឹងរឿងអីស្រាប់តែ តួអង្គប្រុសដែលចាត់ទុកជាកន្លង់បានក្រេបលំអងផ្កាឆ្អែតឆ្អន់ហើយបែរជាចង់ប្តូរបង្គងថ្មី ធ្វើឲ្យតួអង្គស្រីជាកុលាបអស់ក្លិនរស់នៅឯកោតែម្នាក់ឯង ។
បើតាមនាងសុខដានី ជាកុលាបអស់ក្លិនបានរៀបរាប់ថារយៈពេលប្រហែលកន្លះឆ្នាំមកនេះ នាងបានស្គាល់គ្នាជាមួយប្រុសស្នេហ៍តាមរយៈហ្វេស ប៊ុក ដោយឆាតរកគ្នាសាសងស្នេហារហូតមក ។
៣ខែដំបូង យើងមិនបានស៊ីជម្រៅទេ ក្រោយមកដោយសារការលួងលោមប្រលោមស្នេហ៍របស់កន្លង់ព្រានដ៏ផ្អែមល្ហែម និងការសន្យាខ្យល់គ្រប់បែបយ៉ាងថានឹងយកនាងជាគូអនាគតទើបធ្វើឲ្យនាងស្លុងចិត្តព្រមប្រគល់ព្រហ្មចារីដ៏មានតម្លៃស្មើជីវិតទៅឱ្យប្រុសស្នហ៍។ ប៉ុន្តែក្រោយមកមិនដឹងរឿងអីប្រុសស្នេហ៍ចង់ដោះដៃ រហូតពេលនាងមកផ្ទះជួលរបស់ប្រុសស្នេហ៍នៅទួលសង្កែបានទាស់ពាក្យសំដីគ្នារហូតប្រុសស្នហ៍ហ៊ានវាយនាងជាំដៃ ម្ខាងនិងបិទទូរស័ព្ទ ចាក់សោបន្ទប់ជួលជាប់ព្រមទាំងរើឥវ៉ាន់ចេញអស់ហើយគេចខ្លួនបាត់ស្រមោលទៀត ។
ទោះយ៉ាងណាមន្រី្តនគរបាលប៉ុស្តិ៍ទួលសង្កែបានឲ្យដឹងថាបន្ទាប់ពីមានរឿងប្តឹងប្តល់គ្នាក្នុងបញ្ហានេះ ភាគីខាងប្រុសបានសម្រេចចិត្តឲ្យឪពុកម្តាយរបស់គេមកធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចថា នឹងស្តីដណ្តឹងនាង សុខ ដានី ធ្វើជាភរិយារៀបការតាមច្បាប់នៅឆ្នាំក្រោយ ។
គេនឹងរង់ចាំមើលថាតើគូស្នេហ៍សាងឡើងពីហ្វេសប៊ុកមួយគូនេះអាចមានសុភមង្គលទេ មុនពេលដែលពួកគេចាប់ដៃគ្នាជាគូស្វាមីភរិយាមានរឿងអាស្រូវបែបនេះទៅហើយនោះ ៕
ដោយ៖ ប្រាថ្នា