ខេត្ដព្រៃវែង៖ ល្បែងភ្នាល់បាល់ និង កន្ទុយលេខជាច្រើនកន្លែងបាននឹងកំពុង ធ្វើព្យុះធ្វើភ្លៀងទាក់ទាញអតិថិជន ដែល ជាអ្នកញៀនល្បែងឱ្យងប់ងុលយ៉ាងខ្លាំង សឹងតែចលាចលពេញស្រុក ប៉ុន្ដែអាជ្ញា ធរក៏ដូចជាមន្ដ្រីមានសមត្ថកិច្ចនៅស្ងៀមហាក់ដូចជាគ្មានរឿងអ្វីកើតឡើង ដែល ធ្វើឱ្យប្រជាពលរដ្ឋចោទប្រកាន់ថា បាន ទទួលលាភសក្ការៈពីមេល្បែងដែលបើកឱ្យប្រជាពលរដ្ឋលេងនោះ ។
ប្រជាពលរដ្ឋក្នុងឃុំព្រែកខ្សាយខ បានរិះគន់ធ្ងន់ៗឥតសំចៃមាត់ចំពោះ អាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ដ្រីនគរ បាលមានសមត្ថកិច្ចថាជាប់ពាក់ព័ន្ធ ស៊ុមគ្រលុំឃុបឃិតទទួលលាភសក្ការៈ ដែលប្រៀបដូចជាប្រាក់ប្រចាំខែទៅ ហើយពីមេល្បែងស៊ីសងដែលបើកឱ្យ ប្រជាពលរដ្ឋលេងយ៉ាងគគ្រឹកគគ្រេង ពេញស្រុកពេញភូមិ ដោយមិនមានការ បង្ក្រាប ។ ពួកគាត់ថា សមត្ថកិច្ចយើង ត្រូវទឹកលុយបាំងបិទងងឹតភ្នែកអស់ ហើយមើលអីមិនឃើញទេ សូម្បីតែ វង់ល្បែងដ៏ធំដែលគេបើកស្ទើរតែជាប់ របងប៉ុស្ដិ៍នគរបាលទៅហើយ តែគ្មាន អ្នកមើលឃើញសោះម្នាក់ៗសំងំស្ងៀម ដូចពស់ត្រៀមយកពិស ចាំតែដល់ពេល បញ្ចេញឫទ្ធិដើរប្រមូលលុយប្រចាំខែរួចជាស្រេច ។
ប្រជាពលរដ្ឋបានបង្ហាញក្ដីកង្វល់ថា ព្រោះតែល្បែងស៊ីសងទាំងអស់នោះ បច្ចុប្បន្នអំពើចោរកម្មគ្រប់ប្រភេទទាំង លក់ ទាំងឆក់ ទាំងប្លន់ ក៏បានកើតឡើង ព្រមជាមួយគ្នានេះដែរ ។ លើសពីនេះ ទៀតទំនាស់ក្នុងគ្រួសារដែលកើតឡើង ព្រោះតែប្ដីប្រពន្ធចាញ់ប្រាក់គ្មានលុយ ចូលផ្ទះរហូតបង្កជាហិង្សា ដែលកើត មានមិនចេះចប់មិនចេះហើយស្ទើររាល់ថ្ងៃក៏ជាបញ្ហាដែលអាជ្ញាធរមូលដ្ឋានមិនគួរធ្វើមិនដឹងដែរ ។
ប្រជាពលរដ្ឋបានលើកចម្ងល់ក្នុងន័យចំអកដល់សមត្ថកិច្ចដែលមិនអើពើនឹងអំពើពាលាក្នុងមូលដ្ឋានថា តើអ្វីជា គោលនយោបាយភូមិ-ឃុំមានសុវត្ថិ ភាព? ហើយតើគោលនយោបាយនេះ គេយកទៅអនុវត្ដទីណា? នៅពេលណា? ហេតុអ្វីក៏ពួកគាត់មិនដែលឃើញអាជ្ញាធរក្នុងមូលដ្ឋានរបស់ពួកគាត់អនុវត្ដ អ្វីសោះចឹង? ៕
ដោយ៖ វិបុល