នៅក្នុងសង្កាត់ព្រៃសមានករណីប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹក

ចែករំលែក៖

ភ្នំពេញ៖ សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតក្នុងប្រឡាយទឹកស្អុយ បង្កការភ្ញាក់ផ្អើល ដល់អ្នកដំណើរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យដល់កន្លែងកើតហេតុភ្លាមៗ ។

IMG-20150811-WA0112

ហេតុការណ៍ភ្ញាក់ផ្អើល កើតឡើង វេលាម៉ោង ១១និង១០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ នៅចំណុចប្រឡាយបង្ហូរទឹកស្អុយ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ  យូ សារ៉ន ហៅ យ៉ត ភេទប្រុស អាយុ៣២ឆ្នាំ គ្មានមុខរបរ  បច្ចុប្បន្នស្នាក់នៅផ្ទះជាមួយបងប្អូនក្បែរកន្លែងកើតហេតុ ។

លោកអនុសេនីយ៍ទោ អ៊ុល សំអុល នាយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកាលពីយប់ ជនរងគ្រោះ និងក្រុមគ្រួសារ បានចងមុងសំរាក នៅកន្លែងរៀងៗខ្លួន ដោយជនរងគ្រោះចងមុងដេកនៅក្នុងផ្ទះផ្នែកខាងមុខ លុះជិតភ្លឺ អ្នកក្នុងផ្ទះបានក្រោកឡើង ដើរមកមើល មិនឃើញជនរងគ្រោះនោះទេ ។

លោកនាយប៉ុស្តិ៍ព្រៃស ប្រាប់បន្តថា ការបាត់ជនរងគ្រោះពីកន្លែងដេកនេះ គឺបងប្អូនមិនមានការចាប់អារម្មណ៍នោះទេ ដោយស្មានតែជនរងគ្រោះ  ជិះកង់ចូលក្នុងភូមិ ពីព្រោះកន្លងមកជនរងគ្រោះឧស្សាហ៍ជិះកង់ចូលក្នុងភូមិជួបមិត្តភក្តិរបស់គាត់  រហូតដល់ល្ងាចទើបត្រឡប់មកផ្ទះវិញ។ លុះស្រាប់តែ នាវេលាម៉ោង ១១និង១០ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិ បានយកសំរាមមកបោះចោលនៅក្នុងប្រឡាយទឹកស្អុយនោះ ក្រឡេកភ្នែកឃើញជនរងគ្រោះដេកផ្កាប់មុខស្លាប់អណ្តែតនៅក្នុងប្រឡាយទឹកស្អុយនោះ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោមមើល  ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញកោសល្យវិច្ច័យ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះពិនិត្យដល់កន្លែងកើតហេតុ សន្មិដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារឈ្លួក់ទឹក គឺមិនមានករណីផ្សេងកើតឡើងនោះទេ ។

លោកអនុសេនីយ៍ទោ អ៊ុល សំអុល នាយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស ប្រាប់បញ្ជាក់ឲ្យដឹងថា ជនរងគ្រោះមានជំងឺប្រកាច់ (ជំងឺឆ្កួតជ្រូក)  ឧស្សាហ៍ប្រកាច់ណាស់។ ដោយឡែកការស្លាប់នេះ ទំនងជនរងគ្រោះងើបពីដេកឡើងបត់ជើងតូច រួចហើយប្រកាច់ធ្លាក់ចូលប្រឡាយទឹកស្អុយនេះគ្មានអ្មកដឹង ទើបបណ្តាលឲ្យឈ្លួក់ទឹកស្លាប់តែម្តង ។ ក្រោយពីពិនិត្យ ធ្វើកោសល្យវិច្ច័យរួចហើយ សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

IMG-20150811-WA0113

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print