ខេត្តកណ្តាល៖ ជនសង្ស័យជាចោរម្នាក់ផ្លោះរបងចូលទៅក្នុងបរិវេនផ្ទះលោកគ្រូពេទ្យ ត្រូវបានសមត្ថកិច្ចបង្រ្កាបចាប់ខ្លួនបាន កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ វឿង ដាវីត ហៅវីត ភេទប្រុស អាយុ១៦ឆ្មាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ។ ចំណែកឯជនរងគ្រោះឈ្មោះ ញ៉ែម សារឿន ហៅពេទ្យទិត្យ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរគ្រូពេទ្យ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុខាងលើនេះ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងដេកលង់លក់ក្នុងដំណេក ស្រាប់តែឮសម្លេងខុសប្លែកពីធម្មតា ក៏ក្រោកឡើងចាំមើល ខណៈនោះឃើញជនសង្ស័យកំពុងកាន់ទុំពួកថ្ពួកយកកាបូបលុយចេញពីក្នុងផ្ទះតាមបង្អួច ទើបជនរងគ្រោះស្រែកឆោឡោឡើង បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ។
ជនសង្ស័យបានសារភាពថា រូបគេពិតជាបានផ្លោះរបងចូលទៅក្នុងបរិវេនផ្ទះជនរងគ្រោះ ដើម្បីលួចទ្រព្យសម្បត្តិប្រាកដមែន ៕
ដោយ៖ ស្អាងជ័យ