ខឹងមួយឆាវ ប៊ិះវាយប្រពន្ធកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីវ័យណាស់ម្នាក់ ខណៈដែលខ្លួនផ្ទុកមេរោគអេដស៍ផង ជំងឺរបេងផង កំពុងដេកសម្រាកព្យាបាលថែសុខភាព នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ អស់រយៈពេលជាង១ខែ បែរជាលោកប្តីហារស្តីចោទប្រកាន់ថាដេកសង្ងំមានសាហាយទៅវិញ អំណាចនៃកំហឹងខឹងរហូតអត់ទ្រាំពុំបាន ទៅតាមដល់មន្ទីរពេទ្យ វាយប្រ៉ាវរំសាយកំហឹង បង្កឲ្យផ្អើលអ្នកជម្ងឺ និងគ្រូពេទ្យ កាលពីវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែក ។

ស្រ្តីខាងលើមានឈ្មោះជិន មុំ អាយុ៣២ឆ្នាំ មានជំងឺប្រចាំកាយ អេដស៍ និងរបេង ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិ បឹងត្រាញ់ខាងត្បូង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកលោកប្តី ចិត្តភ្លើងមានឈ្មោះ ហួត ម៉ុងហាក់ អាយុ៤៣ឆ្នាំ មានស្រុកកំណើតភូមិក្បាលថ្នល់ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ ស្រ្តីខាងលើមានជំងឺអស់រយៈពេល១៨ឆ្នាំកន្លងមកហើយ រស់ទាំងត្រដរ រាងកាយស្បែកដណ្តប់ឆ្អឹង មានកូនចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ។

តាមសម្តីស្រ្តីខាងលើ បានឲ្យដឹងថា ក្រោយពីលែងលះជាមួយប្តីដើមរួចមក បានយកប្តីក្រោយបុរសឈ្មោះហួត ម៉ុងហាក់ ខាងលើបានគ្នារយៈពេល៥ឆ្នាំ មកហើយមានទាំងកូនម្នាក់ ហើយរូបគាត់ធ្លាក់ខ្លួនមានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ តែដោយសារសភាពជំងឺចេះតែដុនដាបទៅៗ ក៏សម្រេចចិត្តទៅសម្រាកនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង អស់រយៈពេលជាង១ខែ រស់ដោយសារគ្រូពេទ្យ អ្នកជិតខាង ហុចជាបាយ ជាទឹក រីឯប្តីយូរៗមកអើតមើលម្តង ។

ស្រ្តីដដែលបន្តទៀតថា លុះរហូតមកដល់យប់ថ្ងៃទី២៥ ខែវិច្ឆិកា លោកប្តីបានមកតាមហៅឲ្យទៅរកហូបអ្វីនៅខាងក្រៅ តែដោយសារសុខភាពមិនមាំទាំ គ្មានអារម្មណ៍នឹកចង់ហូបអ្វីកើត ក៏មិនបានទៅតាមអ្វីដែលប្តីហៅនោះទេ ស្រាប់តែនៅវេលាម៉ោងខាងលើព្រឹកថ្ងៃទី២៦ នេះលោកប្តីបានមកមន្ទីរពេទ្យម្តងទៀត ដោយមានកំហឹងពេញខ្លួន ណាត់ទៅហូបអ្វីស្រីមិនព្រមទៅផង កើតជាទំនាស់សម្តី ស្តីជេរនិងចោទប្រកាន់លើប្រពន្ធថា សម្ងំដេកមានសាហាយទៅវិញ ចឹងតើទើបមិនទៅផ្ទះមើលថែកូន មិនតែប៉ុណ្ណោះឈានទៅដល់បង្កហិង្សាវាយប្រ៉ាវផ្អើលអ្នកជំងឺក្បែរខាង និងគ្រូពេទ្យជួយអន្តរាគមន៍ ចាប់ឃាត់ជៀសវាងបង្កបញ្ហា។

ក្រោយមកក្រុមគ្រូពេទ្យបានពន្យល់ណែនាំ ទើបបុរសជាប្តីទន់ចិត្ត ដឹងនូវកំហុសរបស់ខ្លួនស្តាប់នូវការទូន្មានរបស់គ្រូពេទ្យ រួចក៏សុំទោស ប្រពន្ធ និងគ្រូពេទ្យ ហើយផ្តល់ថវិកាចំនួន៣០ដុល្លារ ជូនទៅភរិយា សម្រាប់មើលថែសុខភាព រួចរាល់ហើយទើបលាប្រពន្ធវិលត្រឡប់ទៅមើលថែកូនឯស្រុកកំណើតវិញ ៕

image2 image1 image3

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print