ប្រទេសទួរគីទើបតែទទួលរងការវាយប្រហារសម្លាប់រង្គាលនេះទេកាលពីថ្ងៃទី១០ ខែសីហា ដោយកងកម្លាំងសន្តិសុខ៦នាក់ត្រូវបានសម្លាប់ ចំណែកឯអគ្គកុងស៊ុលរបស់សហរដ្ឋអាមេរិកប្រចាំនៅទីក្រុង អីស្តង់ប៊ូល ក៏ទទួលរងការវាយប្រហារដោយខ្មាន់កាំភ្លើងផងដែរ ។
អំពើហិង្សា ដែលអាជ្ញាធរទួរគីបានបន្ទោសទៅលើក្រុមរ៉ាឌីកាល់ឃើដ និងក្រុមរ៉ាឌីកាល់ ម៉ាក្សនោះបានកើតឡើងភ្លាមៗ បន្ទាប់ពីទីក្រុងអងការ៉ា បានប្រកាសកំណត់គោល២ នៅក្នុងការប្រឆាំងក្រុមភេរវកម្ម ដោយគោលដៅទីមួយគឺប្រឆាំងទៅលើក្រុមរដ្ឋអិស្លាម IS និងគោលដៅទីពីរគឺប្រឆាំងទៅលើក្រុម គណបក្សពលករឃើដ (PKK) បន្ទាប់ពីអំពើហិង្សាវាយប្រហារជាបន្តបន្ទាប់នៅក្នុងទឹកដីទួរគីក្នុងរយៈពេលចុងក្រោយនេះ ។
ការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១០ ខែសីហា នេះធ្វើឲ្យមានការកង្វល់ពីបញ្ហាសន្តិសុខជាថ្មីទៀតនៅទូទាំងប្រទេសទួរគី ខណៈដែលអំពើហិង្សាធ្លាប់បានផ្ទុះឡើងនាពេលកន្លងមក ហើយទើបតែបានស្រាកស្រានទៅវិញក្រោយកិច្ចព្រមព្រៀងឈប់កាលពីឆ្នាំ២០១៣រវាងរដ្ឋាភិបាល នឹងក្រុមPKK នោះ ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន និងសហគមន៍អឺរ៉ុបបានថ្កោលការវាយប្រហារភេរវកម្មកើតឡើងនៅក្នុងប្រទេសទួរគីនេះ ។ លោកបាន គីមុន បានសម្តែងការសង្ឃឹមថា ជនរៀបចំវាយប្រហារ ឬអ្នកនៅពីក្រោយខ្នងទង្វើនេះត្រូវតែនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ។
កម្លាំងសន្តិសុខទួរគី៤នាក់ផ្សេងទៀតបានបាត់បង់ជីវិតផងដែរដោយសារតែការវាយប្រហារបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវ ។ ហេតុការណ៍នេះគេទម្លាក់កំហុសទៅលើក្រុមសកម្មប្រយុទ្ធជនជាតិឃើដ ដែលមានមូលដ្ឋានស្ថិតនៅទិសទក្សិណស្រុក Silopi ខេត្ត Sirnak ដែលមានព្រំដែនជាប់ជាមួយអ៊ីរ៉ាក់ និងស៊ីរី ។ នេះបើតាមការផ្សព្វផ្សាយបណ្តាញព័ត៌មានទួរគី Anatolia ។
ជាមួយគ្នានេះដែរ យោធាទួរគីក៏បានប្រកាសដែរថា កម្លាំងរបស់ខ្លួនម្នាក់ទៀតបានបាត់បង់ជីតិនៅក្នុងហេតុការណ៍ដាច់ដោយឡែក គឺក្រុមឧទ្ទាមឃើដបានវាយប្រហារទៅលើឧទ្ធម្ភាគចក្រយោធាដោយប្រើមីស៊ីល ស្ថិតនៅក្នុងតំបន់ Sirnak Beytussebap ។
រដ្ឋាភិបាលបានចេញសេចក្តីប្រកាសថា នៅក្នុងទីក្រុងអីស្តង់ប៊ូល ជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាត់បានបង្កប់គ្រឿងផ្ទុះនៅក្នុងរថយន្តហើយបានបញ្ជាឲ្យផ្ទុះស្ថិតនៅស្ថានីយប៉ូលិសមួយកន្លែងក្នុងសង្កាត់ Sultanbeyli ទាំងកណ្តាលយប់អធាត្រ បណ្តាលឲ្យរបួស១០នាក់ ក្នុងនោះមានប៉ូលិស៣នាក់ ។
ការប៉ះទង្គិចជាមួយកងកម្លាំងប៉ូលិសបានកើតឡើងទាំងយប់ ។ នាយប៉ូលិសម្នាក់ឈ្មោះ Beyazit Ceken បានរងរបួសធ្ងន់ ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យ ។
ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានចូលរួមពិធីបុណ្យសពនេះដែរ ។ ការប៉ះទង្គិចនេះ ពួកភេរវករ២នាក់ត្រូវបានសម្លាប់ ក្នុងនោះមានជនវាយប្រហារគ្រាប់បែកអត្តឃាតផងដែរ ។
កាលពីថ្ងៃទី១០ ខែសីហានោះដែរ ស្ត្រីពីរនាក់ប្រដាប់ដោយអាវុធ ទាំងវេលាព្រឹកព្រលឹមបានបើកការបាញ់ប្រហារទៅលើស្ថានកុងស៊ុលអាមេរិកដែលមានកំផែងការពាររឹងមាំស្ថិតនៅជាយក្រុងអីស្តង់ប៊ូល ។ ជនវាយប្រហារម្នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីរងរបួសដោយការបាញ់ជាមួយកម្លាំងប៉ូលិស ។
ក្រុមរណសិរ្សរំដោះប្រជាជនបដិវត្តន៍ម៉ាក្សនិយម(DHKP-C)ដែលគ្មានច្បាប់ទម្លប់បានប្រកាសថា សកម្មប្រយុទ្ធរបស់ខ្លួនម្នាក់ ឈ្មោះ Hatice Asik ជាអ្នករៀបចំវាយប្រហារនេហ ។ ក្រុម DHKP-C បានវាយប្រហារជាច្រើនលើកនៅក្នុងប្រទេសទួរគីកាលពីអតីតកាល ។ ក្រុមនេះបានប្រកាសទទួលស្គាល់ការវាយប្រហារអត្តឃាតនៅក្នុងឆ្នាំ២០១៣ទៅលើស្ថានទូតអាមេរិកប្រចាំនៅទីក្រុង អង់ការ៉ា(Ankara) ។
អាជ្ញាធរទួរគីបានដាក់ការសង្ស័យទៅលើក្រុម DHKP-C ក្រុមរដ្ឋអិស្លាម IS និងក្រុម PKK ថាជាអ្នកដែលស្ថិតនៅពីក្រោយការវាយប្រហារភេរវកម្មនៅក្នុងប្រទេសទួរគីកាលពីពីរសប្តាហ៍កន្លងមកនេះ ។
អ្នកនាំពាក្យស្ថានកុងស៊ុលមួយរូបបានបញ្ជាក់ថា ស្ថានការសន្តិសុខនៅតឹងតែង ស្ថិតនៅជិតទីតាំងស្ថានកុងស៊ុល ដែលអគារសាធារណៈនៅជុំវិញនោះ បន្តបិតនៅឡើយដើម្បីបន្តការស៊ើបអង្កេតត្រួតពិនិត្យ ។ មន្ត្រីទួរគីមួយរូបបានបញ្ជាក់ថា ការវាយប្រហារស្ថានកុងស៊ុលអាមេរិកនៅពេលនេះមានជាប់ពាក់ព័ន្ធជាមួយក្រុម DHKP-C ។ រីឯការវាយប្រហារបំផ្ទុះគ្រាប់បែកស្ថានីយប៉ូលិសក្នុងទីក្រុងអីស្តង់ប៊ូលនោះគឺបង្កឡើងដោយក្រុម PKK ។ ប៉ុន្តែទោះបីយ៉ាងណាការវាយប្រហារទៅលើស្ថានីយប៉ូលិសនេះ ក្រុមឆ្វេងនិយមតូចៗ គឺក្រុម HSB បានថ្លែងតាមប្រព័ន្ធធ្វីធើថា ជាទង្វើរបស់ខ្លួនផងដែរ ។
ទីភ្នាក់ងារព័ត៌មានទួរគី Anatolia បានផ្សព្វផ្សាយថា កាលពីសប្តាហ៍មុនរហូតមកដល់ពេលនេះ ក្រុមភេរវកម្ម៣៩០នាក់ត្រូវបានសម្លាប់ តាមរយៈការធ្វើយុទ្ធនាការពីលើដែនអាកាសទួរគី និងពីតំបន់ភាគខាងជើងអីរ៉ាក់ ។ ជាមួយគ្នានោះដែរ ក្រុមឧទ្ទាម៤០០នាក់ផ្សេងទៀតរងរបួស ៕
ប្រែសម្រួល៖ យ៉ាត