ខ្យល់ព្យុះ Soudelor បានបក់បោកទៅលើប្រទេសចិន និងតៃវ៉ាន់បណ្តាលឲ្យមនុស្ស២៤នាក់បាត់បង់ជីវិត ។ ខ្យល់ព្យុះនេះបានវាយប្រហារសម្លាប់មនុស្ស១៧នាក់នៅក្នុងប្រទេសចិន គឺនៅភាគខាងកើតចិន ទីក្រុង Wenzhou និងទីក្រុង Lishui ដែលនៅទីនោះទទួលរងគ្រោះខ្លាំងជាងគេដោយារសារខ្យល់ព្យុះ Soudelor ធ្វើឲ្យបាក់ដី រលំបាក់ផ្ទះសម្បែង និងទឹកជំនន់ ។ នៅក្នុងប្រទេសតៃវ៉ាន់ឯណោះវិញ ខ្យល់ព្យុះនេះបានបក់បោក វាយប្រហារសម្លាប់មនុស្ស៧នាក់ផងដែរ ។
ខ្យល់ព្យុះនេះបានក្លាយជាខ្យល់ព្យុះមានកម្លាំងខ្លាំងបក់បោកនៅតាមឈូងសមុទ្រ បក់បោកក្នុងចម្ងាយប្រមាណ២៨៩គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែវាបានថយឥទ្ធិពលមកវិញ ។ ក្នុងឆ្នាំ២០១៥នេះ ស្ថិតនៅតំបន់ឈូងសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចមានការវាយប្រហារដោយខ្យល់ព្យុះ១០លើករួចមកហើយ ។
ទីភ្នាក់ងារស៊ីនហួបានរាយការណ៍ថា ខ្យល់ព្យុះបានបណ្តាលមនុស្សជាង១៨៥.០០០នាក់ភៀសខ្លួនទៅកាន់តំបន់ខ្ពស់ ។ មនុស្សប្រមាណ៣.១លាននាក់រងផលប៉ះពាល់ដោយខ្យល់ព្យុះនេះ ។
រហូតមកដល់ពេលនេះ ការវាយប្រហារដោយខ្យល់ព្យុះ Soudelor នៅភាគខាងជើងតៃវ៉ាន់ ទីក្រុង Hualien កាលពីចុងសប្តាហ៍មុននោះបានសម្លាប់មនុស្ស៧នាក់ និង៥នាក់ផ្សេងទៀតកំពុងនៅបាត់ខ្លួន និង៤០២នាក់រងរបួស ។
មនុស្សប្រមាណ១១.៨០០នាក់ត្រូវភៀសខ្លួន។ រដ្ឋាភិបាលតៃវ៉ាន់បានដាក់ពង្រាយទាហានជាង៣៥.០០០នាក់ដើម្បីជួយពលរដ្ឋដែលរងគ្រោះដោយខ្យល់ព្យុហ និងទឹកជំនន់ ៕
ប្រែសម្រួល៖ យ៉ាត