ភ្នំពេញ៖ ទីបំផុត តារាចម្រៀងសំនៀងថ្នម លោក អ៊ាម វន្នីបានប្រកាសជាផ្លូវការហើយថា លោកបានសម្រេចចិត្តហក់ចូលផលិតកម្មRich Kidដោយដឹកដៃតារាចម្រៀងល្បីឈ្មោះមួយចំនួនចូលរួមផងដែរ។ ក្រៅពីក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ផលិតកម្មនេះលោកក៏ ជាប្រធានផ្នែកផលិតក្នុងផលិតកម្មមួយនេះថែមទៀតផង។
ក្រោយពីចេញទៅច្រៀងនៅក្រៅប្រទេសដោយជោគជ័យរួចមកពេលនេះអតីតបេក្ខជនCambodian Idol លោក អ៊ាម វន្នី បានប្រកាសថា លោកចូលច្រៀងនៅក្នុងផលិតកម្ម Rich Kid ដែលជាផលិតកម្មថ្មីមួយជាមួយអតីតបេក្ខជន Cambodian Idol លោក មាស មុន្នីរាជ និងលោក សៅ ឧត្តម ។ តារាចម្រៀងរូបនេះបានបដិសេធមិនទទួលយកកិច្ចសន្យាជាមួយនឹងផលិតកម្មធំៗល្បីឈ្មោះមួយចំនួន ព្រោះតែតារាចម្រៀងរូបនេះចង់បានសិទ្ធិសេរីភាពច្រើនទាំងការច្រៀង និងនិពន្ធបទចម្រៀងនោះ។
លោក អ៊ាម វន្នីបញ្ជាក់ថា លោកបានចុះកិច្ចសន្យាជាផ្លូវការហើយជាមួយផលិតកម្មខាងលើ ប៉ុន្តែលោកមិនលម្អិតអំពីកិច្ចសន្យានោះទេ។ លោកទទួលស្គាល់ថា ពិតជាបានតំណែងជាប្រធានផ្នែកផលិតបន្ថែមលើការងារជាអ្នកពនិពន្ធ និងជាតារាចម្រៀងប្រចាំផលិតកម្មនេះ។ លោកថា តួនាទីជាប្រធានផ្នែកផលិតនេះដំបូងឡើយលោកមិនហ៊ានទទួលទេ ព្រោះគិតថាមានបទពិសោធន៍សិល្បៈនៅស្ដួចស្ដើងពេក ប៉ុន្តែដោយសារខាងថៅកែផលិតកម្មប្រាប់ថា គាត់មានទំនុកចិត្តនិងជឿជាក់ថា លោកធ្វើការនេះបាន ស្របពេលគ្មានអ្នកកាន់ការងារនេះផង លោកក៏ទទួលតែម្ដងទៅ។
អ្នកចម្រៀងOriginal រូបនេះលើកឡើងថា បទចម្រៀងរបស់លោក និងតារាចម្រៀងក្នុងផលិតកម្មថ្មីនេះនឹងចេញលក់ក្នុងពេលឆាប់ៗនេះជាមួយនឹងបទចម្រៀងថ្មីដែលមិនចម្លងពីគេ ហើយយ៉ាងតិចក៏នឹងមានស្នាដៃបទចម្រៀងថ្មីប្រមាណ២វ៉ុលនឹងត្រូវចេញលក់នៅលើទីផ្សារក្នុងរយៈពេលបីខែម្តង។
លោក អ៊ាម វន្នី បញ្ជាក់ដែរថា ពេលនេះស្នាដៃបទចម្រៀងមួយចំនួនកំពុងតែចាប់ផ្តើមចេញផលិតជាMV ដែលលោករំពឹងដែរថា បទចម្រៀងមួយចំនួននឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕
https://youtu.be/JBPX3yNKOZk
ដោយ៖ វឌ្ឍនា