1-212

ប្រាសាទបាយ័នកំពុងជួសជុលស្តារឡើងវិញដោយគម្រោងជប៉ុន-អប្សរា

nkd-36x6_outline

ខេត្តសៀមរាប៖ ប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ដោយភាពមហិមានៃសំណង់ ទឹកមុខញញឹមនៃចម្លាក់មុខព្រហ្មនៃប្រាង្គប្រាសាទបាយ័ន រួមនឹងក្បូរក្បាច់រចនា និងចម្លាក់ពិពណ៌នានូវជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសម័យនោះផង ប្រាសាទនេះបានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ដែលមកទស្សនាអង្គរ។

ដោយសារអាយុកាលដ៏យូរលង់ ប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរ ក៏ទទួលរងនូវភាពទ្រុឌទ្រោមជាបន្តបន្ទាប់។ ប្រាសាទបាយ័នក៏ដូចគ្នា ផ្នែកខ្លះនៃប្រាសាទនេះបានជ្រុះធ្លាក់ ហើយផ្នែកខ្លះទៀតក៏ពុកផុយ ចម្លាក់មួយចំនួនក៏សឹករេចរឹលស្ទើរមើលលែងយល់ទៀតផង។ តាមឯកសារដែលនៅសេសសល់ យើងបានដឹងថា ប្រាសាទបាយ័នត្រូវបានធ្វើការសិក្សាស្រាវជ្រាវ និងអភិរក្សជួសជុលជាបន្តបន្ទាប់ តាំងពីជំនាន់បារាំងនៅគ្រប់គ្រងម្ល៉េះ។ ជាក់ស្តែង មានដុំថ្មប្រាសាទរាប់ម៉ឺនដុំ ដែលត្រូវបានបារាំងប្រមូលយកមកគរទុកនៅក្នុងប្រាសាទដើម្បីធ្វើការអភិរក្ស និងប្រើប្រាស់ឡើងវិញសម្រាប់ការងារជួសជុល។

ចាប់តាំងពីអង្គរត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩២មក ស្ថាប័នជាតិនិងអន្តរជាតិបានចាប់ផ្តើមចូលមកចូលរួមអភិរក្សជួសជុលប្រាសាទនានាក្នុងតំបន់អង្គរ។ ដោយឡែក ក្រុមការងាររដ្ឋាភិបាលជប៉ុនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា JSA (Japanes Government Team for Safeguarding Angkor) ក៏បានចូលមកជួយអភិរក្សជួសជុលប្រាសាទក្នុងទឧទ្យានអង្គរដែរ ដោយបានជ្រើសរសើប្រាសាទបាយ័នសម្រាប់ជួសជុលអភិរក្សតាំងពីឆ្នាំ១៩៩៤មកម្ល៉េះ។ ប៉ុន្តែចាប់ពីឆ្នាំ២០០៥មក JSA បានសហការជាមួយអាជ្ញាធរជាតិអប្សរាបង្កើតស្ថាប័នរួមគ្នាមួយហៅថា JASA (JAPAN-APSARA team for Safeguarding Angkor)។

លោក សឿ សុធី ស្ថាបត្យករ និងជាប្រធានការិយាល័យ JASA ប្រចាំខេត្តសៀមរាប ដែលកំពុងដឹកនាំការងារជួសជុលនៅប្រាសាទបាយ័នបានឲ្យដឹងថា ការអភិរក្សជួសជុលរបស់ស្ថាប័ន JSA តាំងពីឆ្នាំ១៩៩៤មកចែកចេញជា៤ដំណាក់កាលផ្សេងៗគ្នា។ ក្នុងនោះពីឆ្នាំ១៩៩៤-១៩៩៩ បានធ្វើការជួសជុលនូវបណ្ណាល័យខាងជើងនៃប្រាសាទបាយ័ន។ ឆ្នាំ២០០០-២០០៥ ជួសជុលបណ្ណាល័យខាងជើងច្រកចូលខាងលិចនៃប្រាសាទអង្គរវត្ត និងជួសជុលនៅប្រាសាទសួព្រ័ត្រ។ ដោយឡែក ស្ថាប័នJASA បានអនុវត្តការងារចាប់ពីឆ្នាំ២០០៦-២០១១ ដោយជួសជុលបណ្ណាល័យខាងត្បូងនៃប្រាសាទបាយ័ន ពង្រឹងប្រាង្គកណ្តាល អភិរក្សចម្លាក់នៅលើជញ្ជាំងខាងក្នុងនៃប្រាសាទ និងពីឆ្នាំ២០១១-២០១៦ ដោយជួសជុលខឿនស្លាបសងខាងរានហាលខាងកើត ពង្រឹងឡើងវិញនូវរចនាសម្ព័ន្ធប្រាង្គកណ្តាល និងលាងសម្អាតស្លែនៃចម្លាក់នៅលើជញ្ជាំងខាងក្នុងនៃប្រាសាទបាយ័ន។

ក្រៅពីការងារអភិរក្សជួសជុលប្រាសាទ JASA ក៏បានផ្តោតយ៉ាងសំខាន់លើការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សដែលជាអ្នកបន្តវេនដ៏សំខាន់ក្នុងការងារអភិរក្សអង្គរ។ ជាក់ស្តែងរយៈពេលជាង២០ឆ្នាំកន្លងនេះ មានអ្នកជំនាញខ្មែរជាច្រើនរូបដែលទទួលបានបទពិសោធន៍លើការងារអភិរក្សជួសជុល រហូតអាចកាន់ការងារដោយខ្លួនឯងបាន។ ចំណែកការស្រាវជ្រាវវិញ ជារៀងរាល់ឆ្នាំ JASA តែងបោះពុម្ពសៀវភៅដែលបានបង្ហាញអំពីរបកគំហើញថ្មីៗរបស់ខ្លួន ចែកចាយជាចំណេះដឹងដល់អ្នកស្រាវជ្រាវ និងតម្កល់ទុកជាឯកសារប្រវត្តិសាស្ត្រដ៏សំខាន់។

ចំពោះការងារអភិរក្សជួសជុលប្រាង្គប្រាសាទក្នុងឧទ្យានអង្គរ ប្រទេសជប៉ុនបានរួមចំណែកយ៉ាងសំខាន់ ដោយបានទទួលធ្វើជាសហប្រធានគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា ICC-Angkor ជាមួយប្រទេសបារាំង។ ក្រៅពីស្ថាប័នJASA ដែលកំពុងជួសជុលប្រាសាទបាយ័ននេះ ក៏នៅមានស្ថាប័នមកពីប្រទេសជប៉ុនមួយចំនួនទៀត កំពុងបំពេញការងារយ៉ាងសំខាន់ក្នុងការជួសជុល អភិរក្ស និងស្រាវជ្រាវក្នុងតំបន់ឧទ្យានអង្គរ៕

1-212 2-206-768x512 3-170-768x512

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print