កូរ៉េខាងជើងជាប្រទេសមានអាថ៍កំបាំងបំផុតនៅលើពិភពលោកសូម្បីតែចារកម្មអាមេរិកនិងកូរ៉េខាងត្បូងមិនបានដឹងនូវអ្វីដែលបានកើតឡើងនៅក្នុងទឹកដីកូរ៉េខាងជើងនោះដែរ។ រាល់សកម្មភាពនៅទីនោះលុះត្រាណាប្រព័ន្ធផ្សព្វផ្សាយប្រទេសចេញផ្សាយទើបបានដឹងហើយការផ្សាយមានកំណត់លុះត្រាណាតែមេដឹកនាំកូរ៉េខាងជើងអនុញ្ញាតិទើបអាចផ្សាយបាន ។
នយោបាយដឹកនាំរបស់កូរ៉េខាងជើងស្ថិតនៅក្នុងមនុស្សម្នាក់ រាល់ការសម្រេចអ្វីមួយគ្មានអ្នកណាម្នាក់ហ៊ានជំទាស់នោះឡើយ ទោះបីអ្នកនោះមានមុខងារធំប៉ុនណាក៏ដោយ ក៏មិនហ៊ានជំទាស់នឹងនយោបាយដឹកនាំរបស់លោកគីមជុងអ៊ុនផងដែរ។ កាលពីជំនាន់ឪពុកគីមជុងអីល និងជីតាគីមអីលស៊ុង ទោះអំណាចប្រមូលផ្តុំលើមនុស្សម្នាក់តែលោកនៅស្តាប់តាមការលើកឡើងរបស់មន្ត្រីក្រោមឳវាទផងដែរ។ដោយឡែកមេដឹកនាំវ័យក្មេងគីមជុងអ៊ុនមិនខ្លាច មិនយល់យោគអាធ្យាស្រ័យចំពោះបុគ្គលណាមួយឡើយដែលមានជំទាស់ជាមួយលោក សូម្បីតែឪពុកមាដែលមានអំណាចធំទីពីរក៏ត្រូវលោកប្រហារជីវិតផងដែរ ។
ការមិនទុកចិត្ត មិនស្តាប់ មិនយល់យោគអាធ្យាស្រ័យ…របស់មេដឹកនាំគីមជុងអ៊ុនអាចធ្វើឲ្យលោកជួបនៅបញ្ហានាពេលអនាគតដោយសារតែអ្នកនៅជុំវិញលោកគីមជុងអ៊ុនគ្មានអ្នកណាដែលគួរឲ្យទុកចិត្តធ្វើឲ្យលោកត្រូវប្រុងប្រយ័ត្នគ្រប់ពេល ទាំងការហូបចុកផងដែរ។ទាំងនោះហើយបានធ្វើឲ្យអ្នកឯកទេសវិភាគមានមន្ទិលសង្ស័យទៅលើភាពឋិតស្ថេររបស់កូរ៉េខាងជើងក្រោមការដឹកនាំរបស់ជំនាន់ទីបី ។
សូម្បីតែមនុស្សនៅក្នុងប្រទេសរបស់ខ្លួននៅក្រោមឪវាទរបស់ខ្លួន មិនទុកចិត្តផង តើមេដឹកនាំកូរ៉េខាងជើងអាចទុកចិត្តប្រទេសក្រៅ មនុស្សនៅក្រៅប្រទេសដែរឬទេ? សូម្បីតែចិននិងរុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើង បានវិនិយោគជាច្រើននៅក្នុងទឹកដីកូរ៉េខាងជើងក៏ដូចជាទិញទំនិញពីប្រទេសនេះ ក៏មេដឹកនាំកូរ៉េខាងជើងមិនទុកចិត្តនោះដែរ។ទាំងនោះហើយបានជាមានសំណួរសួរថាតើប្រទេសណាដែលកូរ៉េខាងជើងទុកចិត្ត អាចអញ្ជើញឲ្យចូលវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន ។
អ្វីដែលគេចាប់អារម្មណ៍បំផុតនាពេលកន្លងមកនោះគឺរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានបើកជំហរអញ្ជើញជនជាតិថៃវិនិយោគនៅកូរ៉េខាងជើងដោយបានសន្យាថាផ្តល់អាទិភាពលើគ្រប់វិស័យនិងផ្តល់សិទ្ធស្វយ័ត្នឲ្យទៀតផង ។
តាមប្រសាសន៍របស់រដ្ឋមន្ត្រីការបរទេសថៃលោកTanasak Patimaprakorn បានឲ្យដឹងថា សមភាគីកូរ៉េខាងជើងលោកRi Su Yong បានអញ្ចើញបណ្តាលក្រុមហ៊ុនថៃវិនិយោគនៅតំបន់សេដ្ឋកិច្ចថ្មីនៅកូរ៉េខាងជើងដែលជិតបើកទ្វារដំណើរការហើយ។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងក៏បានសន្យាថា និងផ្តល់សិទ្ធិជាអាទិភាពដល់ក្រុមហ៊ុនថៃ។ ការប្រកាសខាងលើត្រូវបានរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលើកឡើងនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃនាពេលកន្លងមក ។
រដ្ឋមន្ត្រីការបរទេសថៃលោកTanasak បានប្រកាសឲ្យដឹងថា មូលហេតុដែលទីក្រុងព្យុងយ៉ាងចង់អញ្ជើញក្រុមអ្នកវិនិយោគថៃចូលទៅកាន់កូរ៉េខាងជើងដោយសារតែ«ជនជាតិថៃជាអ្នកកាន់ព្រះពុទ្ធសាសនា មានចិត្តល្អ មានការសណ្តោសប្រណីយល់យោគអាធ្យាស្រ័យ មានមេត្តាធម៌…ជាមនុស្សគួរឲ្យទុកចិត្ត» ហើយមិនដែលខ្វល់មិនដែលចូលរួមនៅក្នុងបញ្ហាអ្វីដែលមិនពាក់ព័ន្ធដល់ប្រទេសថៃ ។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានបញ្ចាក់ថា រដ្ឋាភិបាលថៃកន្លងមកមិនដែលរិះគន់ដល់ការដឹកនាំនយោបាយនៅកូរ៉េខាងជើងក៏ដូចជារបាយការស្តីពីការរំលោភសិទ្ធនៅកូរ៉េខាងជើងរបស់អង្គការសិទ្ធិមនុស្សដែលកូរ៉េខាងជើងបានប្រឆំាងជានិច្ច ថាកូរ៉េខាងជើងមិនដែលរំលោភសិទ្ធមនុស្សដូចការចោទប្រកាន់នោះឡើយ ។
ចំណែករដ្ឋមន្ត្រីការបរទេសថៃលោកTanasak បានបញ្ចាក់ថា «កន្លងមកកូរ៉េខាងជើងមិនដែលបើកជំហរអញ្ជើញប្រទេសណាមួយឲ្យវិនិយោគនៅក្នុងប្រទេសរបស់ខ្លួនឡើយ ប៉ុន្តែពេលនេះពួកគាត់បានអញ្ជើញយើង» ។
តាមការប្រកាសរបស់ក្រសួងការបរទេសថៃបានឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកRi Su Yong ទៅកាន់ទីក្រុងបាំងកកនាពេលកន្លងមកភាគីទាំងពីរបានពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ ទាំងវិប្បធម៌ បច្ចេកវិទ្យា ពាណិជ្ជកម្ម…។ ចំណុចសំខាន់នៅក្នុងកិច្ចពិភាក្សាគីបញ្ហាទាក់ទិននិងផលប្រយោជន៍របស់កូរ៉េខាងជើង ដូចជាសន្តិសុខស្បៀងអាហារ, កសិកម្ម, សុខភាពសាធារណ, បច្ចេកវិទ្យាព័ត៌មាន និងទេសចរណ៍ ។
នៅឆ្នាំ២០១៤ពាណិជ្ជកម្មទ្វេភាគីរវាងថៃនិងកូរ៉េខាងជើងគិតជាទឹកប្រាក់១២៦,៣៣លានដុល្លារ ក្នុងនោះទំនិញដែលថៃនាំចូលទៅកាន់កូរ៉េខាងជើងគឺផលិតផលកៅស៊ូ ជ័រ សារធាតុគីមី។ ចំណែកទំនិញដែលនាំចេញពីកូរ៉េខាងជើងរួមមាន ដែកថែប ម៉ាស៊ីុនប្រើដោយថាមពលអគ្គីសនីជាដើម ។
នៅក្នុងសេចក្តីប្រកាសខាងលើក្រសួងការបរទេសថៃបានបញ្ចាក់ថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានទៅទស្សនកិច្ចតំបន់ឧស្សាហកម្មនៅក្នុងប្រទេសថៃដើម្បីសួរនាំពីវិធីសាស្ត្រគ្រប់គ្រងឲ្យបានល្អបំផុត ។
សកម្មភាពខាងលើបានបង្ហាញឲ្យឃើញថា មានតែប្រទេសថៃប៉ុណ្ណោះដែលកូរ៉េខាងជើង អញ្ជើញទៅវិនិយោគនៅក្នុងទឹកដីកូរ៉េខាងជើង ទាំងនោះបញ្ចាក់ថាកូរ៉េខាងជើងបានទុកចិត្ត យ៉ាងខ្លាំងទៅលើប្រទេសថៃ ដែលជាអ្នកគោរពពុទ្ធសាសនា មានភាពស្មោះត្រង់មិនចេះភូតភ បោកបញ្ឆោត ឬជ្រៀតជ្រេកចូលនយោបាយផ្ទៃក្នុងរបស់ប្រទេសណាមួយនោះឡើយ ។ ទាំងនោះហើយបានជាមេដឹកនាំកូរ៉េខាងជើងទុកចិត្តទៅលើពលរដ្ឋថៃជាងប្រទេសនានាទាំងអស់នៅលើពិភពលោក ទាំងប្រទេសកូរ៉េខាងត្បូងនិងប្រទេសចិន ដែលនៅជាប់ព្រំដែនគ្នា មានការវិនិយោគជាច្រើននៅតំបន់ឧស្សាហកម្មនៅជាប់ព្រំដែននោះ ៕
ប្រែសម្រួល៖ យ៉ាត