អាជ្ញាធរខេត្តប៉ៃលិនដកអាជ្ញាប័ណ្ណបញ្ចប់អាជីវកម្មដីថ្មភ្នំនៅខេត្តប៉ៃលិនរបស់ក្រុមហ៊ុនឈុនឆាង

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បើតាមការបញ្ជាក់ពី មន្រ្តីនៃមន្ទីររ៉ែនិងថាមពលខេត្តប៉ៃលិនប្រាប់ឱ្យដឹងថា ក្រុមហ៊ុនឈុន ឆាង ដែលជីក កកាយដីភ្នំខុសបច្ចេកទេសបាក់សង្កត់លើមនុស្ស២នាក់ស្លាប់កាលពីថ្ងៃសៅរ៍ចុង សប្តាហ៍កន្លងទៅថ្មីៗនេះ ត្រូវបានអាជ្ញាធរខេត្តប៉ៃលិនដកអាជ្ញាប័ណ្ណបញ្ចប់អាជីវកម្មដីភ្នំនៅខេត្តប៉ៃលិននោះហើយក្រោយពីកើតហេតុការណ៍បង្កឱ្យមនុស្ស២នាក់ត្រូវដីនិងថ្មភ្នំបាក់សង្កត់ស្លាប់ក្នុងការដ្ឋានរបស់ខ្លួន ។

តាមការបញ្ជាក់ពីប្រធានក្រុមហ៊ុនឈុន ឆាងឱ្យដឹងថា ក្រុមហ៊ុនលោកបានដោះស្រាយផ្តល់សំណងជាទឹកប្រាក់ដល់ក្រុមគ្រួសារជនរងគ្រោះទាំង២នាក់រួចហើយៗសម្រាប់សពពលរដ្ឋម្នាក់រងគ្រោះគេចោទថាមិនគ្រប់ទឹកឈ្មោះ ធី រដ្ឋា ហៅ អ៊ួក ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងក្រុងប៉ៃលិនទៅលេងក្បែរការដ្ឋានជីកកាយដីភ្នំនោះក៏ត្រូវបានក្រុមហ៊ុនសងសំណង៤លានរៀលនិងសម្រាប់សពជនរងគ្រោះឈ្មោះ ឈីវ ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកបរ គ្រឿងចក្រអេស្កាវ៉ាទ័រ មានស្រុកកំណើត នៅភូមិកំពង់ស្ទោង ឃុំចំរើនផល ស្រុក សំពៅមាស ខេត្តពោធិ៍សាត់ ក្រុមហ៊ុនសង សំណង៦លានរៀល ។ ការសងសំណងជំងឺចិត្តក្នុងតម្លៃ៤លានរៀលទៅ៦លានរៀល ស្មើនឹងប្រាក់១.០០០ដុល្លារ និង១.៥០០ ដុល្លារបែបនេះ ត្រូវបានអ្នកខេត្តប៉ៃលិននាំគ្នានិយាយហួសចិត្តគ្រប់ៗគ្នាថាទឹកប្រាក់នោះយកទៅធ្វើបុណ្យមិនគ្រប់ផង ។ ការសងសំណងជំងឺចិត្តរបស់ក្រុមហ៊ុនដល់ក្រុមគ្រួសារសពហាក់បីដូចជាតិចតួចណាស់ មិនសក្តិសមតម្លៃជីវិតមនុស្សឡើយ ។ គេ ដាក់ការសង្ស័យថាទំនងជា ក្រុមគ្រួសារជនរងគ្រោះគ្មានជម្រើសក្រខ្សត់មិនហ៊ានតវ៉ាជាមួយក្រុមហ៊ុនដែលគេនិយាយថា មានទឹកប្រាក់និងសិទ្ធិជាមួយអ្នកមានអំណាចខ្លាំងនៅខេត្តប៉ៃលិននោះទើបសម្រេចចិត្តយកប្រាក់ទាំងនោះ ។

បញ្ហានេះអ្នកយកព័ត៌ មានយើងបានទាក់ទងទៅសាកសួរខាង អាជ្ញាធរក្រុងប៉ៃលិន និង មន្រ្តីមន្ទីររ៉ែនិងថាមពលខេត្តដែរ ប៉ុន្តែមន្រ្តីទាំងនោះឆ្លើយដាក់គ្នាទៅវិញទៅមកថាមិនទាន់ដឹងនៅឡើយនោះទេ ។ ការឆ្លើយរបស់អាជ្ញាធរ និងមន្ត្រី មន្ទីរជំនាញហាក់បីដូចជាគ្មានការទទួលការខុសត្រូវ ។
លោក កើត សុធា អភិបាលខេត្តប៉ៃលិនមិនអាចសុំការពន្យល់បានទេ ព្រោះជាប់ រវល់ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
បញ្ហានេះគេដាក់ការសង្ស័យអាជ្ញាធរ ក្រុង-ខេត្ត និងមន្ទីរជំនាញហាក់បីដូចជាគ្មានឆន្ទៈជួយដោះស្រាយមើលការខុសត្រូវជូនដល់ក្រុមគ្រួសារសពពលរដ្ឋរងគ្រោះនោះឡើយ ។
គួររំលឹកថាកាលពីល្ងាចថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០១៦នៅចំណុចផ្លូវក្រវាត់ក្រុង ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុង ប៉ៃលិន ខេត្តប៉ៃលិន មានហេតុការណ៍បាក់ដីថ្មភ្នំសង្កត់មនុស២នាក់ស្លាប់ជាមួយនឹងអេស្ការ១គ្រឿង និងរថយន្តដឹកដី១គ្រឿង សរុប២គ្រឿងរងការខូចខាតទាំងស្រុង ខណៈដែលមានអេស្កាវ៉ាទ័រ១គ្រឿងកាយដីដាក់លើរថយន្ត ។ សាកសពជនរងគ្រោះ ទាំង២នាក់បន្ទាប់មកត្រូវបានគេយក អេស្កាវ៉ាទ័រជីកកកាយយកសពចេញពីគំនរ ដីនិងថ្មជាបន្តបន្ទាប់ប្រគល់ទៅឱ្យក្រុម គ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

តាមប្រភពឲ្យដឹងថា អាជីវកម្មដីថ្មភ្នំ របស់ក្រុមហ៊ុន ឈុ ឆាង ត្រូវបានអភិបាលក្រុងប៉ៃលិនឆ្លើយថាជាកន្លែងទីតាំងដីបម្រុងសម្រាប់កសាងរដ្ឋបាលសាលាក្រុងប៉ៃ លិន ។ អាជីវកម្មដីថ្មភ្នំរបស់ក្រុមហ៊ុន ឈុន ឆាង នៅទីនោះ អភិបាលក្រុងប៉ៃលិន ប្រាប់ឱ្យដឹងថា គ្មានច្បាប់នោះទេ ប៉ុន្តែបែរ ជាអនុប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោក សួន សុខ និងប្រធានក្រុមហ៊ុន ឈុន ឆាង ប្រាប់ឱ្យដឹងថា មានច្បាប់ទម្លាប់ត្រឹមត្រូវទៅវិញ។ គេមិនដឹងថា តើហេតុអ្វី អាជ្ញាធរក្រុង និងមន្ទីរជំនាញឆ្លើយខុសគ្នា ? បញ្ហានេះគេ មានការសង្ស័យថា ប្រហែលមានរឿងអាថ៌កំបាំងអ្វីហើយនៅខាងក្រោយខ្នងនៃការធ្វើអាជីវកម្មដីថ្មភ្នំនៅចំណុច ខាងលើ ។

ការធ្វើអាជីវកម្មដីថ្មភ្នំគ្មានការត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវបង្កឱ្យមនុស្សស្លាប់បែបនេះបានរងការរិះគន់ពីសំណាក់ពលរដ្ឋ ទៅលើក្រសួងរ៉ែនិងថាមពល ដែលមិន មានការទទួលខុសត្រូវ ។ ចំណែកអាជ្ញាធរ ខេត្តប៉ៃលិន ចេញអាជ្ញាប័ណ្ណទៅឱ្យឈ្មួញនិងក្រុមហ៊ុនគ្មានការតាមដានត្រួតពិនិត្យបច្ចេកទេសនោះឡើយពោលគឺគេបណ្តែតបណ្តោយឱ្យឈ្មួញនិងក្រុមហ៊ុនធ្វើអាជីវកម្មដីថ្មភ្នំតាមតែអំពើចិត្ត ។

ករណីបាក់ដីថ្មភ្នំបានកើតឡើងម្តងរួចមកហើយនៅខេត្តបន្ទាយមានជ័យ កាលពីប៉ុន្មានខែកន្លងទៅបណ្តាលឲ្យកម្មករ៣នាក់ត្រូវថ្មភ្នំធំបាក់សង្កត់ស្លាប់ខណៈដែលជនរងគ្រោះកំពុងបញ្ជាគ្រឿងចក្រកកាយថ្មភ្នំ ។ បញ្ហានោះក៏ត្រូវគេមើលឃើញថា ដោយសារការធ្វើអាជីវកម្មថ្មភ្នំធំរបស់ក្រុម ហ៊ុនខុសបច្ចេកទេសផងដែរ។ការធ្វើអាជីវកម្មគ្មានការត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវនោះហើយត្រូវបានពលរដ្ឋលើកឡើងថា នឹងអាចកើតឡើងបង្កឱ្យមនុស្សស្លាប់បន្តទៀត បើសិនជាក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរដែនដីមិនពង្រឹងការគ្រប់គ្រងផ្នែកបច្ចេកទេសឡើងវិញនោះ ៕

lgws5773 nesb2089 mtbl2330

...

ដោយ ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print