តុលាការសវនាការរឿងក្ដីឧកញ៉ា ខូវ ផល្លាបុត្រ ករណីសមគំនិតសម្លាប់ក្រុមគ្រួសារលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល

ចែករំលែក៖

ភ្នំពេញ : សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា នេះ បើកសវនាការបណ្តឹងទាស់របស់ឧកញ៉ា ខូវ ផល្លាបុត្រ ពាក់ព័ន្ធសំណុំរឿងសមគំនិតរៀបចំគម្រោង រំលោភសេពសន្ថវៈនិងសម្លាប់ក្រុមគ្រួសារលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ។

សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ បានប្រកាសសាលក្រមផ្តន្ទាទោស ឧកញ៉ា ខូវ ផល្លាបុត្រ និងអ្នកស្រី ឡាយ ហួង ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ២០ឆ្នាំ ។

ក្រោយការសម្រេចនេះ អ្នកស្រី ឡាយ ហួង បានប្តឹងទៅសាលាឧទ្ធរណ៍ រីឯឧកញ៉ា ខូវ ផល្លាបុត្រ បានប្តឹងទាស់នឹងសាលក្រមកំបាំងមុខនេះ។

នាពេលសវនាការ លោក លឹម វណ្ណា មេធាវីការពារក្ដីឧកញ៉ា ខូវ ផល្លាបុត្រ ស្នើតុលាការទម្លាក់បទចោទប្រកាន់លើកូនក្តី ។ ប៉ុន្តែ លោក សៀង សុខ ជាតំណាងអយ្យការ សន្និដ្ឋានតម្កល់ទោសនេះទុកជាបានការដដែល ។

ទោះបីយ៉ាងណា ក្រោយការសួរដេញដោល លោកចៅក្រម សាន សុផាត បានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១២ ខែធ្នូ ខាងមុខនេះវិញ ។

គួរបញ្ជាក់ថា ក្នុងសំណុំរឿងនេះ លោក ស៊ុន ចាន់ថុល បានប្តឹងឈ្មោះ ខូវ ផល្លាបុត្រ ឈ្មោះ ខូវ ជឺលី ឈ្មោះ ឡាយ ហួង និង ឈ្មោះ ហ៊ុយ សុខលាភ ។ ប៉ុន្តែក្រោយបាន បើកការ ស៊ើបសួររួចហើយ តុលាការបានសម្រេច លើកលែងឲ្យឈ្មោះ ខូវ ជឺលី និង ឈ្មោះ ហ៊ុយ សុខលាភ ឲ្យរួចផុតពីការ ចោទប្រកាន់វិញ ពោលគឺសំណុំរឿងនេះ នៅសល់តែជនជាប់ចោទ ពីរនាក់ប៉ុណ្ណោះ គឺលោក ខូវ ផល្លាបុត្រ និងអ្នកស្រី ឡាយ ហួង៕  ដោយ ចេស្តា

...

11-30-2016-22 11-30-2016-21

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print