ខេត្តតាកែវ ៖ ក្រោយពីផ្លូវចូលសង្កាត់បារាយណ៍នៅក្រុងដូនកែវ ខេត្តតាកែវ ដែលចំណាយថវិការដ្ឋអស់រាប់រយលានរៀលធ្វើការស្ថាបនារួចតែគ្មានគុណភាពនោះត្រូវបានប្រជាពលរដ្ឋរួមទាំងចៅសង្កាត់ផង ផ្ទុះប្រតិកម្មថា មិនអាចទទួលយក បាននោះទេ ។ វប្បធម៌ ចាក់ស្តើងស៊ីក្រាស់នៅតែបន្តកើតមានយ៉ាងពេញបន្ទុកក្នុង ខេត្តតាកែវ ។
លោក ម៉ែន ចាន់ឌី ចៅសង្កាត់បារាយណ៍ បានលើកឡើងថា កាលដែលផ្លូវចូលមូល ដ្ឋានរបស់គាត់មិនទាន់ស្ថាបនាពលរដ្ឋធ្វើ ដំណើរបានយ៉ាងសប្បាយរីករាយ លុះដល់ ពេលខាងអាជ្ញាធរខេត្តដាក់ក្រុមហ៊ុនឲ្យមកធ្វើផ្លូវចូលមូលដ្ឋានរបស់លោកបែរជាផ្ទុះប្រតិកម្មពីប្រជាពលរដ្ឋស្ទើរតែរាល់ថ្ងៃ ។
លោកបន្តទៀតថា លោកជាអាជ្ញាធរមូលដ្ឋានសព្វថ្ងៃដូចជាទីងមោងគ្មានដឹងខ្យល់អីនោះទេព្រោះគេដាក់ក្រុមហ៊ុនឲ្យមកធ្វើផ្លូវចូលមូលដ្ឋានគឺគេមិនបានប្រាប់ថាជាគម្រោងអី ហើយក្រុមហ៊ុនចំណាយលុយប៉ុន្មាន ស្តង់ ដារនោះយ៉ាងមេ៉ច គេចង់ធ្វើអីក៏ធ្វើទៅធ្វើ រួចគេទៅបាត់បានតែ៣ខែពលរដ្ឋជេរផ្អើលពេញមូលដ្ឋានហើយលោកមិនដឹងបានពាក្យអ្វីទៅនិយាយជាមួយពលរដ្ឋនោះទេគឺបានត្រឹមតែគេចមុខចេញ ព្រោះផ្លូវដែលស្ថាបនារួចខូចទាំងស្រុងធ្វើដំណើរលែងកើត ។
លោកចៅសង្កាត់បានបន្ថែមទៀតថា លោកនៅមូលដ្ឋានជាមួយពលរដ្ឋផ្ទាល់ទើបលោកដឹងពីសុខទុក្ខរបស់ពួកគាត់បើថ្នាក់លើមកធ្វើបែបនេះលោកពិតជាអស់សង្ឃឹមខ្លាំងណាស់ វាមិនដែលផ្លូវធ្វើបានតែ៣ខែ ត្រូវខូចទាំងស្រុងបែបនេះទេ ។
ជុំវិញករណីខាងលើលោក មូល វិចិត្រ អភិបាលក្រុងដូនកែវ បានឲ្យដឹងថា លោក ទទួលស្គាល់ថាផ្លូវខាងលើគឺពិតជាខូចខាត និងពិបាកធ្វើដំណើរមែន តែលោកក៏មិនបានដឹងថាក្រុមហ៊ុនណាជាអ្នកទទួលបាន សិទ្ធិស្ថាបនាផ្លូវនេះដែរ ៕
ដោយ ៖ ជីសូរកា