ភ្នំពេញ៖ រថយន្តម៉ាស្ដារមួយគ្រឿងបើកក្នុងល្បឿនលឿន ខណៈដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករថយន្តកាមរីហាយប្រ៊ីឌចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងនិងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកាមរីហាយប្រ៊ីឌ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AD-5358 បើកបរដោយបុរសម្នាក់ ដែលមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ខណៈដល់ចំណុចកើតហេតុដោយបំណងបើកឆ្លងផ្លូវ តែឆ្លងបានបន្តិច ក៏ត្រូវបានរថយន្តបង្កម៉ាកម៉ាស្ដារ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AD-8207 ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដូចគ្នា ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយមិនប្រយ័ត្នក៏ជ្រុលមកបុករថយន្តកាមរីហាយព្រីតចំពីចហៀងខាងមុខពេញទំហឹង បណ្ដាលឲ្យរថយន្តកាមរីហាយព្រីតដាច់កាឡែកង់មុខផ្នែកខាងឆ្វេង ឯរថយន្តបង្កខូចខាតខាងមុខ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានចុះធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាយូរដោយមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជងគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕
...
ដោយ៖ ភារ៉ា ដង្កោ