ជេត បុរី ប្រជែងតំណែងទីផ្សារតួឪពុកខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលសម្រាប់តារាសម្តែងវ័យកណ្តាលលោក ជេត បុរី ដែលបាននិងកំពុងប្រជែងតំណែងទីផ្សារខ្លាំងលើតួសម្តែងជាឪពុកសម្រាប់ឆ្នាំនេះ។  ខណៈដែលផលិតកម្មភាគច្រើនបានផ្តល់វត្តមានដល់លោកក្នុងតំណែងជាតួឪពុកភាគច្រើនជាតួអង្គអ្នកមានទ្រព្យស្តុកស្តម។

លោក ជេត បុរី គឺជាតារាសម្ដែងវ័យ ៤៩ឆ្នាំម្នាក់ ទើបតែបានឈានជើងចូលប្រឡូកអាជីពសិល្បៈបានរយៈពេលប្រមាណជាង៣ឆ្នាំមកទេ ប៉ុន្តែរយៈពេលដ៏ខ្លីនេះលោកក្រសោបបានការងារសម្ដែងខ្សែភាពយន្តជាច្រើនរឿង ដោយទទួលតំណែងជាតួឪពុកតួឯកភាគច្រើនផងដែរ។ ចាប់តាំងពីដើមឆ្នាំ២០១៦មក លោក ជេត បុរី ទទួលបានខ្សែភាពយន្តខ្នាតធំ និងភាគមិនតិចជាង១០រឿងទេ ខណៈដែលមានរឿងខ្លះកំពុងថត និងរឿងខ្លះទៀតទើបតែក្រុងពាលី។ ខ្សែភាពយន្តទាំង៦នោះមានដូចជារឿង  “នំបុ័ងបញ្ចាំស្នេហ៍” “ចំណាព្រហ្មលិខិត” “បំណុលប្រាក់ជំពាក់ស្នេហ៍” “ហ្លួងព្រះស្តេចកន” “បន្តោងខ្សែកពេជ្រ” និងរឿង “ចាប៊ីនាគត្រាច់ចរណ៍”ជាដើម ហើយថ្មីនេះលោកក៏ត្រៀមថតបញ្ចប់រឿងចាស់គឺ វិថីនារី ចិត្តស្អប់បង្កប់ស្នេហ៍ និងរឿង វិស្សមកាលចុងក្រោយផងដែរ។ សមិទ្ធផលការងារសិល្បៈអាចបញ្ជាក់យ៉ាងច្បាស់ថា តារាសម្តែងលោក ជេត បុរី ត្បិតតែទើបល្បីឈ្មោះចូលដល់វ័យកណ្តាលក្តី តែនេះជាភាពជោគជ័យមួយ។

ថ្មីៗនេះនេះ លោកក៏បានចុះកុងត្រាខ្សែភាពយន្តដុំ និងភាគ៣រឿង ដំណាលគ្នាគឺរឿង”បំណុលស្នេហ” របស់ផលិតកម្មPR  រឿង”ផ្ការីកក្នុងចិត្ត” និងរឿង”បញ្ចប់ស្នេហ៍ត្រឹមអូន” របស់ទូរទស្សន៍CTN។ ក្រៅពីខ្សែភាពយន្តនេះលោកក៏ទទួលបានការហៅពីបណ្តាផលិតកម្មមួយចំនួនទៀតដើម្បីចូលរួមសម្តែង ប៉ុន្តែលោកកំពុងពិចារណាក្នុងការទទួល ព្រោះតែខ្លាចប៉ះពាល់ដល់ពេលវេលាការសម្តែងក្នុងរឿងផ្សេងៗ ។

លោកបញ្ជាក់ថា លោកមិនហ៊ានទទួលខ្សែភាពយន្តច្រើនពេកទេក្នុងការសម្តែងព្រោះតែលោកមិនចង់ឲ្យផលិតករឈឺក្បាលនិងមានបញ្ហាដោយសារលោក។ លោកថា វាគឺជាក្រមសីលធម៌សម្រាប់អ្នកសម្តែង ហើយជាទម្លាប់ដែលលោកគោរពេលវេលាបានត្រឹមត្រូវ ហើយវាក៏ជាមូលហេតុដែលនាំឲ្យផលិតករពេញចិត្តនឹងការងារសម្តែងរបស់លោកផងដែរ។

បើទោះបីជាចាប់ផ្តើមលេចធ្លោរខ្លាំងក្នុងអាជីពសិល្បៈក្តីក៏អ្នកជំនួញធូរធាររូបនេះហាក់មិនទាន់សំឡឹងទីផ្សារខ្ពស់ ឬប្រៀបប្រដូចខ្លួនទៅនឹងតារាសម្តែងជើងចាស់មួយចំនួនដូចជាលោក ទេព រិន្ទដារ៉ូ និងលោកហម ឈរ៉ានោះទេ ប៉ុន្តែលោកនឹងបន្តការប្រឹងប្រែងសម្រាប់ឱកាសការងារនៅឆ្នាំ២០១៧ខាងមុខ៕

borey-10 borey-11 borey-5 borey-4 borey-6 borey-8 borey-3 borey-7 borey-2 borey-1

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print