ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជាង ៤០គ្រួសារ រស់នៅក្រុមទី៦ ភូមិបុរី ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅ នេះបានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរខណ្ឌសែនសុខ ដែលមិនបានជួយដោះស្រាយបញ្ហាមន្ត្រីយោធាម្នាក់ដែលបាន សង់របងផ្ទះរំលោភយកចំណីផ្លូវសាធារណៈ របស់រដ្ឋ និងបានបង្កការលំបាកដល់ការធ្វើដំណើររបស់ពួកគាត់ ។
លោក អ៊ូ សារី ជាតំណាងប្រជាពល រដ្ឋទាំងនោះបានថ្លែងថា បញ្ហាពលរដ្ឋចោទ ប្រកាន់ថា មន្រី្តយោធា ម្នាក់ឈ្មោះ ចុន ផោះនេះបានកើតឡើងតាំង ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ម៉្លេះ ហើយ មកដល់ បច្ចុប្បន្ន គឺអាជ្ញាធរខណ្ឌសែនសុខបាន ត្រឹមតែសន្យាថា ដោះស្រាយ តែបែរជា មិនឃើញដោះស្រាយអ្វីឡើយ ដោយបាន ត្រឹមតែលើកហេតុផលថាជាប់រវល់ ។
ប្រភពដដែលបានបន្តថា កាលពីថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ លោក កែវ សាម៉ុល នាយករដ្ឋបាលសាលាខណ្ឌ សែនសុខបានកោះអញ្ជើញតំណាងពល រដ្ឋចំនួន៦នាក់ឱ្យទៅជួបលោក សាំង សុភៈវិចិត្រ ដែលជាអភិបាលរងខណ្ឌ នៅរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែលោក សាំង សុភៈវិចិត្រ មិនបានជួបប្រជាពលរដ្ឋ ដូចកាលកំណត់ទេបែរជាលើកពេលពី ម៉ោង២កន្លះទៅម៉ោង៣ និងចុងបញ្ចប់គឺថា រវល់ណាស់ មិនអាចជួបប្រជាពលរដ្ឋបាន នោះទេ ។
មិនអាចសុំការបំភ្លឺពីលោក ចុន ផោះ ដែលរងការចោទប្រកាន់បានទេ ប៉ុន្តែអ្នក ស្រី សាន ឡៃហ៊ាង ដែលជាភរិយាលោក ចុន ផោះ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កន្លងមកប្រជាពលរដ្ឋធ្លាប់បានប្តឹងអ្នកស្រី និងប្តី ទៅសាលាសង្កាត់រឿង រំលោភយក ចំណីផ្លូវនេះដែរ ហើយអ្នកស្រីបានសុំបាំងរបងតែពេលយប់ ពេលថ្ងៃបើកធម្មតា តែប្រជាពលរដ្ឋមិនព្រម ហើយបានប្តឹង ទៅខណ្ឌឱ្យចុះមកដោះស្រាយឱ្យអ្នកស្រី ថយរបងទៅក្រោយ១,៣ម៉ែត្រ អ្នកស្រី ក៏បានព្រមដែរ។ អ្នកស្រីបន្ថែមថា បើរដ្ឋ ត្រូវការពង្រីកផ្លូវ ត្រូវកាត់សំយាប ឬត្រូវ ចូលដីអ្នកស្រីនោះ គ្រួសារអ្នកស្រីស្ម័គ្រចិត្តឱ្យរដ្ឋធ្វើតាមច្បាប់។ អ្នកស្រីបន្តថា បើ ប្រជាពលរដ្ឋចង់ពង្រីក សុំពង្រីកទាំងអស់ គ្នា មិនមែនមកពង្រីកតែចំណុចផ្ទះអ្នកស្រីនោះទេ ។
ពាក់ព័ន្ធបញ្ហានេះដែរ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ បានថ្លែងថា លោកធ្លាប់បានកោះហៅ ពលរដ្ឋ មកដោះស្រាយកាលពីថ្ងៃទី២៨ ខែវិច្ឆិកានោះមែន ប៉ុន្តែការណាត់ជួបដោះ ស្រាយនោះ ត្រូវបានខកខានដោយសារលោករវល់ការងារចុះឈ្មោះបោះឆ្នោត ។ លោកបន្តថា លោកនឹងកោះហៅពលរដ្ឋ មកដោះស្រាយបញ្ហានេះ ជាថ្មីទៀតក្នុង ពេលឆាប់ៗនេះ ៕ ដោយ ៖ ហេង នរិន្ទ្រ