ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រាយការណ៍មកថា ជាប្រចាំគេសង្កេតឃើញគំនរឈើអារលេខ១ ជាកន្លែងទីតាំងដែលក្រុម ឈ្មួញមកយមកស្តុបទុក ដើម្បីលើកឡើងរថយន្តដឹកទៅលក់បន្តជាច្រើនម៉ែត្រគូប ដោយគ្មានការបង្រ្កាបពីសំណាក់មន្រ្តីជំនាញរដ្ឋបាលព្រៃឈើនោះឡើយ ។ ទីតាំងនោះនៅ មិនឆ្ងាយពីសង្កាត់រដ្ឋបាលព្រៃឈើប្រម៉ោយ និងផ្នែករដ្ឋបាលព្រៃឈើវាលវែងនោះឡើយ ដូច្នេះករណីនេះត្រូវបានគេសង្ស័យជាឆ្នាំងបាយរបស់ជំនាញ ។
ប្រភពខាងលើបន្តថា ទីតាំងគំនរឈើអារលេខ១យ៉ាងច្រើនសម្រាប់លើកឡើងរថយន្តទៅ លក់ចែកចាយនោះ នៅតាមបណ្ដោយផ្លូវជាតិលេខ៥៥ ត្រង់ចំណុចអូរដេកាលើដីចំការ ក្បែផ្ទះឈ្មោះ អឿន ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពដដែលបន្តទៀតថា គំនរឈើអារទាំងនោះជាប្រភេទឈើលេខ១ (កកោះ) ជ្រុង មុខអង្កត់ផ្ចិតចាប់ពី៣០សង់ទីម៉ែត្រទៅ៥០សង់ទីម៉ែត្រជុំ ប្រវែង៣ម៉ែត្រទៅ៤ម៉ែត្រ និងជាសន្លឹកកម្រាស់១០សង់ទីម៉ែត្រ បន្ទារ៣០សង់ទីម៉ែត្រទៅ ៥០សង់ទីម៉ែត្រ ប្រវែង ២ម៉ែត្រទៅ៤ម៉ែត្រ មានចំនួនប្រមាណ១២០ទៅ១៥០ដុំឬសន្លឹក មិនក្រោមប្រមាណចំនួន ២៥ម៉ែត្រគូបនោះទេ ហើយគំនរឈើនេះគេឃើញដឹកចូលប្រមាណ៣ទៅ៤ថ្ងៃកន្លងមកនេះ ឈើនេះគេនិងត្រៀមដឹកជំលាសចេញទៅលក់បន្តឆាប់ៗនេះឯង តាមរយៈរថយន្តធុនធំ មិនក្រោម ៣០ម៉ែត្រគូបនោះទេ ម្យាងទៀតគេមិនអាចស្តុបទុកបានយូឬច្រើនពេកនោះឡើយ មួយទៀតទីតាំងនេះមិនមែនទើបតែកើតមាននៅពេលនេះនោះទេ គឺយូរយាឆ្នាំកន្លងមកហើយ គេពុំដែលឃើញមានការបង្រ្កាបសោះ ចំណុចនេះហើយជាឆ្នាំងឆាយរបស់មន្រ្តីជំនាញ ដែល មានស្នាក់ការសង្កាត់និងផ្នែកនៅក្បែនោះ។
ពាក់ព័ន្ធនិងករណីប្រភពព័ត៌មានរាយការណ៍លើកឡើងខាងលើនេះ លោក ជា ហួត នាយផ្នែករដ្ឋបាលព្រៃឈើវាលវែងបានឲ្យនគរដ្រេហ្គនដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះថា បញ្ហាហ្នឹងលោកនឹងធ្វើការស្រាវជ្រាវ ៕ ដោយ ៖ ប៉ឹម ពិន