ខេត្តកំពង់ស្ពឺ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ដែលសមត្ថកិច្ចទទួលពីពលរដ្ឋនាពេលកន្លងមកត្រូវបានប្រគល់ឲ្យអង្គការហាឡូត្រាស់យកទៅកម្ទេចចោលជៀសបង្កាកុំឲ្យកើតហេតុការណ៍អាក្រក់ កាលពីវេលាម៉ោង៩និង២០នាទីព្រឹកនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់តែម្តង។
លោកវរសេនីយ៍ត្រី ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា កម្លាំងរបស់លោកបានសហការជាមួយអង្គការហាឡូត្រាស់(Halo Trust)ជាក្រុមស្រាវជ្រាវចំការមីន និងកម្ទេចគ្រាប់មិនទាន់ផ្ទុះបានធ្វើកាតប្រគល់ និងទទួលនូវប្រភេទគ្រាប់មួយចំនួនមានដូចជា៖ B63ចំនួន៩គ្រាប់, 82Mmចំនួន៣គ្រាប់, 60Mmចំនួន២គ្រាប់, គ្រាប់បែកចំនួន២គ្រាប់ និងគ្រាប់APKចំនួន១កេះ។
លោកអធិការបន្តថា គ្រាប់ទាំងនេះកម្លាំងសមត្ថកិច្ចរបស់លោកទទួលបានពីពលរដ្ឋដែលប្រទះឃើញតាមព្រៃនាពេលកន្លងមក។ ក្រោយទទួលបានលោកបានយកមករៀបចំទុកដាក់យ៉ាងត្រឹមត្រូវនៅក្នុងបរិវេណអធិការស្រុកជៀសវាងខ្លាចកើតហេតការណ៍អាក្រក់ដែលបណ្តាលមកពីគ្រាប់ទាំងនេះ។
តំណាងអង្គការហាឡូត្រាស់ដែលចូលរួមទទួលគ្រាប់មិនទាន់ផ្ទុះទាំងនេះក៏បានឲ្យដឹងដែរថា ក្រោយទទួលយកគ្រាប់មិនទាន់ផ្ទុះពីសមត្ថកិច្ចស្រុកឱរ៉ាល់រួចមកខាងអង្គការមានគម្រោងយកទៅកន្លែងសុវត្ថិភាពដើម្បីកម្ទេចចោល៕
...
ដោយ៖ សេនាស័ក្តិ