ខេត្តពោធិ៍សាត់ ៖ ស្រ្តីជាម្ដាយនិងកូនប្រុសបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំបុកពេញទំហឹង ខណៈកំពុងធ្វើដំណើរក្នុងទិស ដៅស្របគ្នាពីលិចទៅកើត ។ ចំណែករថយន្តបង្កធ្លាក់ចូលវាលស្រែ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីម៉ែត្រលេខ ២១៨-២១៩ ស្ថិតក្នុងភូមិ-ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកានប្រាប់ថា ជនរងគ្រោះស្លាប់ទី១ឈ្មោះ ឈុំ សំអុល ភេទស្រី អាយុ២៥ឆ្នាំ និងទី២ឈ្មោះ ភា ផានិត ភេទប្រុស អាយុ ២ឆ្នាំ (ត្រូវជាកូន) ជនរងគ្រោះទាំងពីអ្នាកម្ដាយនិងកូនខាងលើនេះ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ។ ប្រភពព័ត៌មានខាងលើបន្តថាជនរងគ្រោះម្ដាយនិងកូនប្រុសធ្វើដំណើរដោយម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D 2234 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំ មួយគ្រឿង មកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យម្ដាយនិងកូនប្រុសស្លាប់រដូករណេល និង ធ្លាក់ចូលវាលស្រែតែម្តង ។ ចំណែកអ្នកបើកបររថយន្តឃើញហេតុការណ៍បែបនេះ កចុះរត់គេចខ្លួនបាត់ស្រម៉ោលតែម្តង។
ប្រភពដដែលបន្តទៀតថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B 8877 បើកបរដោយជនម្នាក់រត់គេចខ្លួន ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច(ស្របទិសគ្នា) វត្ថុតាងម៉ូតូនិងរថយន្តបង្ក ត្រូវបានសមត្តកិច្ចនគរបាលការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យកទៅរក្សាទុកដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី ៕ ដោយ ៖ ប៉ឹមពិន