ភ្នំពេញ៖ ក្នុងឱកាស លោក Mohamed Barrah ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត អាល់ហ្សេរី ថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មាន និវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម បន្ទាប់ពីបានចូលថ្វាយសារតាំង ព្រះមហាក្សត្រ លោក ក៏បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
ជាមួយលោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ នេះ ភាគីទាំងពីរ ក៏បានប្តេជ្ញារួមគ្នា ថានឹងពង្រឹងទំនាក់ទំនងការទូត ជាប្រវត្តិសាស្ដ្រ រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។
លោកអូស្មាន ហាស្សាន់ បាន បញ្ជាក់ថា៖ ប្រទេសសាធារណរដ្ឋប្រជាធិប តេយ្យប្រជា មានិត អាល់ហ្សេរី នៅតែជាដៃគូរ ដ៍ល្អ ផ្នែកទំនាក់ទំនងការទូត ជាមួយកម្ពុជា ទោះបីការទំនាក់ទំនងរវាងប្រទេសពីរ កន្លងមកមានកាឃ្លាតឆ្ងាយបន្ដិចក្ដី តែយ៉ាង ណាវិស័យ នយោបាយ , ពាណិជ្ជកម្ម, ឧស្សាហកម្ម,កសិកម្ម និង ទេសចរណ៍ នូវតែបន្ដមក បណ្ដាក់ទុន រកសុីនៅកម្ពុជា ដោយគោរពតាមគោលនយោបាយនៃការវិនិយោគ រហូត ។ លោកបន្ដថា៖
កម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ គ្រប់ផ្នែក ព្រមជាមួយនឹងការ យកចិត្តទុកដាក់ពីសំណាក់ រាជ រដ្ឋាភិបាលកម្ពុជា ទៅលើគ្រប់សាសនា ទាំងអស់ ដែលគ្រប់សាសនាទាំងអស់កំពុងរស់នៅជាមួយគ្នាយ៉ាងមានសុខដុមនីយកម្ម។ ហើយសាសនិកឥស្លាមកម្ពុជា ក៏កំពុងទទួលបាននូវការផ្តល់ជូនសព្វគ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាល។
លោកសង្ឃឹមថា ៖ តាមរយៈ ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនេះ អាល់ហ្សេរី ដែលជាប្រទេសឥស្លាមដ៏ធំមួយ នឹង ជួយជ្រោមជ្រែង និង ទំនុកបំរុងបន្ថែមទៀត ដល់សាសនិកឥស្លាមកម្ពុជា។
លោក Mohamed Barrah បានសរសើរ ដល់រាជរដ្ឋាភិបាល កម្ពុជាដែលផ្ដល់ នូវគោល នយោបាយ ធ្វើឲ្យសាសនា ទាំងអស់អាចរស់នៅជាមួយគ្នាបាន យ៉ាងមានសេចក្តីសុខ ខណៈ ប្រទេសមួយចំនួន មិនអាចធ្វើបាន។ លោកបន្ដថា៖ កម្ពុជា និង អាល់ ហ្សេរី គឺមានទំនាក់ទំនងល្អជាមួយគ្នាជាយូរណាស់មកហើយ តាំងពីសម័យ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម ស៊ីហនុ ហើយព្រះអង្គ គឺជាមិត្តជិទស្និទ្ធជាមួយថ្នាក់ដឹកនាំអាល់ហ្សេរីថែមទៀតផង។
លើសពីនេះទៅទៀត តាមរយៈទំនាក់ទំនងល្អរវាងកម្ពុជា និង អាល់ហ្សេរី នាសម័យនោះ រដ្ឋាភិបាលអាល់ហ្សេរី ក៏បានប្រសិទ្ធនាម ផ្លូវ មួយនៅក្នុងប្រទេសខ្លួនថា «ផ្លូវព្រះស៊ីហនុ» ថែមទៀតផង។
លោកបន្ដថា៖ ប្រទេស អាល់ហ្សេរីក៏បានត្រៀមរួចជាស្រេច ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី បូករួមទាំងជំនួយមនុស្សធម៌នានា និង អាហារូបករណ៍ សម្រាប់សិស្សនិស្សិតកម្ពុជាបន្តការសិក្សាផងដែរ ។
ពាក់ព័ន្ធទៅនឹងការស្នើសុំរបស់កម្ពុជា ចូលជាសមាជិកអង្កេតការ របស់អង្គការសហប្រតិបត្តិការឥស្លាម (OIC) អាល់ហ្សេរី មិនដែលបានបដិសេធកម្ពុជាម្តងណាឡើយ តែអាហ្រិកខាងត្បូង ត្រូវបាន បដិសេធដោយ ម៉ារ៉ុក ម្លោះហើយទើបកម្ពុជាក៏មិនត្រូវបានបញ្ចូលជាសមាជិកដែរ។ ក្នុងកិច្ចរិតចំណង សាមគ្គីភាពនេះដែរ លោកឯកអគ្គរដ្ឋទូត បានអញ្ជើញថ្នាក់ដឹកនាំកម្ពុជា ធ្វើទស្សនៈកិច្ចនៅអាល់ហ្សេរី ដើម្បី ផ្លាស់ប្តូរទស្សនៈវិស័យ និងពង្រឹងទំនាក់ទំនងឲ្យកាន់តែខ្លាំងថែម ទៀត។
ទន្ទឹមនឹងនេះ រដ្ឋាភិបាល អាល់ហ្សេរី កំពុងសាងសង់វិហារឥស្លាមធំជាងគេលើពិភពលោក ដែលមានកំពស់រហូតដល់ ២៣០ម និងអាចផ្ទុកមនុស្សបានរហូតដល់ ១២ម៉ឺននាក់ ចំណាយថវិកាជាង ៦ពាន់លានដុល្លារ ដែលគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០១៧ ខាងមុខនេះ ហើយលោកឯកអគ្គរដ្ឋទូត ក៏បានអញ្ជើញថ្នាក់ដឹកនាំឥស្លាមកម្ពុជា ចូលរួមផងដែរ ៕
ដោយ៖ សំរិត