ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួនខណៈចូលទៅក្នុងហាងផឹកសុីស្រវឹងហើយយកដៃទៅស្ទាបប្រដាប់ភេទនារីរត់តុ(អ្នកគិតលុយ)ពេលដែលនាងដើរទៅគិតលុយតុរបស់ខ្លួន កាលពីវេលាម៉ោង ១០យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងហាង មនោរម្យត្រជាក់ចិត្ត លក់គ្រឿងក្លែមគ្រប់មុខ ស្ថិតតាមបណ្ដោយផ្លូវC7 ស្ថិតក្នុងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
នារីរងគ្រោះមានឈ្មោះ រាន សុវណ្ណារី អាយុ១៨ឆ្នាំ មុខរបរអ្នកគិតលុយ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនសង្ស័យមានឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីយោធា ផ្នែកផ្ដល់ព័តមាន នៃការិយាល័យទី២ ស្នាក់នៅផ្ទះលេខ២ ផ្លូវលំ ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុ។
តាមប្រភពព័ត៌មានពីនារីម្នាក់ឈ្មោះគាំង ចិន្ដា អាយុ២១ឆ្នាំ មុខរបររត់តុ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុជនបង្កបានចូលទៅហាងខាងលើដើម្បីផឹកសុីតែម្នាក់ឯងរហូតដល់គាត់ផឹកស្រាបៀអស់២កញ្ច្រែងសរុប១២កំប៉ុងក៏មានមិត្តភក្ដិរបស់គាត់២នាក់ប្ដីប្រពន្ធបានមកផឹកសុីជាមួយទៀត ហើយក្រោយមកពេលផឹកសុីរួចស្រាប់តែជនបង្កបានដើរទៅយកម៉ូតូពេលនោះនារីរងគ្រោះនិងសាក្សីម្នាក់ទៀតដែលធ្វើការជាមួយគ្នាបានដើរទៅប្រាប់ជនបង្កថា «បងពុំទាន់គិតលុយទេ» ពេលនោះជនបង្កបានឆ្លើយថា «មិនអីទេ» ហើយបន្តិចក្រោយមកជនបង្កបានយកដៃស្ទាបប្រដាប់ភេទនារីរងគ្រោះខាងលើហើយនាងបានព្យាយាមរត់គេចដែរតែត្រូវជនបង្កបានរត់ទៅម្ដងទៀតហើយបានចាប់ដៃនារីរងគ្រោះជាប់ក៏យកដៃទៅស្ទាបប្រដាប់ភេទម្តងទៀតទើបនាងរត់ទៅប្រាប់ម្ចាស់ហាងឲ្យទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ឃាត់ជនបង្កយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ។
ក្រោយសមត្ថកិច្ចសាកសួររួចជនសង្ស័យបានឆ្លើយសារភាពប្រាប់ថា រូបគេពិតជាបានធ្វើសកម្មភាពយកដៃទៅស្ទាបប្រដាប់ភេទនារីរងគ្រោះពិតមែនព្រោះតែខ្លួនស្រវឹងស្រា។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនីតិវីធី៕
...
ដោយ៖ តុង សីហា