ឃុំ​ខ្លួន​ដង្ខៅ​ផ្លែ​ឈើ​ផ្សារ​ដើមគ២នាក់​ប្តី​ប្រពន្ធ​ រឿង​ប្រាក់​៦៥​ម៉ឺន​ដុល្លារ

ចែករំលែក៖

ភ្នំពេញ ​៖ ​ ថៅកែ​លក់​ផ្លែ​ឈើ​បោះ​ដុំ​នៅ​ផ្សារ​ដើមគ​២​នាក់​ប្តី​ប្រពន្ធត្រូវ​បាន​ចៅ​ក្រម​ស៊ើប​អង្កេត​តុលា​ការ​ក្រុង​ភ្នំពេញ​ កាល​ពី​វេលា​ម៉ោង​១១​ព្រឹក ​ថ្ងៃ​ទី​០៣ ខែ​កក្កដា ឆ្នាំ​២០១៥ បាន​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃស​ជា​បណ្ដោះអាសន្ន​ ក្រោម​ការ​ចោទ​ប្រកាន់​រំលោភ​លើ​ទំនុក​ចិត្ត​ ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​ប្រមាណ​៦៥​ម៉ឺន​ដុល្លារ ដែល​ជន​ជាប់​ចោទ​បាន​ទទួល​ទំនិញ​យក​មក​លក់​ប្រមូល​ប្រាក់​អស់ហើយ តែ​មិន​បង្វិល​ថ្លៃ​ទំនិញ​ទៅ​ឲ្យ​គេ​វិញ។
ជន​ជាប់​ចោទ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ឈ្មោះ​ហូ សុខា​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​សុខ នី ហៅ​លុង អាយុ​២៥​ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​លេខ​៣៥​C ផ្លូវ​លេខ​២៣១ សង្កាត់​ផ្សារ​ដើមគ ខណ្ឌ​ទួល​គោក។
ជន​ជាប់​ចោទ​ទាំង​២នាក់​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​នៅ​ផ្សារ​ដើម​គ​បញ្ជូន​មក​តុលា​ការ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​កក្កដា តាម​ដីកា​បង្គាប់​របស់​តុលាការ។ ​ក្រោយ​ពី​បាន​ធ្វើ​ការ​សាក​សួរ​ជន​ជាប់​ចោទ​រួច​មក​ លោក​ចៅ​ក្រម​កែវ មុនី ចៅ​ក្រម​ស៊ើប​អង្កេត​តុលា​ការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ដាក់​ជន​ជាប់​ចោទ​ទាំង​២​នាក់​ប្តីប្រពន្ធ​ឈ្មោះ​ហូ សុខា និង​សុខ នី ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ និង​សម្រេច​ឃុំ​ខ្លួន​ឈ្មោះ​ហូ សុខា ជា​ប្តី​ដាក់មណ្ឌ​ល​កែ​ប្រែ​ម១ ចំណែក​ប្រពន្ធ​ឈ្មោះ​សុខ នី ដាក់​ឃុំ​ខ្លួន​នៅ​មណ្ឌល​កែ​ប្រែ​ម២ ក្រោម​បទ​ចោទប្រកាន់​រំលោភ​លើ​ទំនុក​ចិត្ត​ ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២ ​រហូត​មក​ដល់​ឆ្នាំ​២០១៥។
លោក​ជាវ វិបុល​ នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា មក​ដល់​វេលា​ម៉ោង​១៦​រសៀល​ថ្ងៃ​ទី​០៣ ខែ​កក្កដា សមត្ថកិច្ច​បាន​បញ្ជូន​ជន​ជាប់​ចោទ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ទៅ​កាន់​មណ្ឌល​កែ​ប្រែ​ព្រៃ​ស​រួច​ហើយ តាម​ដីកា​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ។
ពាក់ព័ន្ធ​នឹង​រឿង​ក្តី​ចាប់​ឃុំ​ខ្លួន​ថៅកែ​លក់​ផ្លែ​ឈើ​បោះ​ដុំ​នៅ​ផ្សារ​ដើម​គ ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ ប្រភព​ព័ត៌មាន​ពី​តុលា​ការ​បាន​ឲ្យ​ដឹង​ថា តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២​មក ឈ្មោះ​ហូ សុខា និង​សុខ​ នី បាន​ទំនាក់​ទំនង​ជា​មួយ​នឹង​អ្នក​រក​ស៊ី​នាំ​ចូល​ទំនិញ​ និង​ផ្លែ​ឈើ​ច្រើន​មក​ពី​បរទេស​មក​លក់​បោះ​ដុំ​នៅ​ផ្សារ​ដើម​គ​ និង​ផ្សារ​នាគ​មាស។ ក្នុង​នោះ​ម្ចាស់​ទំនិញ​បាន​បញ្ជូន​ទំនិញ​មក​គ្រប់​ប្រភេទ​មាន​តម្លៃ​ចំនួន​៦៥​ម៉ឺន​ដុល្លារ​មក​ឲ្យ​ឈ្មោះ​ហូ​ សុខា និង​ប្រពន្ធ​លក់ ចែក​ចាយ​នៅ​ផ្សារ​ដើម​គ ប៉ុន្តែ​នៅ​ពេល​ដែល​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​លក់​ទំនិញ​ចេញ​អស់​ប្រមូល​ប្រាក់​រួច​ហើយ​ ពួក​គេ​មិន​បាន​បង្វិល​ប្រាក់​ដើម​ទៅ​ឲ្យ​អ្នក​ផ្គត់​ផ្គង់​ទំនិញ​ទេ ហើយ​បាន​គេចវេះរហូត​មក​ ទើប​ម្ចាស់​ទំនិញ​សម្រេច​ដាក់​ពាក្យ​ប្តឹង​មក​តុលា​ការ​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់។
នៅ​ចំពោះ​មុខ​តុលា​ការ​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កក្កដា ជន​ជាប់​ចោទ​ទាំង​២​នាក់​ប្តី​ប្រ ពន្ធ​បាន​ទទួល​ស្គាល់​ប្រាក់​បំណុល​យ៉ាង​សន្ធឹក​សន្ធាប់​នោះ ប៉ុន្តែ​ថា​ពួកគេ​មិន​ទាន់​មាន​លទ្ធ​ភាព​សង​ប្រាក់​ទៅ​ម្ចាស់​ដើម​វិញ​ឡើយ ដោយ​ហេតុ​ថា​ប្រាក់​ដើម​ទាំង​នោះ​ពួកគេ​បាន​រក​ស៊ី​ចាញ់​បោក​អ្នក​ដែល​ទទួល​ទំនិញ​ទៅ​លក់​បន្ត​ទៀត​ដូច​គ្នា។
សូម​បញ្ជាក់​ថា នៅ​ពេល​ដែល​តុលា​ការ​សម្រេច​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ដាក់​ពន្ធនាគារ គឺ​ការ​សម្រេច​នេះ​បាន​បន្សល់​ទុក​ក្មេង​កំព្រា​២​នាក់ ដែល​ទើប​មាន​អាយុ​៧​ឆ្នាំ និង​៥​ឆ្នាំ ឲ្យ​នៅ​កំព្រា​គ្មាន​អ្នក​មើល​ថែ​ទាំ​ឡើយ៕

20150703-231444.jpg

20150703-231454.jpg

...

20150703-231501.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print