សម្តេចតេជោ៖ ថ្ងៃនេះខ្ញុំសប្បាយរីករាយណាស់ដែលបានមកចូលរួមក្នុងទិវាជនពិការកម្ពុជាទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៤

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពីធីអបអរសាទរទិវាជនពិការកម្ពុជា លើកទី១៨ និងទិវាជនពិការអន្តរ ជាតិលើកទី៣៤។

នេះបើយោងតាមFacebook Page របស់សម្តេចតេជោ បញ្ជាក់ថា៖ «ថ្ងៃនេះខ្ញុំសប្បាយរីករាយណាស់ដែលបានមកចូលរួមក្នុងទិវាជនពិការកម្ពុជាទី១៨ និងទិវាជនពិការអន្តរជាតិលើកទី ៣៤។ ពិធីនេះគឺយើងបង្ហាញពីការគាំទ្រជនពិការ និងរំលឹកអំពីការតស៊ូទាមសិទ្ឋិនៃជនពិការជាង៥លាននាក់នៅក្នុងពិភពលោក។ ចំពោះកម្ពុជា គឺដោយសារសង្រ្គាម និងរបបវិនាសកម្មប៉ុលពត គឺបានបន្សល់ទុកនូវស្រ្តីមេម៉ាយ កុមាកំព្រា និងជនពិការយ៉ាងច្រើន។ រាជរដ្ឋបាលកម្ពុជា បានយកចិត្តទុកដាក់ផ្តល់កម្មសិទ្ឋិដីធ្លី និងផ្ទះសម្បែងដើម្បីជួយជនពិការ និងក្រុមគ្រួសារបានទទួលសេវាសង្គមដូចៗគ្នាដោយគ្មានការរើសអើង»។

«គ្រប់ក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈ ត្រូវរៀបចំអោយជនពិការងាយស្រួលចេញចូល ដូចជាផ្លាកសញ្ញា ជម្រាលរទេះ និងជណ្តើរ ។ល។ ដើម្បីសម្រួលដល់ជីវភាពជនពិការ ខ្ញុំសម្រេចផ្តល់ទីតាំងរមណីយដ្ឋាន ”វត្តភ្នំ” ដែលមានសន្តិសុខល្អសម្រាប់ក្រុមពិការមានឱកាសសម្តែងសិល្បៈនៅក្នុងរាជធានីភ្នំពេញ។ ខ្ញុំសូមអំពាវនាវបងប្អូន កូនក្មួយពិការកុំទៅសម្តែងនៅតាមដងផ្លូវ ឬនៅក្នុងទីផ្សារតូចចង្អៀត ដែលអាចបង្កបញ្ហាសណ្តាប់ធ្នាប់ និងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។ ក្មួយៗពិការមិនត្រូវបណ្តោយខ្លួនអោយក្លាយជាឧបករណ៌អាជីវកម្មរបស់អ្នកនៅពីក្រោយខ្នងឡើយ។ សូមក្មួយៗពិការរួមគ្នា ខ្ញុំនឹងជួយទំនុកបម្រុងឧបករណ៍តន្រ្តីអោយបានល្អសមរម្យដល់ក្មួយៗសម្រាប់សម្តែង»។

«ខ្ញុំសូមអរគុណក្រសួង ស្ថាប័នពាក់ព័ន្ឋទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍន៍ទាំងអស់ រួមទាំងអង្គការ សមាគម និងវិស័យឯកជននានាដែលបានរួមចំណែកលើកស្ទួយ និងអភិវឌ្ឍន៍ជនពិការ។ ទន្ទឹមនឹងនេះ សូមបណ្តាញសារព័ត៌មានជួយផ្សព្វផ្សាយអំពីជនពិការអោយបានទូលំទូលាយ រួមទាំងដាក់អក្សរសញ្ញានៅលើកញ្ចក់ទូរទស្សន៍ជាដើម»។

«ខ្ញុំសូមជូនពរបងប្អូនជនពិការទាំងប្រទេសបានជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕

smp1 smp2 smp3 smp4 smp5 smp6 smp7 smp8 smp9 smp10

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print