“កំណត់ហេតុនាងនាថ” ផ្ទុះកក្រើកនៅបាត់ដំបងមុនពេលចាក់បញ្ចាំង ខេត្តកំពង់ចាមនិងព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ៖ ខ្សែភាពយន្តដ៏ល្បីល្បាញ”កំណត់ហេតុនាងនាថ” បានបំបែកកំណត់ត្រាក្នុងការគ្រងជាជាខ្សែភាពយន្តទទួលបានចំណាត់ថ្នាក់លេខ១ពីរសប្តាហ៍ផ្ទួនគ្នាដែលទទួលបានអ្នកចូលទស្សនាច្រើនជាងគេនៅរោងភាពយន្តទំនើបនៅរាជធានីភ្នំពេញ។ ខ្សែភាពយន្តនេះក៏ទទួលបានការគាំទ្រមិននឹកស្មានដល់គ្រាដែលយកទៅចាក់បញ្ចាំងនៅរោងភាពយន្តទីរួមខេត្តបាត់ដំបង។

ទន្ទឹមរោងភាពល្បីល្បាញនិងទទួលបានអ្នកចូលទស្សនាច្រើននៅភ្នំពេញ និងខេត្តសៀមរាបខ្សែភាពយន្តនេះកំពុងតែធ្វើឲ្យអ្នកទស្សនាតាមខេត្តនានាកំពុងតែពុះកញ្ជ្រោលនិងទន្ទឹងរងចាំការទស្សនាខ្សែភាពយន្តមួយនេះ។ ជាក់ស្តែងតាមគម្រោងខ្សែភាពយន្ត”កំណត់ហេតុនាងនាថ”ចាក់បញ្ចាំងជូនអ្នកគាំទ្ររបស់ខ្លួននៅលើទឹកដីខេត្តបាត់ដំបង ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះគឺថ្ងៃទី៣ និងទី៤ខែធ្នូនេះ ប៉ុន្តែដោយការគាំទ្រច្រើនលើសលប់បានធ្វើឲ្យខ្សែភាពយន្តនេះបន្តចាក់បញ្ចាំងមួយថ្ងៃទៀតគឺថ្ងៃទី៥ខែធ្នូនេះដែលក្នុងមួយថ្ងៃៗមានចំនួនអ្នកទស្សនាជាមួយពាន់នាក់។

ខ្សែភាពយន្ត”កំណត់ហេតុនាងនាថ” នឹងបន្តទៅចាក់បញ្ចាំងនៅលើទឹកដីនៃខេត្តកំពង់ចាមចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១០ខែធ្នូឆ្នាំ២០១៦ដែលផលិតកររំពឹងថាចំនួនអ្នកគាំទ្រខ្សែភាពយន្តនេះនឹងកើនឡើងខ្ពស់ខ្លាំងមិនចាញ់ខេត្តបាត់ដំបងនោះទេ។

អ្នកស្រី ចាន់ណា សុខឃីម ចាងហ្វាងផលិតកម្ម ឥន្ទ្រានិម្មិតភាពយន្តបានបញ្ជាក់ថា ការចាក់បញ្ចាំងនៅតាមបណ្តាខេត្តខាងលើគឺស្របតាមការសំណូមពររបស់ទស្សនិកជនក្រោយពីខ្សែភាពយន្តនេះចាប់ផ្តើមផ្ទុះការគាំទ្រខ្លាំងនៅភ្នំពេញនិងខេត្តសៀមរាប។ អ្នកស្រីបញ្ជាក់ដែរថា ក្រៅពីខេត្តទាំងពីរខាងលើផលិតកម្មគ្រោងនឹងចាក់បញ្ចាំងនៅតាមបណ្តាខេត្តនានាដែលមានរោងកុន និងសាលមហោស្រពដែលអាចចាក់បាន។ អ្នកស្រីបញ្ជាក់ដែរថា តាមការស្ទាប់ស្ទង់អ្នកគាំទ្រនៅខេត្តព្រះសីហនុក៏កំពុងតែត្រៀមរួចជាស្រេចដើម្បីទស្សនាខ្សែភាពយន្តនេះ ហើយរឿង”កំណត់ហេតុនាងនាថ”នឹងចាក់បញ្ចាំងនៅទីរួមខេត្តនេះចាប់ពីថ្ងៃទី១០ និងទី១១ខែធ្នូនេះ។

បើទោះបីជាមិនទាន់អាចបញ្ជាក់អំពីចំនួនប្រាក់ចំណូល និងចំនួនអ្នកចូលមើលក្តីក៏អ្នកស្រីនៅតែដាក់ក្តីរំពឹងខ្ពស់ដដែលថាខ្សែភាពយន្តនេះអាចហក់ឡើងខ្ពស់ជាខ្សែភាពយន្តដទៃខណៈដែលខ្សែភាពយន្តកន្លងទៅចាក់មិនបានមួយសប្តាហ៍ផងត្រូវបានរោងភាពយន្តទម្លាក់ចោលប៉ុន្តែខ្សែភាពយន្ត”កំណត់ហេតុតនាងនាថ” វិញនៅតែបន្តមានអ្នកចូលទស្សនាច្រើនលើលលប់ស្ទើររាល់ថ្ងៃហើយរោងភាពយន្តមិនទាន់បានកំណត់ថ្ងៃនៃការចាក់បញ្ចាំងនៅឡើយទេ បើទោះបីជាការចាក់បញ្ចាំងមានរយៈពេល២សប្តាហ៍មកហើយក្តី។ អ្វីដែលអ្នកស្រីចង់បញ្ជាក់ផងដែរនោះគឺការស្នើឲ្យទស្សនិកជនដែលមិនទាន់បានចូលទស្សនាមេត្តាបន្តជួយចូលរួមគាំទ្រស្នាដៃភាពយន្តរបស់កូនខ្មែរមុនពេលបញ្ចប់កំណត់កាលចាក់បញ្ចាំងព្រោះតែខ្សែភាពយន្តនេះនឹងមិនមានចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ឬតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនោះទេ។

គួរបញ្ជាក់ដែរថា ខ្សែភាពយន្តរឿង”កំណត់ហេតុនាងនាថ”ត្រូវបានចាប់ផ្តើមផលិតចាប់តាំងពីខែកុម្ភៈឆ្នាំ២០១៦ ក្រោមការដឹកនាំសម្តែងដោយផលិតករវ័យក្មេង លោក ចាន់ណា រ៉ូណាន់ និងចំណាយទុនប្រមាណ៧ម៉ឺនដុល្លារ។ តារាសម្តែងក្នុងខ្សែភាពយន្តនេះមានកញ្ញា ណាតាហ្សា លោក ប៉ែន សុភរិទ្ធិ  លោក ទេពរិន្ទ ដារ៉ូ ក្រុមតារាចម្រៀង D5net លោកភី ម៉ៃ ទ្រី លោក ទ្រី តារាវុធ កញ្ញា យ៉ែម ស្រីពេជ្រ អ្នកនាងប៉ោង ប៉ោង លោក អ៊ុក សុភរិទ្ធិ និងតារាប្រុសស្រីជាច្រើនរូបទៀត៕

btb-13 btb-12 btb-11 btb-9 btb-8 btb-7 btb-6 btb-4 btb-3 btb-5 btb-1 btb-10 btb-14 btb-17 btb-15

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print