ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនបុរសម្នាក់តាមបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះជាអនិតិជនកូនភ្លោះ២នាក់ ចោទពីបទប្រទូស្តកេរ្តិ៍ខ្មាស់ កាលពីល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសដែលរងការចោទប្រកាន់ខាងលើនោះឈ្មោះ ហួង សុផល ភេទប្រុស អាយុ៤៧ឆ្នាំ គ្មានមុខរបរ មានទីលំនៅ អមតាមផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ រិទ្ធ សុវណ្ណនីសា អាយុ៧ឆ្នាំ ជាសិស្សសាលានិងម្នាក់ទៀតឈ្មោះ រិទ្ធ សានិត អាយុ៧ឆ្នាំ ជាបងប្អូនកូនភ្លោះ មានទីលំក្បែរផ្លូវរថភ្លើង ស្ថិតក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ជនជាប់ចោទ ឈ្មោះហួង សុផល ដែលជាអ្នកភូមិនៅផ្ទះក្បែរគ្នាបានប្រើក្មេងស្រីរងគ្រោះឈ្មោះ រិទ្ធ សុវណ្ណនីសា ឲ្យទៅទិញថ្មពិល ដោយឲ្យលុយ៥០០០រៀល ពេលមកវិញប្រគល់លុយសល់៣០០០រៀល ឲ្យទៅឈ្មោះ ហួង សុផល វិញ ។
នៅពេលល្ងាចថ្ងៃដដែលនោះក្មេងស្រីរងគ្រោះឈ្មោះ វិទ្ធ សុវណ្ណនីសា បានប្រាប់ម្តាយរបស់នាងថា ឈ្មោះហួង សុផល ក្រោយពីប្រើឲ្យទិញថ្មពិល រួចបានមកចាប់នាងស្ទាបប្រដាប់ភេទ ហើយថានាងភ័យខ្លាចខ្លាំងណាស់ ។ ក្នុងពេលនោះដែរនាងប្អូន ឈ្មោះ រិទ្ធ សានិត ក៏បានប្រាប់ម្តាយនាងដែរថា ថ្ងៃមុនពូហ្នឹងក៏បានចាប់ស្ទាបប្រដាប់ភេទរបស់នាងដែរខណៈម្តាយនាងទៅធ្វើការបាត់អស់។
ក្រោយពីបានស្តាប់ការរៀបរាប់របស់កូនៗរួចម្តាយនាងមានការខឹងសម្បារ ក៏បានមកប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍រកយុត្តិធម៌ ហើយក្រោយពីទទួលពាក្យបណ្តឹងរួចសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅឃាត់ខ្លួនបុរសឈ្មោះ ហួង សុផល មកសាកសួរ និងបញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបន្ត ដើម្បីចាត់កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ដោយ៖ តុង សីហា