បាក់ដីនៅក្នុងប្រទេសចិនបណ្តាលឲ្យបាត់ខ្លួនមនុស្ស២៦នាក់

ចែករំលែក៖

អាជ្ញាធរនៅក្នុងតំបន់បានប្រកាសថា យ៉ាងហោចណាស់មនុស្ស២៦នាក់កំពុងនៅបាត់ខ្លួនរកមិនទាន់ឃើញ បន្ទាប់ពីហេតុការណ៍បាក់ដីស្ថិតនៅភាគពាយព្យតំបន់ Shaanxi ប្រទេសចិន ។

china

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ។ ប្រភពព័ត៌មានបានរាយការណ៍ថា ផ្ទាំងដីទំហំធំរហូតដល់១លានម៉ែត្រគូបបានបាក់ធ្លាក់មកសង្កាត់លើលំនៅឋានរបស់កម្មករដែលធ្វើការឲ្យក្រុមហ៊ុនរ៉ែមួយមានឈ្មោះ Shaanxi Wuzhou ដែលស្ថិតនៅក្នុងខេត្ត Shanyang នោះតែម្តង ។

សេចក្តីរាយការណ៍បានបន្តថា ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីទទួលបានដំណឹង ហើយបានធ្វើសកម្មភាពជួយសង្គ្រោះបានជនរងគ្រោះ១៤នាក់ ។ ប្រតិបត្តិការជួយសង្គ្រោះមានការលំបាកលំបិនដោយសារតែភ្លៀងធ្លាក់ខ្លាំង ។

ប្រទេសចិនហាក់ទទួលទុក្ខផ្ទួនៗដោយសារបញ្ហាអាកាសធាតុ និងគ្រោះធម្មជាតិ ជាពិសេសអំឡុងពេលរដូវវស្សាឆ្នាំនេះតែម្តង ។ ខ្យល់ព្យុះដែលមានកម្លាំងខ្លាំងមួយឈ្មោះ Soudelor បានវាយប្រហារនៅតំបន់ភាគខាងត្បូងប្រទេសចិនកាលពីចុងសប្តាហ៍មុននេះបង្កឲ្យមានខ្យល់ និងភ្លៀងកាន់តែខ្លាំងក្លាឡើង ។
មន្ត្រីទទួលខុសត្រូវនៅក្នុងតំបន់ Shanyang បានជូនដំណឹងពីគ្រោះថ្នាក់បាក់ដីនេះដល់ប្រជាពលរដ្ឋឲ្យបានដឹង និងប្រុងប្រយ័ត្នជាមុនផងដែរកាលពីវេលាម៉ោង១និង៤៧នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ។

ខ្ទមស្នាក់នៅបណ្តោះអាសន្ន១៥ខ្នង និងលំនៅឋានពលរដ្ឋ៣ខ្នងបានរងការសង្កត់ពីលើពីការបាក់ដីនេះ ។ ជាបឋមគេបានបញ្ជាក់ថា មនុស្សយ៉ាងតិច៤០នាក់ត្រូវផ្ទាំងដីនេះបាក់សង្កត់ពីលើទៅជាមួយលំនៅឋានរបស់ពួកគេ ។

រដ្ឋាភិបាលបានស្នើពលរដ្ឋដែលរស់នៅជុំវិញទីកន្លែងបាក់ដីនោះឲ្យភៀសខ្លួនជាបណ្តោះអាសន្ន ហើយម៉ាស៊ីនចូកដីទ្រង់ទ្រាយធំ ព្រមទាំងក្រុមជួយសង្គ្រោះត្រូវបញ្ជូនទៅកាន់ទីនោះដើម្បីធ្វើប្រតិបត្តិការជួយសង្គ្រោះ និងស្វែងរកអ្នកនៅបាត់ខ្លួន ។

បណ្តាញផ្សព្វផ្សាយព័ត៌មានទូរទស្សន៍ CCTV បានផ្សព្វផ្សាយឲ្យឃើញកម្លាំងទាហានរាប់សិបនាក់ អ្នកខ្លះមានដឹកសត្វឆ្កែផងដែរនៅទីកន្លែងកើតហេតុដើម្បីស្វែងរកអ្នកដែលរស់រានមានជីវិត ៕

china-landslide

...

ប្រែសម្រួល៖ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print