នាំខ្លួនមុខសញ្ញាវះទូកុងតឺន័រឆែកផ្ទះរកឃើញឈើគ្រញូងជិត១តោន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ឈើគ្រញូងជិត១តោនត្រូវបានរកឃើញបន្ទាប់ពីសមត្ថកិច្ចនាំខ្លួនមុខសញ្ញាវះទូកុងតឺន័រទៅរកខោអាវដែលសង្ស័យថាលាក់ទុកនៅទីនោះ។ ក្រោយប្រទះឃើញឈើគ្រញូងដែលលាក់ទុករួចមកសមត្ថកិច្ចបានធ្វើការដកហូតប្រគល់ឲ្យជំនាញចាត់ការបន្តតាមនីតិវិធី។

ការរឹបអូសឈើក្រញូងនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។មុខសញ្ញាសង្ស័យវះទូកុងតឺន័រមានឈ្មោះញឿនរ់ាន់ ភេទប្រុស អាយុ៣៣ឆ្នាំ។

ប្រភពពីសមត្ថកិច្ចមួយរូបបានបង្ហើបថា មុនពេលឈានដល់ការរឹបអូសឈើគ្រញូងនេះគឺសមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាសង្ស័យវះទូកុងតឺន័របាន១០នាក់កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ក្រោយចាប់ខ្លួនសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យម្នាក់ដែលជាឈ្មួញរកសុីឈើទៅឆែកឆែរនៅផ្ទះរបស់គេ ដើម្បីរកខោអាវដែលបាត់កន្លងមក។ ប្រភពបន្តថា នៅពេលនាំខ្លួនជនសង្ស័យខាងលើទៅដល់ផ្ទះសមត្ថកិច្ចបានប្រទះឃើញឈើក្រញូងចំនួន៤៤០ដុំ ទម្ងន់ប្រមាណ៩៤៥គីឡូក្រាម។ បន្ទាប់ពីរកឃើញឈើមិនឃើញមានខោអាវរួចមកសមត្ថកិច្ចបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើចាត់ការបន្ត។

ប្រភពពីក្រុមគ្រួសារជនសង្ស័យបានប្រាប់ថា ឈើទាំងនេះបានរក្សាទុក២ឆ្នាំមកហើយតាំងពីឈ្មួញលែងត្រូវការក៏ចេះតែទុកទៅ តែការទុកនេះត្រូវបង់លុយជាប្រចាំឲ្យអស់លោកសមត្ថកុិច្ចគ្រប់ស្ថាប័នរៀងរាល់ខែ ទើបតែពេលម្ចាស់វាមានរឿងវះទូកុងតឺន័រក៏ត្រូវសមត្ថកិច្ចចុះមកចាប់យកតែម្តង។ ប្រភពបន្តថា ពីមុនម្ចាស់វាបានបង់លុយឲ្យអស់លោកសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្តជាប់ជាប្រចាំទើបរក្សាទុកបានរហូតមកដល់សព្វថ្ងៃស្រាប់តែពេលមានរឿងវះទូកើតឡើងអស់លោកសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចធ្វើមិនដឹងមិនឮហើយមករឹបអូសឈើក្រញូងទាំងនេះប្រគល់ឲ្យមេព្រៃទៅវិញ។

មន្ត្រីរដ្ឋបាលព្រៃឈើមួយរូបបានប្រាប់ផងដែរថា រឿងឈើគ្រញូងនេះខាងមេព្រៃគ្រាន់តែសហការមកទទួលយកពីនគរបាលសេដ្ឋកិច្ចប៉ុណ្ណោះព្រោះគេជាអ្នកបង្ក្រាប ឯរឿងអ្វីផ្សេងទៀតខាងជំនាញមិនដឹងឡើយ។

ក្រោយធ្វើកំណត់ហេតុខាងជំនាញបាននាំយកឈើទាំងអស់មករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដើម្បីបំពេញនីតិវិធីច្បាប់រដ្ឋបាលព្រៃឈើ៕

cut-3 cut-1

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print